ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

“​ការនាំចេញ​អង្ករ​របស់​កម្ពុជា ក្នុង​រយៈពេល ៨​ខែ នៃ​ឆ្នាំ​២០២០ មាន​បរិមាណ​សរុប​ចំនួន ៤៤៨.២០៣ តោន និង​ទទួលបាន​ចំណូល ជិត ៣០០​លាន​ដុល្លារ​សហរដ្ឋអាមេរិក​”

29

 

​ភ្នំពេញ​៖ ក្នុង​រយៈពេល​៨​ខែ នៃ​ឆ្នាំ​២០២០ កម្ពុជា​បានសម្រេច​ការនាំចេញ​អង្ករ​គ្រប់​ប្រភេទ​ចំនួន ៤៤៨.២០៣​តោន ដែលមាន​កំណើន​ជាង​៣១% បើ​ប្រៀបធៀប​ទៅ​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៩ និង​គិត​ជា​ទឹកប្រាក់ មាន​ចំនួន​សរុប ២៩៩.៩០ លាន​ដុល្លារ​សហរដ្ឋអាមេរិក​។ នេះ​បើតាម​ការចេញផ្សាយ​ព័ត៌មាន​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា Cambodia Rice Federation – CRF នៅ​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០២០​។​

​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​បន្ថែមទៀតថា ក្នុង​រយៈពេល​៨​ខែ​នេះ កម្ពុជា​បាន​នាំចេញ​ទៅកាន់​ប្រទេស​ចិន​បាន​ចំនួន ១៥៩.២៥៣​តោន សហគមន៍​អឺរ៉ុប​បាន​ចំនួន ១៤៩.៨៤៨ តោន បណ្តា​ប្រទេស​សមាជិក​អាស៊ាន​បាន​ចំនួន ៦០ ៩៣៣​តោន ហើយ​និង​បណ្តា​ប្រទេស​ផ្សេងៗ​ចំនួន ២៦ គោលដៅ រួមមាន ហ្កា​ប៊ុង អូស្ត្រាលី ជាដើម មាន​ចំនួន ៧៨.១៦៩ តោន​។​
​បរិមាណ​នាំចេញ​ប្រភេទ​អង្ករ​គ្រាប់​វែង​(Indica rice) នេះ​បានធ្វើ​ឲ្យ​កម្ពុ​ជាមាន​ចំណែក នៅក្នុង​ទីផ្សារ​សហគមន៍ អឺរ៉ុប​លំដាប់​លេខ​ពីរ បន្ទាប់ពី​ប្រទេស​ថៃ ដោយ​កាន់កាប់​ចំណែក​ទីផ្សារ ២៤,៤% ខណៈ​ប្រទេស​ថៃ​កាន់​ចំណែក ២៩,៦% ហើយ​ប្រទេស​កម្ពុជា​ក៏​ឈរជើង​លំដាប់​ទី​៥ បន្ទាប់ពី​វៀតណាម មី​យ៉ាន់​ម៉ា ប៉ា​ហ្គី​ស្ថាន និង​ប្រទេស​ថៃ ដោយ​កម្ពុ​ជាមាន​ចំណែក​ទីផ្សារ ប្រមាណ​ជិត​១១% នៃ​ទីផ្សារ​អង្ករ​នាំចូល​ទៅកាន់​ប្រទេស​ចិន លើ​ប្រភេទ​អង្ករ​គ្រាប់​វែង​(Indica-Long grain) បើទោះជា​អង្ករ​កម្ពុជា ទើប​ឈានចូល​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន នៅក្នុង​ឆ្នាំ​២០១១​ក៏ដោយ តែ​បានទទួល​នូវ​កំណើន​យ៉ាង​ឆាប់រហ័ស ជាពិសេស​ប្រភេទ​អង្ករ​ក្រអូប​បាន​កើន​ជាង​៨០% នៅ​ឆ្នាំ​២០១៩ ដែល​កាលពី​ឆ្នាំ​២០១៥ មាន​ត្រឹមតែ ៤៥,៣% តែប៉ុណ្ណោះ ។​
