ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហរដ្ឋ​អា​មេ​រិច បាន​បញ្ជា​ឱ្យ​បិទ​កម្មវិធី TikTok និង WeChat ចាប់ផ្តើម​ពីថ្ងៃ​អាទិត្យ​នេះ​

81

​ភ្នំពេញ​៖ នាយកដ្ឋាន​ពាណិជ្ជកម្ម​របស់​សហរ​ដ្ឋ​អាមេរិក (DoC) បានប្រកាសថា ចាប់ពី​ថ្ងៃទី​២០ ខែកញ្ញា នេះ​ទៅ កម្មវិធី TikTok និង WeChat នឹងត្រូវ​បាន​បិទ​លែងឱ្យ​មានការ​ទាញយក​បាន ទាំង​ក្នុង​ប្រព័ន្ធ​ប្រតិបត្តិការ Apple និង Android​។ នេះ​មានន័យថា​កម្មវិធី​ទាំងពីរ​នេះ​នឹងត្រូវ​បាន​ដក​ចេញពី App Store និង Play Store របស់​ប្រព័ន្ធ​ប្រតិបត្តិការ​ធំៗ​ទាំងពីរ​នេះ ហើយ​បទបញ្ជា​នេះ​ក៏បាន​ហាមឃាត់​លែងឱ្យ​មានការ​ផ្ញើ​លុយ​ជាមួយនឹង​កម្មវិធី WeChat ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​នា​យក​ដ្ឋា​ន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា​។​

​ការបិទ​កម្មវិធី​ទាំងពីរ​នេះ​គឺ​ក្រោយពី​លោក ប្រធានាធិបតី ដូ​ណា ត្រាំ (Donald Trump) បានប្រកាស​កាលពី​ខែសីហា​ថា លោក​នឹង​បិទ​កម្មវិធី​នេះ ប្រសិនបើ​កម្មវិធី TikTok មិនត្រូវ​បាន​លក់​ទៅឱ្យ​ក្រុមហ៊ុន​ណាមួយ​របស់​សហរដ្ឋអាមេរិក​ទេនោះ ដោយ​លោក​បាន​ចោទប្រកាន់ថា កម្មវិធី​នេះ​អាច​ប្រមូល​ទិន្នន័យ​របស់​ប្រជាពលរដ្ឋ​ខ្លួន​ឱ្យទៅ​ប្រទេស​ចិន ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុវត្ថិភាព​សង្គម កិច្ចការបរទេស និង​សេដ្ឋកិច្ច​របស់​សហរដ្ឋ​អាមេរិក​។​

​នាយកដ្ឋាន​ពាណិជ្ជ​កម្មនេះ ក៏បាន​ឱ្យដឹង​ផងដែរ​ថា ការបិទ​ឈប់​ឱ្យមាន​ការទាញយក​នៅ​ថ្ងៃទី​២០ នេះ​គឺជា​ជំហាន​ទីមួយ​ប៉ុណ្ណោះ ហើយ​ប្រជាជន​អាមេរិក​នៅតែ​អាច​ប្រើ​កម្មវិធី​ទាំង​ពីរបាន ប៉ុន្តែ​ពួកគេ​មិនអាច​ទាញយក​បានជា​ថ្មី ឬក៏​អាចធ្វើ​បច្ចុប្បន្នភាព​ជាមួយនឹង​កម្មវិធី​ទាំងនេះ​បាន​ទៀតឡើយ​។ នៅ​ថ្ងៃទី​១២ ខែវិច្ឆិកា ខាងមុខនេះ នាយកដ្ឋាន​នឹងដាក់​ចេញ​នូវ​បទបញ្ជា​ថ្មី ដែល​អាច​នាំឱ្យ​មានការ​ហាមឃាត់​ឈប់​ឱ្យប្រើ​ប្រាស់​កម្មវិធី TikTok ទាំងស្រុង​ទៀតផង ប្រសិនបើ​ក្រុមហ៊ុន​ពុំមាន​ដំណោះស្រាយ ទាក់ទង​នឹង​ការព្រួយបារម្ភ​របស់​ស​ហ​រដ្ឋ​អាមេរិក អំពី​សន្តិសុខ​ជាតិ​នោះទេ​៕ ដោយ​៖​កូ​ឡាប​

អត្ថបទដែលជាប់ទាក់ទង