ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មហាអំណាច និង​ប្រទេស​លោកខាងលិច​មួយចំនួន មិន​ញញើត​ក្នុងការ​អនុវត្ត​នូវ​ស្ដង់ដារ​ពីរ ចំពោះ​ការវាយតម្លៃ​លើ​ការអនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា​

88

 

​ភ្នំពេញ​៖​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បានចេញ​សារលិខិត​ចូលរួម​សម្តែង​ការ​សាទរ​ចំពោះ ទិវា​សន្តិភាព​អន្តរជាតិ លើក​ទី​៧៥ នា​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២០ ដែល​ធ្វើឡើង​ក្រោម​មូលបទ «​ការកសាង​សន្តិភាព​ជាមួយគ្នា​»​។​

​ក្នុង​សារលិខិត​របស់ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​លើកឡើងថា មហាអំណាច និង​ប្រទេស​លោកខាងលិច​មួយចំនួន មិន​ញញើត​ក្នុងការ​អនុវត្ត​នូវ​ស្ដង់ដារ​ពីរ ចំពោះ​ការវាយតម្លៃ​លើ​ការអនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ប្រើប្រាស់​បញ្ហា​សិទ្ធិមនុស្ស​នេះ ជា​ឧបករណ៍​នយោបាយ ឬ​ជា​លេស​សម្រាប់​ការ​លូកដៃ​ចូល ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង រំលោភ​លើ​អធិតេយ្យភាព និង​ឯករាជ្យភាព​របស់​កម្ពុ​ជា និង​បណ្ដា​ប្រទេស​ទន់ខ្សោយ​ផ្សេងទៀត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​ក្នុង​សារលិខិត​នោះ​ថា អស់​រយៈពេល ៤១​ឆ្នាំ​កន្លងមកនេះ ការធ្វើ​ពលិកម្ម​ដ៏​ថ្លៃថ្លា​របស់​ថ្នាក់ដឹកនាំ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ទូទាំងប្រទេស បាន​កែប្រែ​មាតុភូមិ​កម្ពុជា​ពី​គំនរ​ផេះផង់​ឱ្យ​ឈាន​មកដល់​ដំណាក់កាល​អភិវឌ្ឍន៍​ប្រកបដោយ​មោទនភាព ទាំង​ក្នុង​បុព្វហេតុ​ការពារជាតិ ការពារ​ការ​រស់​ឡើងវិញ​របស់​ប្រជាជន ទាំង​បុព្វហេតុ​សន្តិភាព និង​បង្រួបបង្រួម​ជាតិ និង​ទាំង​បុព្វហេតុ​ស្តារ កសាង និង​អភិវឌ្ឍន៍​សង្គម​សេដ្ឋកិច្ចកម្ពុជា​។ ជាពិសេស កម្ពុជា​បាន​និង​កំពុងតែបន្ត​បោះជំហាន​យ៉ាងរឹងមាំ​នៅលើ​មាគ៌ា នយោបាយ​សន្តិ​សហ​វិជ្ជមាន អព្យាក្រឹត មិន​ចូលបក្ស​សម្ព័ន្ធ ជ្រោង​ខ្ពស់​ស្មារតី​ជាតិនិយម ការពារ​ឯករាជ្យ អធិបតេយ្យ​ជាតិ និង​បូរណភាព​ទឹកដី​។​

​សម្តេច​ឲ​បន្តថា «​សមិទ្ធផល​ធំធេង​អស្ចារ្យ​ដែល​កម្ពុជា​ទទួលបាន​នេះ មិនដែល​ទទួល​នូវ​ការ​សាទរ ឬ​សរសើរ​ពី​មហាអំណាច និង​ប្រទេស​លោកខាងលិច​ខ្លះ ដែលមាន​របៀបវារៈ នយោបាយ​តែមួយគត់ គឺ​ទាញ​កម្ពុជា​ឱ្យធ្វើជា​ឈ្នាន់​បម្រើ​មហិច្ឆតា​នយោបាយ​របស់​ពួកគេ​។ លើសពីនេះ​ទៀត ពួកគេ​មិន​ញញើត​ក្នុងការ​អនុវត្ត​នូវ​ស្ដង់ដារ​ពីរ ចំពោះ​ការវាយតម្លៃ​លើ​ការអនុវត្ត​សិទ្ធិមនុស្ស​នៅ​កម្ពុជា និង​ប្រើប្រាស់​បញ្ហា​សិទ្ធិមនុស្ស​នេះ ជា​ឧបករណ៍​នយោបាយ ឬ​ជា​លេស​សម្រាប់​ការ​លូកដៃ​ចូល ជ្រៀត​ជ្រែកចូល​កិច្ចការ​ផ្ទៃក្នុង រំលោភ​លើ​អធិតេយ្យភាព និង​ឯករាជ្យភាព​របស់​កម្ពុ​ជា និង​បណ្ដា​ប្រទេស​ទន់ខ្សោយ​ផ្សេងទៀត​»​។​

