ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរខេត្ត​ព្រះសីហនុ បញ្ចេញ ចំនួន​១០​គ្រឿង ដឹកជញ្ជូន​ភ្ញៀវទេសចរ​ជាង​១,០០០​នាក់ ដែល​ជាប់​នៅលើ​កោះ​បី​ថ្ងៃ​មកលើ​គោក​វិញ​

15

 

​ព្រះសីហនុ​៖ កម្លាំង​នគរបាល​ខេត្ត​ព្រះសីហនុ សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន បាន​បញ្ចេញ​
ទូក​តូចធំ​ជាង​១០ គ្រឿង ទៅ​ទទួលយក​ភ្ញៀវទេសចរ​ដែលជា​ប់​នៅលើ​កោះ រយៈពេល​បី​ថ្ងៃ ជាង​១,០០០​នាក់ ដោយសារ​ព្យុះ ។​

​ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​ឲ្យ​ដឹងថា កោះ​ដែល​ភ្ញៀវទេសចរ​ជាប់​នៅលើ​នោះ រួមមាន កោះរ៉ុង កោះរ៉ុង​សន្លឹម និង​កោះ​សង្សារ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ស្នងការ ដោយសារ​រយៈពេល​បី​ថ្ងៃ​កន្លងទៅនេះ កម្ពុជា​ទទួលរង​ឥទ្ធិពល​ព្យុះ ជាពិសេស​នៅ​ខេត្ត​ព្រះសីហនុ​តែម្ដង ដូច្នេះហើយ​អាជ្ញាធរ និង​សមត្ថកិច្ច​ផ្អាក​ការធ្វើដំណើរ​តាមផ្លូវ​ទឹកជា​ប​ណ្ណោះ​អាសន្ន រង់ចាំ​អាកាសធាតុ​ល្អ​ឡើងវិញ ។​

​លោកស្នងការ​បានបញ្ជាក់​ថា នៅ​ព្រឹក​នេះ ដោយ​ឃើញ​អាកាសធាតុ​ស្រឡះ​ល្អ លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ទំនាក់ទំនង​ទៅកាន់​ក្រសួង​ធនធានទឹក ដើម្បី​បញ្ជាក់​អំពី​អាកាសធាតុ​នេះ​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​ថា អាកាសធាតុ​ល្អ​អាចធ្វើ​ដំណើរ​បាន លោក​អភិបាលខេត្ត បាន​បញ្ជា​មក​កម្លាំង​នគរបាល សហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន ដើម្បី​បញ្ចេញ​ទូក និង​អូប័រ​ជាង​១០​គ្រឿង ទៅ​ទទួល​ភ្ញៀវទេសចរ​ជាង​១,០០០​នាក់​នោះ ត្រឡប់មក​លើដី​គោក​វិញ ក្រោម​ការត្រួតពិនិត្យ​យ៉ាង​យកចិត្តទុកដាក់​ខ្ពស់បំផុត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ បាន​អះអាងថា នៅពេល​ទូក និង​អូប័រ​ចេញទៅ​ទទួល​ភ្ញៀវទេសចរ ក៏មាន​នគរបាល​ទេសចរណ៍ និង​នគរបាល​ផ្លូវទឹក អមដំណើរ​នៅលើ​នោះ​ផងដែរ ដើម្បី​ធានា​សុវត្ថិភាព​។ លោក​បាន​បន្ថែមថា រហូតមកដល់​ពេលនេះ ភ្ញៀវទេសចរ​ទាំង​ជាង​១,០០០​នាក់ ដែល​ជាប់​នៅលើ​កោះ​នោះបាន​ត្រឡប់មក​លើដី​គោក​ដោយ​សុវត្ថិភាព​។​

