ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឪពុក​ចាប់​កូនស្រី​គ្រវែង​បោក​សន្លប់​ អូស​ដូច​សត្វ​ធាតុ

72

 

​ស្វាយរៀង ៖ វីដេអូ​មួយ​បាន​កំពុង​ធ្វើ​ឲ្យ​មហាជន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំងក្លា ក្រោយពី​បានឃើញ​ទិដ្ឋភាព​ដ៏​សាហាវព្រៃផ្សៃ បុរស​ជា​ឪពុក​ម្នាក់​បាន​ប្រើ​ហិង្សា​មកលើ​កូនស្រី​របស់ខ្លួន ដោយ​ចាប់​គ្រវែង​បោក​ផ្ទប់​នឹង​កម្រាល​បណ្តាល​ឲ្យ​សន្លប់​ស្តូកស្តឹង រួច​ចាប់​ញ៉ឹង​សក់​អូស​ដូច​សត្វ​ធាតុ​។​

​នេះ​បើ​យោង​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ «Bee Nang Sad» បាន​បង្ហោះ​វីដេអូ​ដ៏​ស្លុតរន្ធត់ និង​រៀបរាប់​បញ្ជាក់​ទាំង​ការឈឺចាប់​ថា​៖ «​ខ្ញុំ​សូម​ឲ្យ​ខាងច្បាប់​ជួយ​រក​យុត្តិធម៌​ឲ្យ​ប្អូនស្រី​ខ្ញុំ​ផង​ចុះ ។ ព្រោះ​ឪពុក​ក្មេងស្រី​នេះ បាន​បង្កបញ្ហា​ដល់​គ្រួសារ​ជាច្រើនលើក​ច្រើនសារ​។ មកពី​ផឹកស៊ី​ម្តងៗ​តែង​រករឿង​ប្រពន្ធ​វាយ​ធ្វើបាប​ប្រពន្ធ​រួមទាំង​កូន រហូត​ប្រពន្ធ​ទ្រាំ​រស់នៅ​ជាមួយ​លែង​បាន សម្រេចចិត្ត​ចាកចេញ​ពី​គ្រួសារ​មួយរយៈ ។ ឥឡូវនេះ​ធ្វើបាប​ប្អូនស្រី​ខ្ញុំ​ទៀតហើយ តែ​ខ្ញុំ​ជួយ​អ្វី​មិនបាន​ព្រោះ​ខ្ញុំ​ជា​ស្រី​មិន​ហ៊ាន​ទេ បាន​ត្រឹម​លួច​ថត​ទុកជា​ភស្តុតាង ជូន​ដល់​លោកអ្នក​ខាងច្បាប់​ជួយ​ដោះស្រាយ​ប៉ុណ្ណោះ ។ តើ​អំពើ​គាត់​នេះ​សមជា​ឪពុក​គេ​ទេ បងប្អូន​ជួយ​មើល​ហើយ​គិត​តាម​ការគួរ​ផង​»​។​

​ជុំវិញ​ករណី​ហិង្សា​មកលើ​កូនស្រី​ពី​សំណាក់​ឪពុក​ខាងលើនេះ បើតាម​លោក អែម សុវណ្ណារិទ្ធ អធិការនគរបាល​ក្រុង​បាវិត បាន​ប្រាប់​ឲ្យ​ដឹងថា ករណីនេះ​កើតឡើង​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង កាលពី​សប្តាហ៍​មុន ហើយ​លោក​ក៏បាន​ឲ្យ​លោកនាយ​ប៉ុស្តិ៍​ច្រកម្ទេស ចុះទៅ​ដល់ផ្ទះ​របស់​ជន​បង្ក​កាលពី​យប់​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០២០ វេលា​ម៉ោង​២២​យប់ ដើម្បី​ធ្វើការ​សួរនាំ​បន្ត ចាត់ការ​តាម​នីតិវិធី​។​

​លោក​អធិការ​ក៏បាន​បញ្ជាក់​ឲ្យ​ដឹងថា ជនបង្ក​ជា​ឪពុក​រូបនេះ ធ្លាប់​ត្រូវបាន​ហៅ​មក​ធ្វើ​កិច្ចសន្យា នៅ​ប៉ុស្តិ៍​រដ្ឋបាល​ច្រកម្ទេស​ម្ដង​រួចហើយ​ដែរ បន្ទាប់ពី​បង្ក​ហិង្សា​នៅក្នុង​គ្រួសារ​កាលពីពេល​កន្លងមក​៕

អត្ថបទដែលជាប់ទាក់ទង