​បើតាម​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​, កម្ពុជា​យល់ច្បាស់​ថា ការគោរព​សិទ្ធិមនុស្ស ការលើកកម្ពស់​សេរី​ភាពជា​មូលដ្ឋាន ការប្រកាន់​ខ្ជាប់​នូវ​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​ការលើកកម្ពស់​នីតិរដ្ឋ នឹង​នាំមក​នូវ​សុខសន្តិភាព ស្ថិរភាព ភាពសុខដុមរមនា និង​យុត្តិធម៌​សង្គម​ជា​និរន្ត និង​ជាការ​រួមចំណែក​ដ៏​មាន​សារៈសំខាន់​ដល់​ការអភិវឌ្ឍ ប្រកបដោយ​ចីរភាព និង​បរិ​យា​ប័ន្ន​ផងដែរ​។ តែ​យើង​ក៏​ត្រូវតែ​ចងចាំ​ដែរ​ថា មាន​សន្តិភាព ទើប​ធានា​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ជីវភាព​រស់នៅ​ដ៏​សុខសាន្ត សម្បូរ​សប្បាយ​របស់​ប្រជាជន មាន​សន្តិភាព​ទើប​ធានា​ដល់​ការ​ស្ថិត​ស្ថិរ និង​រីកចម្រើន​នៃ​លទ្ធិប្រជាធិបតេយ្យ និង​សិទ្ធិសេរីភាព ហើយ​ជោគជ័យ​នៃ​ដំណើរការ​អភិវឌ្ឍ និង​ភាពរឹងមាំ​នៃ​ប្រជាធិបតេយ្យ និង​ជះឥទ្ធិពល​ត្រឡប់មកវិញ​ធានា​នូវ​ចីរភាព​នៃ​សន្តិភាព​។​

«​បើ​យើង​បាត់បង់​សន្តិភាព នោះ​យើង​នឹងត្រូវ​បាត់បង់​អ្វីៗ​ទាំងអស់​។ ផ្លូវ​ទៅមុខ​នឹង​នៅតែ​ជួបប្រទះ​ឧបសគ្គ​ជាច្រើន​ទៀត ប៉ុន្តែ​គ្មាន​ឧបសគ្គ​ណា​ដែ​អាចមក​រារាំង​ដំណើរ របស់​ជាតិ​យើង​បានឡើយ ឱ្យតែ​យើង​រក្សាបាន​នូវ​ការឯកភាព​និង​សាមគ្គីភាព​ជាតិ ប្តេជ្ញា​ដាច់ខាត ការពារ​សន្តិភាព​ដែល​យើង​សម្រេច​បានមក​ដោយ​លំបាក ឱ្យនៅ​ស្ថិត​ស្ថិរ រឹងមាំ គង់វង្ស​ជានិច្ច មិន​អនុញ្ញាត​ឱ្យកម្លាំង​ប្រតិកិរិយា​ណា​មក​បំផ្លាញ​ទៅវិញ​បានឡើយ ទោះបីជា​ត្រូវ​បង់​ដោយ​តម្លៃ​ណា​ក្ដី​»​។ នេះ​ជាការ​បញ្ជាក់បន្ថែម របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​សម្តេច​ក៏បាន​សម្ដែង​នូវ​ការគោរព និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ជាន់ថ្នាក់ ដែល​បានធ្វើ​ពលិកម្ម​ទាំង​កម្លាំងកាយ ចិត្ត​ចូលរួម​ដល់​ការថែរក្សា​សន្តិភាព និង​ស្ថិរភាព​នយោបាយ ការលើកស្ទួយ​អធិបតេយ្យ​ជាតិ ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ សិទ្ធិសេរីភាព និង​នីតិរដ្ឋ និង​ការអភិវឌ្ឍ​ប្រទេសជាតិ​។ ព្រម​ជាមួយនេះ សម្តេច​បាន​អំណរគុណ​ជា​អនេកប្បការ​ផងដែរ ចំពោះ​បណ្ដា​ប្រទេស​ជា​មិត្ត​ជិត​ឆ្ងាយ ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ អន្តរជាតិ​នានា ដែល​បាន​ជួយឧបត្ថម្ភ​ដល់​ប្រជាជន​កម្ពុជា តាំងពី​ដំណាក់កាល​សង្គ្រោះ​ជាតិ ពី​របប​ប្រល័យពូជសាសន៍​រៀង​រហូតមក ហើយ​ដែល​កំពុងតែបន្ត​ពង្រឹង និង​ពង្រីក​ថែមទៀត​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ប្រកប​ដោយ​ផ្លែផ្កា​ដើម្បី​បុព្វហេតុ សន្តិភាព ប្រជាធិបតេយ្យ និង​អភិវឌ្ឍន៍​៕​

អត្ថបទដែលជាប់ទាក់ទង