ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការបើក​ច្រកព្រំដែន​ត្រង់ចំណុច​ព្រៃ​វ​ល្លិ៍ ស្វាយរៀង នឹង​បើកឱកាស​យ៉ាង​ទូលំទូលាយ​ដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​រវាង​ប្រទេស​កម្ពុជា​-​វៀតណាម

121

ស្វាយរៀង​៖ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​៖ ការបើក​ច្រកព្រំដែន​ត្រង់ចំណុច​ព្រៃ​វ​ល្លិ៍ ស្វាយរៀង នឹង​បើកឱកាស​យ៉ាង​ទូលំទូលាយ​ដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​រវាង​ប្រទេស​កម្ពុជា​-​វៀតណាម កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍ បង្កើន​ការវិនិយោគ ជំរុញ​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ និង​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ដែល​កត្តា​ទាំងនេះ​ជា​កម្លាំងចលករ​យ៉ាងសំខាន់ មិនអាច​ខ្វះ​បាន​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចសង្គម​របស់​ប្រជាជាតិ​។

ថ្ងៃ​ព្រហស្បតិ៍ ទី​១០ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន បាន​ដឹកនាំ​ក្រុមការងារ​ចំពោះ​កិច្ច​ចុះ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការរៀបចំ​ច្រកទ្វារព្រំដែន​អន្តរជាតិ ព្រៃ​វ​ល្លិ៍ និង​ពិនិត្យ​ពិភាក្សា​អំពី​បញ្ហា​ប្រឈម​និង​ដំណោះស្រាយ​ជាមួយ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​កម្ពុជា​-​វៀតណាម ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រសួង ឯកឧត្ដម​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ស្វាយរៀង ប្រធាន​មន្ទីរ មន្ត្រី​ជំនាញ ក្រុមហ៊ុន​ឯកជន​ផងដែរ​។​
​បេសកកម្ម​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​ពិនិត្យ​វឌ្ឍនភាព​ការរៀបចំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ និង​ពិនិត្យ​ពិភាក្សា​លើ​បញ្ហា​ប្រឈម និង​ដំណោះស្រាយ​ទាក់ទង​នឹង​ការកកស្ទះ​ចរាចរណ៍​ដោយសារ​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ព្រំដែន​នៅ​ច្រកទ្វារព្រំដែន​អន្តរជាតិ​កម្ពុជា​-​វៀតណាម ជាមួយ​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​ស្វែង​រិះរក​នីតិវិធី​អនុញ្ញាតឱ្យ​រថយន្ត​ដឹកទំនិញ​ធ្វើ​ចរាចរណ៍​តាម​ច្រកទ្វារ​ព្រៃ​វ​ល្លិ៍​ជា​បណ្ដោះអាសន្ន ដើម្បី​ដោះស្រាយ​បញ្ហា​កកស្ទះ​ចរាចរណ៍​នៅ​ច្រកទ្វារព្រំដែន​បាវិត​-​ម៉ុក​បៃ ជាមួយ​ភាគី​វៀតណាម​។​
