ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​សារ​ភាសា​អង់គ្លេស ​ដែល​និយាយ​ពី​ការធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន​៦​ដង​រកឃើញ​កូ​វីដ​១៩ លើ​ពលរដ្ឋ ៥​នាក់ គឺជា​ការ​បំភ័ន្ត​ប្រឌិត​ព័ត៌មាន

58

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅ​យប់​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០២០ នេះ បាន​ចេញមក​ច្រានចោល​នូវ​សារ​ជា​ភាសា​អង់គ្លេស ដែល​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត តៗ​គ្នា​ដែល​និយាយ​ពី​ការធ្វើ​តេស្ត​វិជ្ជមាន​ជំងឺ​កូ​វីដ​១៩ ចំនួន​៦​ដង​រកឃើញ​កូ​វីដ​១៩ លើ​ពលរដ្ឋ ៥​នាក់ ហើយ​ពលរដ្ឋ​ទាំង​នោះបាន​ប៉ះពាល់​ជាមួយ អ្នកស្រុក​ប្រមាណ ២​ពាន់​នាក់​ផ្សេងទៀត ដែល​អាច​នឹង​ឆ្លង​ជំងឺ​នេះ​ដល់​សហគមន៍​។​ចំពោះ​ព័ត៌មាន​ជា​ភាសា​អង់គ្លេស ដែល​ផ្សព្វផ្សាយ​តៗ​គ្នា​ថា «Alert, from head of pasture , they caught 5 locals tested positive after 6 tests during 20 days…those 5 were in touch with another 2000 locals !! Now the authorities trying to gather those for quarantine. Looks like community spread may occur! Be careful wherever you go during next week break» នេះ​ត្រូវបាន​លោកស្រី វណ្ណឌី​ន អះអាងថា មិន​ពិត​ឡើយ និង​អំពាវនាវ​កុំ​ពលរដ្ឋ​ជឿ​លើ​ព័ត៌មាន​នេះ ហើយ​ត្រូវ​ជឿ​លើ​ព័ត៌មាន​ផ្លូវការ ដែល​ចេញ​ដោយ​ក្រសួងសុខាភិបាល​។​
​លោកជំទាវ ឱ វណ្ណឌី បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា «​សារ​ភាសា​អង់គ្លេស​នេះ គឺជា​ការ​បំភ័ន្ត​ប្រឌិត​ព័ត៌មាន ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល មិនបាន​មានប្រសាសន៍​បែប នេះឡើយ​។ នេះ​ជាការ​ផ្សព្វ ផ្សាយ​ព័ត៌មាន ដែល​គ្មាន​ប្រភព​ច្បាស់លាស់ ក្រសួងសុខាភិបាល​សុំ​ច្រោ​ន​ចោល​ទាំងស្រុង​និង​សូម​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​លើ​អ្នក​ផ្សព្វ ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​នេះ​» ។ លោកជំទាវ រដ្ឋលេខាធិការ​បានបញ្ជាក់​ថា កម្ពុជា​បច្ចុប្បន្ននេះ​មិនមាន​ស្ថានភាព​ដូច​ការលើកឡើង​ក្នុង​អត្ថបទ​ជា​ភាសា​អង់គ្លេស​នេះ​ទេ ហើយ​ក្រសួងសុខាភិបាល​កំពុង​ធ្វើ ការងារ​ប្រកបដោយ​ការយក ចិត្ត​ទុកដាក់​បំផុត និង​តែងតែ​ធ្វើ​បច្ចុប្បន្នភាព​នៃ​ជំងឺ​កូ​វីដ​១៩ ជូន​បងប្អូន​ប្រជាពលរដ្ឋ រៀង រាល់​ពេលដែល​មានការ​រកឃើញ​នូវ​ករណី​ថ្មី ឬក៏​ករណី​ជាសះស្បើយ​ជាប់​ជាប្រចាំ​។​
​លោកជំទាវ វណ្ណឌី​ន បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ សូមកុំ​ជឿ​នូវ​ការ​ប្រឌិត​ព័ត៌មាន ដែល​មិនមាន​ប្រភព​ច្បាស់ លាស់ និង​សូម​ចូលរួម​ក្នុងការ​លុបបំបាត់​នូវ​ព័ត៌មាន​ក្លែង ក្លាយ ដោយ​ក្រសួង​សូម​ឲ្យ​សមត្ថកិច្ច​ចាត់វិធានការ​ផងដែរ ចំពោះ​អ្នក​ប្រឌិត​ព័ត៌មាន​ក្លែង ក្លាយ​នេះ​។​
​សូមជម្រាបថា គិត​ត្រឹម​ថ្ងៃទី ១៣ ខែសីហា ឆ្នាំ​២០២០​នេះ កម្ពុជា​រកឃើញ​អ្នកមាន​ជំងឺ​កូ​វីដ​១៩ សរុប​២៧២​នាក់ (​ស្ត្រី ៥៣​នាក់ និង​បុរស ២១៩​នាក់​) ក្នុងនោះ អ្នក​ព្យាបាល​ជាមាន​ចំនួន​សរុប ២២៣​នាក់ (​ស្ត្រី ៤៦​នាក់ និង​បុរស ១៧៧​នាក់​) និង​អ្នក​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ និង​ឯកជន មាន​ចំនួន​សរុប ៤៩​នាក់​៕​

អត្ថបទដែលជាប់ទាក់ទង