ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចិន និងរុស្ស៊ីអះអាងថា ប្រទេសទាំងពីរជាកម្លាំងចលករដ៏សំខាន់ ក្នុងការរក្សាស្ថិរភាពជូនពិភពលោក

97

នៅក្នុងសន្និសីទសារព័ត៌មានរួមគ្នា បន្ទាប់ពីបញ្ចប់ជំនួបជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក ស៊ីហ្គៃ ឡាវរ៉ូវ (Sergey Lavrov) លោក Wang Yi បានលើកឡើងយ៉ាងដូច្នេះថា ភាពជាដៃគូយុទ្ធសាស្ត្ររវាងភាគីទាំងពីរនៅក្នុងយុគសម័យថ្មីនេះ ពិតជាបានឆ្លុះបញ្ចះពីភាពរឹងមាំក្នុងការប្រឆាំង នឹងជំងឺរាតត្បាតជាសកល COVID-19 ដែលបានផ្លាស់ប្តូរពិភពលោកក្នុងកម្រិតមួយ ដែលមិនធ្លាប់មានក្នុងរយៈពេលមួយសតវត្សរ៍កន្លងមកនេះ។

បន្ថែមពីខាងលើនេះទៀត ប្រមុខរដ្ឋនៃប្រទេសទាំងពីរនៅតែរក្សាការប្រាស្រ័យទាក់ទងជាយុទ្ធសាស្ត្រ ដោយជាក់ស្តែងនៅក្នុងឆ្នាំ២០២០នេះ លោកប្រធានាធិបតីចិន ស៊ី ជីនពីង (Xi Jinping) និង លោកប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀ ពូទីន (Vladimir Putin) បានសន្ទនាគ្នាតាមទូរស័ព្ទ ០៤លើក និងបានផ្លាស់ប្តូរលិខិតជាច្រើនដង ដែលបានបើកផ្លូវក្នុងការបង្កើតដៃគូយុទ្ធសាស្ត្រ ដើម្បីជំរុញការរីកចម្រើនទៅមុខ។ នៅដើមខែកញ្ញានេះ មេដឹកនាំទាំងពីរក៏បានដោះដូរសារទៅវិញទៅមក ដើម្បីអបអរសាទរខួបលើកទី ៧៥ នៃការទទួលបានជ័យជម្នះក្នុងសង្គ្រាមលោកលើកទី ២និងបង្ហាញភាពម៉ឺងម៉ាត់ក្នុងការការពារនូវសមិទ្ធផលក្រោយសង្គ្រាមលោកលើកទី ២ ក៏ដូចជាយុត្តិធម៌អន្តរជាតិផងដែរ។

ប្រទេសទាំងពីរបានសហការគ្នាក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃជំងឺ COVID-19ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា។ លោក Wang បានគូសបញ្ជាក់ថា ប្រទេសរុស្សីគឺជាប្រទេសទី ១ ដែលបានបញ្ជូនអ្នកជំនាញវេជ្ជសាស្ត្រទៅកាន់ប្រទេសចិន ហើយប្រទេសចិនក៏បានបន្តគាំទ្រ និងការផ្គត់ផ្គង់នូវសម្ភារៈប្រឆាំងនឹងជំងឺរាតត្បាតផងដែរ។ លើសពីនេះ ប្រទេសទាំងពីរក៏បានបង្កើតជាកំពែងដ៏រឹងមាំ ដើម្បីប្រឆាំងនឹង «វីរុសនយោបាយ» ដែលបង្កការគំរាមកំហែងខ្លាំងជាងជំងឺរាតត្បាតសកល COVID-19 ទៅទៀត។

នៅចំណុចខ្ពស់បំផុតនៃការរីករាលដាលនៃជំងឺ COVID-19 ជើងហោះហើរ និងទំនិញឆ្លងកាត់ព្រំដែនរវាងប្រទេសទាំងពីរនៅតែបន្ត។ គម្រោងក្រោមកិច្ច សហប្រតិបត្តិការរវាងភាគីទាំងពីរ បានឈានដល់ប្រហែលជា ៩០% វិញហើយ និងកំពុងពិភាក្សាអំពីវិធានការបន្ថែមទៀត ដើម្បីសម្រួលដល់ចរាចរណ៍មនុស្ស និងលំហូរទំនិញផងដែរ។

គួរបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងរយៈពេល ០៨ខែដំបូងនៅក្នុងឆ្នាំ២០២០នេះ មានកម្រិតប្រហាក់ប្រហែលនឹងឆ្នាំមុនវិញហើយ។ ទំនាក់ទំនងរវាងចិន-រុស្ស៊ី នឹងបន្តជំរុញបន្ថែមទៀតនូវទំនុកចិត្តលើចក្ខុវិស័យ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង៕

អត្ថបទដែលជាប់ទាក់ទង