ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហាសន្និបាត​អន្តរ​សភា​អាស៊ាន​លើក​ទី​៤១​ប្រារព្ធ​ធ្វើតាម​ប្រព័ន្ធ​វីដេអូ​បាន​បិទ​បញ្ចប់​ដោយ​ជោគជ័យ​

48

​ភ្នំពេញ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ គណៈប្រតិភូ​ជាន់ខ្ពស់​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចូលរួម​កិច្ចប្រជុំពេញអង្គ​លើក​ទី​២ និង​ពិធី​បិទ មហាសន្និបាត​អន្តរ​សភា​អាស៊ាន (AIPA) លើក​ទី​៤១ នៅ​ព្រឹក​ថ្ងៃទី​១០ ខែកញ្ញា ឆ្នាំ​២០២០ តាម​ប្រព័ន្ធ​វីដេអូ​។​

​ចាប់ពី​ថ្ងៃទី​៨​ដល់​ថ្ងៃទី​១០​កញ្ញា មហាសន្និបាត​អាយ​ប៉ា​បានរៀបចំ​កិច្ចប្រជុំពេញអង្គ​ចំនួន​ពីរលើក និង​កិច្ចប្រជុំ​របស់​គណៈកម្មាធិកា​រ​ជំនាញ​របស់ខ្លួន រួមមាន​គណៈកម្មាធិកា​រ​សមាជិកសភា​ស្ត្រី គណៈកម្មាធិការ​នយោបាយ គណៈកម្មាធិការ​សេដ្ឋកិច្ច គណៈកម្មាធិការ​សង្គម​កិច្ច គណៈកម្មាធិការ​រៀបចំ និង​កិច្ចប្រជុំ​មិន​ផ្លូវការ​របស់​សមាជិកសភា​វ័យក្មេង​អាយ​ប៉ា​។​

​សេចក្តីព្រាង​សេចក្តីសម្រេច​សំខាន់ៗ​មួយចំនួន​ត្រូវបាន​ពិភាក្សា និង​អនុម័ត ដូចជា​៖
(១)​តួនាទី​របស់​សមាជិក​សភា​ជា​ស្ត្រី​ក្នុង​ការធានា​ការងារ និង​ប្រាក់ចំណូល​ដល់ក​ម្មករ និយោជិត​ជា​ស្ត្រី
(២)​ការចូលរួម​របស់​ស​មា​ជិ​ក​សភា​វ័យក្មេង​អាយ​ប៉ា​ក្នុង ការកសាង​សហគមន៍​អាស៊ាន​

(៣)​តួនាទី​សភា​ក្នុង​ការជំរុញ​ភាពស្អិតល្មួត និង​ការ​ងើបឡើង​វិញ នៃ​សេដ្ឋកិច្ច​អាស៊ាន​នៅក្នុង​ដំណាក់កាល​ក្រោយ​កូ​វីដ​-១៩ ជាដើម​។ ក្នុងនោះ​មហាសន្និបាត បានសម្រេច​ឯកភាព ប្រទេស​ម៉ា​រ៉ុ​ក​និង ប្រទេស​ន័​រវេ​ស ចូល​ជា​ប្រទេស​សង្កេតការណ៍​របស់​អា​យ​ប៉ា​។​
​មហាសន្និបាត​លើក​ទី​៤១ ឈរលើ​ស្មារតី​ចែករំលែក កិច្ច​សហ​ប្រ​ត្តិ​ប​ត្តិ​ការមិនអាច​ខ្វះ​បាន​រវាង​អាយ​ប៉ា និង​អាស៊ាន​ដោយ​ធ្វើយ៉ាងណា​ឱ្យ​ចក្ខុវិស័យ​របស់​អាស៊ាន​ឆ្នាំ​២០២៥ សម្រេច​ទៅបាន​ដោយ​ជោគជ័យ​។ មហាសន្និបាត​លើក​ទី​៤២ នឹង​ប្រព្រឹត្តទៅ​នៅ​ប្រទេស​ប្រ៊ុយណេ​នា​ឆ្នាំ​២០២១​ខាងមុខនេះ​។

​មុន​ពិធី​បិទ​បញ្ចប់​មហាសន្និបាត​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា និង​ថ្នាក់ដឹកនាំ​ប្រតិភូ​ប្រទេស​ជា​សមាជិក​ទាំងអស់​បាន​ចុះហត្ថលេខា​លើ​របាយការណ៍​រួម (Joint Communiqué) ស្តីពី​លទ្ធផល​មហាសន្និបាត​លើក​ទី​៤១ ដោយ​ភាពស្និទ្ធស្នាល​ជាទីបំផុត តាម​ប្រព័ន្ធ​វីដេអូ​៕​ដោយ​៖​កូ​ឡាប​

អត្ថបទដែលជាប់ទាក់ទង