ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្នើឲ្យរដ្ឋបាលគយជប៉ុន បន្តពង្រីកកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយរដ្ឋបាលគយ និងរដ្ឋាករកម្ពុជា

202

ភ្នំពេញ៖ លោកអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូជប៉ុន ដែលមានសមាសភាពមកពីរដ្ឋបាលគយជប៉ុន, ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) នៅកម្ពុជា, និងតំណាងស្ថានទូតជប៉ុនប្រចាំនៅកម្ពុជា ដឹកនាំដោយលោក Atsuhiko FUJISHIGE ទីប្រឹក្សារដ្ឋបាលគយ ក្រសួងហិរញ្ញវត្ថុជប៉ុន នាថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០១៨ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ជំនួបពិភាក្សាការងារ នេះ ដោយការពិភាក្សាផ្តោតសំខាន់ លើលទ្ធភាពនៃគម្រោងជំនួយផ្តល់ ប្រព័ន្ធស្វ័យប្រវត្តិកម្មគយជប៉ុន និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលគយជប៉ុន និងរដ្ឋបាលគយ និងរដ្ឋាករកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្រ្តី បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈប្រតិភូជប៉ុន ដែលអញ្ជើញមកធ្វើទស្សនកិច្ច នៅប្រទេសកម្ពុជា និងបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អជា ប្រពៃណីរវាងប្រទេសទាំងពីរ លើគ្រប់វិស័យ ទាំងក្នុងការជួយស្តារ និងកសាងអភិវឌ្ឍន៍ប្រទេសកម្ពុជា ជាពិសេស ការផ្តល់ជំនួយបច្ចេកទេស ក្នុងការអនុវត្តកម្មវិធី កំណែទម្រង់ និងទំនើបកម្ម, ការផ្តល់នាវាល្បាតចំនួនពីរគ្រឿង និងជំនួយបច្ចេកទេសនានា ផ្សេងទៀត ដល់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

លោកអគ្គបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្រ្តី ក៏បានគូសបញ្ជាក់បន្ថែម ពីទំនាក់ទំនងវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ រវាងប្រទេសទាំងពីរ មានកំណើនគួរឲ្យកត់សម្គាល់ ដែលសមិទ្ធផលផ្លែផ្កាទាំងនេះ គឺជាលទ្ធផលនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អ ដ៏យូរលង់រវាង រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរផងដែរ ។

លោក Atsuhiko FUJISHIGE បានវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារ និងកសាងអភិវឌ្ឍន៍ ប្រទេសជាតិ ដែលក្នុងនោះ ការអនុវត្តកម្មវិធីកំណែទម្រង់ និងទំនើបកម្ម របស់រដ្ឋបាលគយកម្ពុជា ទទួលបានលទ្ធផលល្អ។

គណៈប្រតិភូគយជប៉ុន ក៏បានបន្តលើកឡើង ពីលទ្ធភាពផ្តល់គម្រោងជំនួយប្រព័ន្ធស្វ័យប្រវត្តិកម្មគយជប៉ុន (Nippon Automated Cargo Clearance System/Customs Information System “NACCS/CIS”) មកផ្លាស់ជំនួសប្រព័ន្ធស្វ័យប្រវត្តិកម្មទិន្នន័យគយអាស៊ីគូដា ដែលកំពុងប្រតិបិត្តិនាពេលបច្ចុប្បន្ន ។

លោកអគ្គបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្រ្តី បានថ្លែងអំណរគុណភាគីជប៉ុន ចំពោះលទ្ធភាព ក្នុងគម្រោងផ្តល់ជំនួយ ប្រព័ន្ធ NACCS/CIS មកផ្លាស់ជំនួសប្រព័ន្ធស្វ័យប្រវត្តិកម្ម គយអាស៊ីគូដា ដែលកំពុងប្រើប្រាស់ ដោយរដ្ឋបាលគយកម្ពុជា និងធុរជនពាក់ព័ន្ធការនាំចេញ-នាំចូលនៅកម្ពុជា អស់រយៈពេល១០ឆ្នាំមកហើយ ។

ក្នុងបរិបទនេះ, ការផ្លាស់ប្តូរប្រព័ន្ធថ្មី គឺជារបត់មួយដ៏សំខាន់ ដែលតម្រូវឲ្យមានការពិនិត្យសិក្សា និងវាយតម្លៃឲ្យបានម៉ត់ចត់ ច្បាស់លាស់ គ្រប់ជ្រុងជ្រោយ លើគ្រប់ទិដ្ឋភាព រួមទាំងបទដ្ឋានគតិយុត្ត ពាក់ព័ន្ធផងដែរ។

លោកអគ្គបណ្ឌិតសភាចារ្យ ទេសរដ្ឋមន្រ្តី ក៏បានស្នើឲ្យរដ្ឋបាលគយជប៉ុន បន្តពង្រីកកិច្ចសហប្រតិបត្តិការ ឲ្យកាន់តែជិតស្និទ្ធបន្ថែមទៀត ជាមួយរដ្ឋបាលគយ និងរដ្ឋាករកម្ពុជាសិក្សា លើគម្រោងសំណើនេះ ក៏ដូចជា ដើម្បីពង្រឹងប្រសិទ្ធភាពប្រតិបត្តិ រវាងរដ្ឋបាលគយនៃប្រទេសទាំងពីរផងដែរ៕

អត្ថបទដែលជាប់ទាក់ទង