ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរស្រុកបន្ទាយស្រី ចាប់ផ្តើមតុបតែង លម្អ. ក្នុងភូមិព្រះដាក់ ដើម្បីត្រៀមទទួលភ្ញៀវ ទេសចរមកកម្សាន្តនាថ្ងៃសម្រាកខាងមុខនេះ

62

 

សៀមរាប៖ ដោយមានការចូលរួមពីក្រុម យុវជនស្ម័គ្រចិត្ត អាជ្ញាធរស្រុកបន្ទាយស្រី ខេត្តសៀមរាប បានចាប់ផ្តើមរៀបចំតុបតែង លម្អសោភណភាពនិងសម្អាតបរិស្ថានក្នុងភូមិព្រះដាក់ ដែលជាតំបន់ដ៏សំខាន់មួយដើម្បីត្រៀមចាំទទួល ភ្ញៀវទេសចរដែលនឹងមកកម្សាន្តនាពេល ឈប់សម្រាកខាងមុខ។
លោកហេង ពិសិដ្ឋ ជំនួយការលោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានឱ្យដឹងនៅព្រឹកថ្ងៃអាទិត្យ៥រោច ខែស្រាពណ៍ ឆ្នាំជូតទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២០នេះថា៖ ដើម្បីទទួល ស្វាគមន៍ភ្ញៀវទេសចរដែលនឹងមកទស្សនានៅខេត្តសៀមរាប នាឱកាសឈប់សម្រាកខាងមុខនេះដែលជាថ្ងៃសងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អាជ្ញាធរស្រុកបានណែនាំឱ្យមានការរៀបចំការតាំងលម្អនៅតាមទីតាំងសំខាន់ៗមួយចំនួន ជាពិសេស នៅក្នុងភូមិព្រះដាក់ ដែលត្រូវបានចាត់ទុកថាជាភូមិគំរូនោះ។ គឺត្រូវបានគិតគូរជាពិសេសដោយមានរៀបចំចងទង់ជ្វាលាចាប់ពីផ្លូវកែង ប្រាសាទ ប្រែរូប រហូតដល់ផ្លូវបំបែកលក់នំបញ្ចុក ។
នៅតំបន់នេះជាចំណុចសំខាន់មួយដែលភ្ញៀវ ទេសចរមកកម្សាន្ត និងឈ្វេងយល់ពីវប្បធម៌ទំនៀមទម្លាប់នៃការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់អង្គរ ហើយក៏ជាកន្លែង ដែលភ្ញៀវទេសចរធ្វើដំណើរឆ្លងកាត់ ច្រើន ។
លោកហេង ពិសិដ្ឋ បានបញ្ជាក់ថា ដោយសារតែតំបន់ភូមិព្រះដាក់នេះ មានភ្ញៀវទេស ចរធ្វើដំណើរឆ្លងកាត់ច្រើន អាជ្ញាធរស្រុកបន្ទាយស្រីបានខិតខំរៀបចំភូមិនេះឱ្យមានសោភណភាពស្អាត ទាំងបរិស្ថាន សណ្តាប់ធ្នាប់ មានការដាំផ្កាលំម្អតាមមុខផ្ទះប្រជាពលរដ្ឋ ជាពិសេសនោះអាជ្ញាធរស្រុកគ្រោងចែកជើងដាក់ធុងសំរាម់ចំនួន៧០ ដល់ប្រជាពលរដ្ឋនៅភូមិព្រះដាក់នេះ ក្នុងគោលដៅធ្វើយ៉ាងណាឱ្យតំបន់នេះស្អាត និងមានភាពទាក់ទាញភ្ញៀវទេសចរ៕ សំរិត

អត្ថបទដែលជាប់ទាក់ទង