ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កុំភ្លេចចូលរួមទស្សនា ព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ត ទាំងអស់គ្នា នៅចន្លោះថ្ងៃ២១-២៣ ខែកញ្ញា ឆាប់ៗខាងមុខ

107

 

(សៀមរាប)៖ ព្រឹត្តិការណ៍មហស្ចារ្យលើដែនកម្ពុជទេសជិតមកដល់ទៀតហើយ គឺព្រឹត្តិការណ៍
«ព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត» ដែលនឹងកើតឡើងនៅចន្លោះថ្ងៃទី២១-២៣ ខែកញ្ញា
ឆ្នាំ២០២០ ឆាប់ៗខាងមុខ។

ព្រឹត្តិការណ៍នេះតែងទាក់ទាញចំណាប់អារម្មណ៍ពីសំណាក់ប្រជាពលរដ្ឋខ្មែរ
និងភ្ញៀវទេសចរជាតិ-អន្តរជាតិយ៉ាងច្រើន ដែលចង់ឃើញព្រឹត្តការណ៍ដ៏អស្ចារ្យនេះ
ហើយចង់ផ្តិតយករូបភាពនេះទុកជាអនុស្សាវរីយ៍។

ចំពោះព្រឹត្តិការណ៍នាឆ្នាំនេះដែរ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប លោក ង៉ូវ សេងកាក់
ក៏បានប្រកាសអំពាវនាវដល់សាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងឡាយ
សូមចូលរួមទស្សនាឱ្យបានច្រើនកុះករនៅមុខប្រាសាទអង្គរវត្ត ខេត្តសៀមរាប។

សូមជម្រាបថា បាតុភូតព្រះអាទិត្យរះចំកណ្តាលកំពូលប្រាសាទអង្គរវត្តនេះ
តែងកើតមានឡើងចំនួនពីរដងក្នុងមួយឆ្នាំ ដោយលើកទីមួយកើតឡើងនៅអំលុងខែមីនា
និងលើកទីពីរកើតឡើងនៅអំលុងខែកញ្ញា រៀងរាល់ឆ្នាំ។ អ្នកស្រាវជ្រាវបានអះអាងថា
បាតុភូតនេះកើតឡើងចំពេលដែលថ្ងៃ និងយប់មានរយៈពេលស្មើគ្នា ដែលគេហៅថា «សមរាត្រី»
ឬហៅតាមអ្នកតារាសាស្ត្រថា Equinox។

នេះជាភាពអស្ចារ្យបំផុតមួយរបស់បុព្វបុរសខ្មែរសម័យមហានគរ ដែលបានប្រើបច្ចេកទេសវិស្វកម្ម
ស្ថាបត្យកម្មបុរាណ កសាងប្រាសាទអង្គរវត្តនេះឡើង ដែលជាមហារតនវិមាននៃព្រះបរមវិស្ណុ
ដោយបង្កើតគោលដៅសម្គាល់ពេលវេលា «សមរាត្រី»
ញ៉ាំងឱ្យមហារាជធានីបុរាណខ្មែរមួយនេះក្លាយជាទីក្រុងទេវកថាដ៏ល្បីល្បាញលើពិភពលោក៕

អត្ថបទដែលជាប់ទាក់ទង