ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យម្នាក់ ជាបុគ្គលិកក្រុមហ៊ុនលីហួរវេរលុយ ត្រូវបានឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្ត លួចដកប្រាក់ចំនួន ២៨.០០០ដុល្លារ

101


កំពត ៖ ការិយាល័យបទល្មើសព្រហ្មទណ្ឌ នៃមន្ទីរយុត្តិធម៌កងរាជអាវុធហត្ថខេត្តកំពត បានចុះឃាត់ខ្លួនជនសង្ស័យបានម្នាក់ ពាក់ព័ន្ធករណីរំលោភលើទំនុកចិត្ត ធ្វើសកម្មភាពលួចលេខកូដ ដកប្រាក់សរុបចំនួន ២៨.០០០ដុល្លារ ពីក្រុមហ៊ុនលីហួរវេរលុយ កាលពីថ្ងៃទី ២០ ខែកក្កដា ឆ្នាំ២០១៨ នៅចំណុចក្រុងកំពត ស្រុកទឹកឈូ ខេត្តកំពត។

ជនសង្ស័យមានឈ្មោះ លី ពិសិដ្ឋ ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ ជាបុគ្គលិកក្រុមហ៊ុនលីហួរវេរលុយ ប្រចាំក្រុងកំពត ស្រុកទឹកឈូ ខេត្តកំពត និង ខេត្តកែប មានទីលំនៅភូមិកំពង់បាយខាងត្បូង សង្កាត់កំពង់បាយ ក្រុងកំពត ខេត្តកំពត ត្រូវសមត្ថកិច្ចចាប់ខ្លួន នៅវេលាម៉ោង ២០ និង ៣០នាទី ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០១៨ ។ ជនរូបនេះ ដោយកន្លងមក ជនសង្ស័យឈ្មោះ លី ពិសិដ្ឋ ត្រូវបានក្រុមហ៊ុនលីហួរវេរលុយទុកចិត្ត ឱ្យដើរធ្វើតេស្តម៉ាស៊ីនវេរលុយ នៅចំណុចទីតាំងខាងលើ ហើយក្នុងពេលត្រួតពិនិត្យនោះ ភ្នាក់ងារទាំងអស់ មានសេចក្តីទុកចិត្ត ក៏បណ្តោយឱ្យឈ្មោះ លី ពិសិដ្ឋ ត្រួតពិនិត្យម៉ាស៊ីន ដោយមិនបានត្រួតពិនិត្យឡើងវិញ។ ជាឱកាសរបស់ជនសង្ស័យ លី ពិសិដ្ឋ ក៏បានធ្វើសកម្មភាពលួចលេខកូដ ចុចផ្ញើសារទៅខ្ចីលុយក្រុមហ៊ុន ពេលនោះក្រុមហ៊ុនបានវេរលុយមកតាមម៉ាស៊ីនភ្នាក់ងារទាំងនោះ មានចំនួន ១២ម៉ាស៊ីន ស្មើ ១២នាក់ ដែលឈ្មោះលី ពិសិដ្ឋ បានលួចដឹងលេខកូដ ដើម្បីដកប្រាក់សរុបចំនួន ២៨.០០០ដុល្លារ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន នៅបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង