ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការស្ថាបនាសួនច្បារថ្មី១ កន្លែងនៅតាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ខណ្ឌសែន សុខ សម្រេចបាន៣៥ភាគរយហើយ

124

ភ្នំពេញ ការស្ថាបនាសួនច្បារថ្មី១កន្លែងនៅតាមបណ្តោយផ្លូវភ្នំពេញ ហាណូយ ខាងមុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ សត្វព្រៃខណ្ឌសែន សុខ ដែលមានផ្ទៃក្រឡាជិត១ម៉ឺនម៉ែត្រការ៉េ មកដល់ពេលនេះសម្រេចបាន៣៥ភាគរយហើយ ដើម្បីលើកសោភណ្ឌភាពរាជធានីភ្នំពេញឱ្យកាន់តែមានសម្រស់ស្រស់បំព្រងមួយកម្រិតថែមទៀត និងដើម្បីឱ្យប្រជាពលរដ្ឋបានដើរលំហែលកាយនិង ហាត់ប្រាណផងដែរ។

   លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងថា៖ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់លោកឃួង ស្រេង ជាអភិបាល

បានបើកការដ្ឋានស្ថាបនាសួនច្បារថ្មី១កន្លែងទៀត នៅតាមបណ្តោយមហាវិថី ភ្នំពេញហាណូយ ខាងមុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ សត្វព្រៃ ដែលមានបណ្តោយប្រវែង៥៥០ម៉ែត្រ និងទទឹង១៦ម៉ែត្រ ស្ថិតក្នុងខណ្ឌសែនសុខ ហើយបើគិតមកដល់ថ្ងៃ ០៨សីហា ២០២០នេះ ការដ្ឋានទាំងមូលសម្រេចបាន៣៥ភាគរយហើយ

   លោក បានបញ្ជាក់ឱ្យដឹងទៀតថា៖សួនច្បារថ្មីនេះ រៀបចំឡើងឱ្យមានជាទីធ្លា សម្រាប់លំហែកំសាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្តនិងម៉ូតូ ជាមួយនិងបង្គោលបំភ្លឺសួនច្បារ ពាក់ព័ន្ធនឹងការស្ថាបនាសួនច្បារថ្មីនេះ ប្រើប្រាស់ពេលមិនយូរប៉ុន្មានទេ។ប៉ុន្តែអ្វីដែលយូរនោះ គឺការស្ថាបនាបង្គន់អនាម័យសាធារណៈនៅលើសួនច្បារនេះតែម្តង។

   លោកសំ សាមុត បានបន្តថា៖ លោកឃួង ស្រេង អភិបាលភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ លើការកែលម្អសួនច្បារនានា នៅក្នុងរាជធានីភ្នំពេញ ។ជាក់ស្ដែង នៅខណ្ឌសែនសុខនេះពីមុនមិនធ្លាប់មានសួនច្បារសាធារណៈនោះទេ តែដោយ លោកឃួង ស្រេង បានពិនិត្យឃើញថា ទីតាំងខាងលើ អាចស្ថាបនាសួនច្បារសាធារណៈបាន ទើបលោកអភិបាលរាជធានី ណែនាំឱ្យមានការស្ថាបនាសួនច្បារខាងលើនេះតែម្តង។ដោយហេតុថាសួនច្បារមិនត្រឹមតែជាកន្លែងទាក់ទាញនូវភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋបានហាត់ប្រាណផងដែរព្រោះថា ការហាត់ប្រាណជាឱសថព្យាបាលជម្ងឺគ្រប់ប្រភេទដ៏សក្កិសិទ្ធ៕

 

អត្ថបទដែលជាប់ទាក់ទង