ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង កំណត់ឲ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បញ្ចប់ការពិភាក្សាប្រាក់ឈ្នួល ត្រឹមថ្ងៃ៩-១០ ខែកញ្ញា មុនបុណ្យភ្ជុំបិណ្ឌ

139
(ភ្នំពេញ)៖ ក្នុងកិច្ចប្រជុំស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជេីង សម្រាប់ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវ: និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា បានកំណត់ឲ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមគ្នាបញ្ចប់កិច្ចពិភាក្សាប្រាក់ឈ្នួលត្រឹមថ្ងៃទី៩-១០ ខែកញ្ញា មុនបុណ្យភ្ជុំបិណ្ឌ ខាងមុខ។
ការជំរុញនេះធ្វេីឡេីងក្នុងកិច្ចប្រជុំរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា (ក.ជ.ប.អ.) អាណត្តិទី១ ឆ្នាំទី២ ស្ដីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជេីង សម្រាប់ឆ្នាំ២០២១ នាព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
នាឱកាសនោះ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានមានប្រសាសន៍ថា ការពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមានៅប្រទេសកម្ពុជា ត្រូវបានចាប់ផ្តើមអនុវត្តលើកដំបូងក្នុងឆ្នាំ២០០០ ហើយត្រូវបានធ្វើការកែលម្អជាបន្តបន្ទាប់តាមរយៈយន្តការត្រីភាគី។
ជាក់ស្តែង រាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមាក្នុងឆ្នាំ២០១៦ និងទទួលបានការអនុម័ត និងប្រកាសឱ្យប្រើកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៨ ដោយបានបញ្ចូលនូវគោលការណ៍ទាំង៥, លក្ខណវិនិច្ឆ័យផ្នែកសង្គម (ស្ថានភាពគ្រួសារ អត្រាអតិផរណា និងចំណាយក្នុងការរស់នៅ) និងលក្ខណវិនិច្ឆ័យផ្នែកសេដ្ឋកិច្ច (ផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ) ព្រមទាំងកាលវិភាគនៃការចរចាប្រាក់ឈ្នួលអប្បបរមា ដែលជាលទ្ធផលនៃសិក្ខាសាលាត្រីភាគីថ្នាក់ជាតិកាលពីថ្ងៃទី២៤-២៥ ខែមេសា ឆ្នាំ២០១៤។
អគ្គលេខាធិដ្ឋាននៃ ក.ជ.ប.អ. ក៏ត្រូវរៀបចំដាក់ឱ្យដំណើរការដោយអនុក្រឹត្យលេខ២៨ អនក្រ.បក ចុះថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ ផងដែរ។ តាមរយៈការអនុវត្តតាមយន្តការនេះ ការចរចាប្រាក់ឈ្នួលអប្បបរមាត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ដោយដំណើរការទៅយ៉ាងរលូននឹងដែលអាចទទួលយកបានដោយគ្រប់ភាគី ដើម្បីជៀសបាននូវការតវ៉ាតាមផ្លូវសាធារណៈ នេះគឺជាការបង្ហាញឱ្យឃើញនូវភាពចាស់ទុំ និងយន្តការកាន់តែរឹងម៉ាំក្នុងការកំណត់ប្រាក់ឈ្នួលអប្បបរមានៅប្រទេសកម្ពុជា។
ជាក់ស្តែងកាលពីថ្ងៃទី២៩ ខែសីហា ដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៩ ក.ជ.ប.អ បានរៀបចំកិច្ចប្រជុំអាណត្តិទី១ លើកទី១ ដោយពិភាក្សាលម្អិតអំពី បម្រែបម្រួលលក្ខណវិនិច្ឆ័យទាំង ៧ ចំនួន ២០លើក ដើម្បីធ្វើការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២០។
ជាលទ្ធផល ប្រាក់ឈ្នួលអប្បបរមានៅក្នុងវិស័យ នេះ ត្រូវបានកែសម្រួលពី ១៨២ ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់ឆ្នាំ២០១៩ រហូតដល់ ១៩០ ដុល្លារអាមេរិកក្នុង មួយខែសម្រាប់ឆ្នាំ២០២០នេះ ស្មើនឹង ៤.៤%។ ប្រសិនបើបូកនឹងប្រាក់អត្ថប្រយោជន៍បន្ថែម កម្មករនិយោជិតម្នាក់អាចទទួលបានប្រាក់ឈ្នួល ចន្លោះពី ២០៧ ទៅ ២១៨ ដុល្លារអាមេរិកក្នុងមួយខែនៅក្នុងឆ្នាំ២០២០។
ឯកឧត្តមបណ្ឌិត រដ្ឋមន្ត្រីបានបន្តថា សម្រាប់ឆ្នាំ២០២០ ដំណេីរការពិភាក្សាប្រាក់ឈ្នួលអប្បបរមា ប្រព្រឹត្តទៅតាមកាលបរិច្ឆេទធម្មតា ប៉ុន្តែដោយសារនៅខែមីនា ឆ្នាំ២០២០ មានការផ្ទុះឡើងនូវជំងឺកូវីដ១៩ ក្នុងសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកដែលជាទីផ្សារនាំចេញផលិតផលចម្បងរបស់ប្រទេសកម្ពុជា ហើយប្រទេសទាំងនោះបានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ដែលជាហេតុធ្វើឱ្យការនាំចេញផលិតផលកាត់ដេរ និងស្បែកជើងរបស់ប្រទេសកម្ពុជាមានការធ្លាក់ចុះ។
យ៉ាងណាក៏ដោយ ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង បានកំណត់ឲ្យក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា រួមគ្នាបញ្ចប់កិច្ចពិភាក្សាប្រាក់ឈ្នួលមុនបុណ្យភ្ជុំបិណ្ឌ ខាងមុខ ដេីម្បីឲ្យកម្មករនិយោជិត ក៏ដូចជាភាគីដែលមានសមាសភាពក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មានភាពស្ងប់ចិត្តក្នុងការឈប់សម្រាកនាឱកាសខាងមុខនោះ។
អង្គប្រជុំបានឯកភាពគ្នាកំណត់យកថ្ងៃទី៩-១០ ខែកញ្ញា ជាពេលវេលាប្រជុំបញ្ចប់ចុងក្រោយសម្រាប់កិច្ចពិភាក្សាប្រាក់ឈ្នួលអប្បបរមា សម្រាប់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជេីង ។
សូមជម្រាបថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងរៀងរាល់ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៩៧ ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតមានចំនួនតែ ៤០ ដុល្លារអាមេរិកប៉ុណ្ណោះក្នុងមួយខែ រហូតដល់ឆ្នាំ២០២០នេះ ប្រាក់ឈ្នួលអប្បបរមាកម្មករនិយោជិតនៅកម្ពុជាមានចំនួន ១៩០ ដុល្លារអាមេរិកក្នុងមួយខែ៕
អត្ថបទដែលជាប់ទាក់ទង