ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខណ្ឌចំការមន និងអភិបាលខណ្ឌបឹងកេងកង នាំមន្រ្តីកាន់បិណ្ឌវេនទី១៣ នៅវត្តលង្កា

178

ភ្នំពេញ ៖ ក្នុងឱកាសវេនកាន់បិណ្ឌទី១៣នេះកាលពីល្ងាចថ្ងៃទី១៤ ខែកញ្ញា និងព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ព្រមទាំងក្រុមគ្រួសារ ដោយអមដំណើរដោយមន្ត្រីរាជការសាលាខណ្ឌទាំង២ ប្រធានផ្សារ និងសាលាសង្កាត់ ទាំង១២សង្កាត់ ក្នុងមូលដ្ឋានខណ្ឌចំការមន និងខណ្ឌបឹងកេងកងនព្រមទាំងពុទ្ធបរិស័ទជាច្រើនរូបទៀត បានអញ្ជើញបូជាទៀន​ ធូប​ ផ្កាភ្ញី​ ថ្វាយព្រះរតនត្រ័យ និងនាំយកនូវគ្រឿងឧបភោគ-បរិភោគ ចង្ហាន់បិណ្ឌបាត្រ​ និងបច្ច័យ​ទៅកាន់បិណ្ឌវេនទី១៣ នៅវត្តលង្កាដែលស្ថិតនៅសង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ពិធីបុណ្យកាន់បិណ្ឌវេនទី១៣នេះ គឺធ្វើឡើងនៅល្ងាចថ្ថ្ងៃទី​១៤ខែកញ្ញា និងព្រឹកថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២០នេះ​ នៅវត្តលង្កាស្របពេលដែលប្រជាជនដែលជាពុទ្ធសាសនិកជនទូទាំងខណ្ឌចំការមន និងខណ្ឌបឹងកេងកងរាជធានីភ្នំពេញ ដែលកំពុងចូលរួមសប្បាយ រីករាយប្រកបដោយទឹកចិត្តសទ្ធាជ្រះថ្លា ក្នុងការនាំយកនូវទេយ្យទាន និងគ្រឿងឧបភោគ-បរិភោគ ទៅវេរប្រគេន​ព្រះសង្ឃនៅគ្រប់ទីអារាមទូទាំងខណ្ឌចំការមននិងខណ្ឌបឹងកេងកងដើម្បីឧទ្ទិសកុសលផលបុណ្យដល់ដួងវិញ្ញាណក្ខន្ធជីដូនជីតា បុព្វការីជន​ ញាតិការទាំង៧សន្តាន​ ដែលបានចែកឋានទៅកាន់បរលោក។

ជាមួយគ្នានេះលោក ថេង សុថុល អភិបាលខណ្ឌចំការមន និងលោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ដោយបានវេរប្រគេនព្រះសង្ឃ នូវចង្ហាន់ បច្ច័យ ទេយ្យទាន ដើម្បីឧទ្ទិសនូវផល្លានិសង្ឃ ជូនទៅដល់ដួងវិញ្ញាណក្ខន្ធ បុព្វការីជន សូមឱ្យដួងវិញ្ញាណក្ខន្ធរបស់អស់លោកទាំងនោះ បានទទួលយកមនុញ្ញផល និងងាកក្រោយឱ្យពរជ័យ ជូនដល់ប្រជាជនទាំងអស់ រស់នៅខណ្ឌចំការមន និងខណ្ឌបឹងកេងកង សូមអោយជួបតែសេចក្តីសុខ​ សេចក្តីចម្រេីន​ រស់នៅក្រោមម្លប់នៃសន្តិភាព​ ស្ថិរភាព​ និងការអភិវឌ្ឍតរៀងទៅ៕

អត្ថបទដែលជាប់ទាក់ទង