​ទីផ្សារ​អង្ករ​កម្ពុជា ទៅកាន់​ប្រទេស​អូស្ត្រាលី​កំពុងមាន​សន្ទុះ​យ៉ាងខ្លាំង​ផងដែរ ក្នុង​រយៈពេល​៨​ខែ នៅក្នុង​២​ឆ្នាំ​ចុង​ក្រោយនេះ ដែល​កើនឡើង​ចំនួន ៩៤៦,២៧% ពោលគឺ ពី ១.៩៩៩ តោន ក្នុង​ឆ្នាំ​២០១៨ ទៅដល់ ២០.៩១៥ តោន ក្នុង​ឆ្នាំ​២០២០​។​
​ប៉ុន្តែ​សម្រាប់​ខែសីហា​ឆ្នាំ ២០២០ នេះ ការនាំចេញ​បាន​ធ្លាក់ចុះ​ប្រមាណ​ជាង ៣៤% បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា ទៅ​ឆ្នាំ​២០១៩​។ ការធ្លាក់ចុះ ដែលជា​ពិសេស​ទៅលើ​អង្ករ ប្រភេទ​ស្រូវ​សែន​ក្រអូប បាន​ធ្លាក់ចុះ​៨៥,៧៨% ដែល​កាលពី​ខែសីហា​ឆ្នាំ​២០១៩ ការនាំចេញ​បាន​រហូត​ទៅដល់ ១៦.៣៨៦ តោន តែ​ក្នុង​ខែសីហា ឆ្នាំ​២០២០​នេះ​បានត្រឹមតែ ២.៣៣៨ តោន​ប៉ុណ្ណោះ​។
​ការធ្លាក់ចុះ​នៃ​ការនាំចេញ​អង្ករ​ប្រភេទ​ស្រូវប្រាំង ជាពិសេស​ស្រូវ​សែន ក្រអូប​នេះ ដោយសារ​កត្តា​ចម្បង​ចំនួន​២ រួមមាន​៖ ១.) កត្តា​បម្រែបម្រួល​អាកាសធាតុ បានធ្វើឱ្យ​ស្រូវប្រាំង​ដែល​បាន​ដាំ​ដុះ​ក្នុង​ខែឧសភា ហើយ​ត្រូវ​ប្រមូល​ផល នៅ​ចុងខែ​កក្កដា និង​សីហា បាន​ខូចខាត​មួយចំនួនធំ ហើយ​ដោយសារ​គ្រោះរាំងស្ងួត (​កូន​រដូវប្រាំង​ក្នុង​រដូវវស្សា នៅក្នុង​ខែមិថុនា និង​សីហា​) បាន​ជំរុញ​ឱ្យ​កសិករ​ដាំ​ដុះ​ឡើងវិញ ជាពិសេស​វាលស្រែ​ដែល​នៅ​ឆ្ងាយ​ពី​ប្រភពទឹក ហើយ​ចំពោះ​ស្រូវ​ដែល​ត្រូវ​ប្រមូល​ផល ក្នុង​បរិមាណ​មានកំណត់ បាន​ជំរុញ​តម្លៃ​ស្រូវ​ឱ្យ​កើនឡើង​ប្រមាណ​ជា​២០%​ផងដែរ បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ទៅ​ឆ្នាំ ២០១៩​។ ២.) ការឈប់​សម្រាក​សង​ពេល​ចូលឆ្នាំ​ខ្មែរ ដែល​លើក​ពី​ខែមេសា មក​ខែសីហា​នេះ បានធ្វើ​ឲ្យ​ការងាររដ្ឋបាល និង​សេវា​មួយចំនួន មានការ​យឺតយ៉ាវ​ផងដែរ ជាពិសេស​ក្នុង​សប្តាហ៍​ទី​៣ នៃ​ខែសីហា​នេះ​តែម្តង​។
​ការនាំចេញ​បានចាប់ផ្តើម​ប្រសើរ​ឡើងវិញ​នៅ​សប្តាហ៍​ទី​៤ នៃ​ខែសីហា ហើយ​រំពឹងថា ការនាំចេញ​នឹង​បាន​ល្បឿន​ល្អ​ចាប់ពី​ខែកញ្ញា​តទៅ​៕​

អត្ថបទដែលជាប់ទាក់ទង