​សូមជម្រាបថា ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្ដីជូនដំណឹង ស្ដីពី ស្ថានភាព​ធាតុអាកាស​នៅ​កម្ពុជា ចាប់ពី​ថ្ងៃទី​១៦ ដល់​ថ្ងៃទី​២២ ខែកញ្ញា ឆ្នាំ​២០២០​។​
តាមរយៈ​តាមដាន​នៃ​ការវិវត្ត និង​ប្រែប្រួល​ជា​បន្តបន្ទាប់​នៃ​ស្ថានភាព​អាកាសធាតុ សង្កេតឃើញថា ខ្យល់មូសុង​និរតី​បង្កើនល្បឿន​បក់​មក​លើក​ម្ពុ​ជា​។ សម្ពាធ​ទាប​សកម្ម​នៅលើ​សមុទ្រ​ប៉ាស៊ីហ្វិក និង​វិ​វត្ត​ខ្លួន​ជា​បន្តបន្ទាប់​ទៅជា​វិ​សម្ពាធ​ទាប​រួច​នឹង​ទៅជា​កូន​ព្យុះ ពេលដែល​ឆ្លងកាត់​ប្រទេស ហ្វីលីពីន​។ ព្យុះ​នេះ នៅ​ថ្ងៃទី​១៦ ខែកញ្ញា នឹង​បន្តដំណើរ​ចូលទៅក្នុង​ឈូង​សមុទ្រ​តុងកឹង រួច​ចូល​ប្រទេស​វៀតណាម​ភាគ​កណ្ដាល កៀក​ព្រំ ប្រទល់​ភាគ​ខាងជើង​។​

​ក្នុងនាម​ក្រសួងទេសចរណ៍ ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន សូម​សំដែង​នូវ​ការកោតសរសើរ និង​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​គណៈបញ្ជាការ​ឯកភាព​ខេត្ត​ព្រះសីហនុ ក្រោម​ការដឹកនាំ​របស់ ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ ដែល​បាន​ដឹកនាំ​បញ្ជា​កម្លាំង​គ្រប់​សមត្ថកិច្ច មន្ទីរ​ពាក់ព័ន្ធ រួម​ជាមួយនឹង​ក្រុមហ៊ុន​ដឹកជញ្ជូន​ទេសចរណ៍​ផ្លូវទឹក ជួយ​រំដោះ​ភ្ញៀវទេសចរ​ប្រមាណ​ជាង ១០០០​នាក់ ដែល​បាន​ជាប់​នៅលើ​កោះ​មួយចំនួន ដោយសារ​ឥទ្ធិពល​ព្យុះ​នូ​ល (Noul) ប្រកបដោយ​វិជ្ជាជីវៈ និង​ការទទួលខុសត្រូវ​ខ្ពស់​។​

​ទាំងនេះ ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការគិតគូរ​យកចិត្តទុកដាក់​ខ្ពស់ ប្រកបដោយ​ការទទួលខុសត្រូវ​រប​ស់​អាជ្ញាធរ និង​កម្លាំង​មាន​សមត្ថកិច្ច ផ្នែក​ពាក់ព័ន្ធ និង​ក្រុមហ៊ុន​ឯកជន​ទាំងអស់ ដែល​បាន​សហការ​យ៉ាង​ល្អ​ជាមួយគ្នា​ក្នុងការ​ធានា​សន្តិសុខ សុវត្ថិភាព​ជូន​ភ្ញៀ​រ​ទេសចរ​ដែល​ទៅ​កម្សាន្ត នៅ​គោលដៅ​ទេសចរណ៍​ក្នុង​មូលដ្ឋាន​ទទួលខុសត្រូវ​របស់ខ្លួន​។​

​ក្រសួង​ធនធាន​ទឹកបាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ចំពោះ​បាតុភូតធម្មជាតិ ដែល​អាច​កើតមាន​ជាអាទិ៍​៖ តំបន់​ជាប់​ផ្លូវទឹក និង​ជាប់​ជួរ​ភ្នំ មូលហេតុ​បង្កឡើង​ដោយ​ជំនន់​ទឹកភ្លៀង​។ អ្នកដំណើរ និង​អ្នកនេសាទ​សមុទ្រ មូលហេតុ​ភ្លៀងខ្យល់ និង​រលក​សមុទ្រ​ដែល​អាចមាន​កម្ពស់​ខ្ពស់ ពិសេស​ចាប់ពី​ថ្ងៃទី ១៨-២១ ខែកញ្ញា ៕

អត្ថបទដែលជាប់ទាក់ទង