​ថ្លែង​ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​ក្នុង​ដំណើរ​ចុះ​ពិនិត្យ​វឌ្ឍនភាព​ការរៀបចំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​នេះ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី​បាន​គូសបញ្ជាក់ថា ការជួបជុំ​នៅថ្ងៃនេះ​អាច​ប្រព្រឹត្តទៅបាន ដោយសារ​ស្រុក​យើង​មាន​សុខសន្តិភាព និង​ស្ថិរភាព​នយោបាយ​ពេញលេញ ដូចនេះ​យើងទាំងអស់គ្នា​សូម​អរគុណ​សន្ដិភាព អរគុណ​នយោបាយ ឈ្នះ​ឈ្នះ និង​អរគុណ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​នាំមក​នូវ​សុខសន្តិភាព និង​ការរស់រានមានជីវិត​របស់​ប្រជាជាតិ​ខ្មែរ​ទាំងមូល ការអភិវឌ្ឍ និង​ការរីកចម្រើន​លើ​គ្រប់​វិស័យ​ឥតឈប់ឈរ​រហូតមក​ដល់ពេលនេះ​។​
​ឯកឧត្ដម​ទេសរដ្ឋមន្ត្រី ក៏បាន​លើកឡើង​ផងដែរ​អំពី​គម្រោង​សាងសង់ ពង្រីក និង​លើកកម្ពស់​កម្រិត​គុណភាព​ផ្លូវជាតិ​សំខាន់ៗ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា និង​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​រួមមាន​៖ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​បាវិត ផ្លូវដែក​ត​ភ្ជាប់​កម្ពុជា វៀតណាម (​ហូជីមិញ​) ស្ពាន​ស្ទឹងត្រង់ ស្ពាន​ខេត្តក្រចេះ កំពង់ផែ​ពហុ​បំណង​ខេត្ត​ព្រះសីហនុ និង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ ដើម្បី​ជំរុញ​និង​លើកកម្ពស់​វិស័យ​ភស្តុភារ​កម្ម​កម្ពុជា​ឱ្យទៅជា​មជ្ឈមណ្ឌល​ភស្តុភា​រកម្ម និង​ជាឃ្លាំង​ស្តុក​ទំនិញ​របស់​ប្រទេសជិតខាង ដោយហេតុថា​កម្ពុជា​ស្ថិតក្នុង​ភូមិសាស្ត្រ​ដ៏​មាន​អំណោយផល​មួយ​ក្នុង​តំបន់ និង​ជា​ច្រក​ដឹកជញ្ជូន​ទំនិញ​ពី​វៀតណាម​-​កម្ពុជា​-​ថៃ​។​
​លើសពីនេះ​ទៀត ឯកឧត្ដម​ទេសរដ្ឋមន្ត្រី បាន​បន្តថា ការចុះពិនិត្យ​វឌ្ឍនភាព​ការរៀបចំ​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ នេះ​គឺ​ដើម្បី​រិះរក​នីតិវិធី​បើក​ច្រក​ព្រៃ​វ​ល្លិ៍​ជា​បណ្តោះអាសន្ន ដើម្បី​សម្រួល​ដល់​ការដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​ច្រកព្រំដែន កម្ពុជា​-​វៀតណាម និង​កាត់បន្ថយ​ការកកស្ទះ​ចរាចរណ៍​នៅ​ច្រកទ្វារព្រំដែន​បាវិត​-​ម៉ុក​បៃ ដែល​បច្ចុប្បន្នកំពុង​ធ្វើឱ្យ​រាំងស្ទះ​ខ្សែសង្វាក់​ដឹកជញ្ជូន​ទំនិញ ខាតបង់​ពេលវេលា និង​ថវិកា​របស់​ប្រតិបត្តិ​ករ​។​
​គួរ​កត់សម្គាល់ថា​៖ ការបើក​ច្រកព្រំដែន​ត្រង់ចំណុច​ព្រៃ​វ​ល្លិ៍​នេះ នឹង​បើកឱកាស​យ៉ាង​ទូលំទូលាយ​ដល់​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​រវាង​ប្រទេស​ទាំងពីរ បង្កើន​ការវិនិយោគ ការធ្វើ​ពាណិជ្ជកម្ម​ឆ្លងកាត់​ព្រំដែន បង្កើត​ការងារ​ធ្វើ​ជូន​ប្រជាពលរដ្ឋ និង​ការទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ដែល​កត្តា​ទាំងនេះ​ជា​កម្លាំងចលករ​យ៉ាងសំខាន់ មិនអាច​ខ្វះ​បាន​ក្នុងការ​លើកកម្ពស់​សេដ្ឋកិច្ច​គ្រួសារ និង​សេដ្ឋកិច្ចសង្គម​របស់​ប្រជាជាតិ​ទាំងពីរ​ផងដែរ​៕​

អត្ថបទដែលជាប់ទាក់ទង