ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថៃចាប់ផ្តើមចាត់វិធានការច្បាប់ប្រឆាំងនឹង Facebook, Twitter និង Google ដោយសារមិនអើពើក្នុងការលុបចោលមាតិកា

92

(បាងកក)៖ ក្រសួងឌីជីថលថៃ បានឲ្យដឹងនៅថ្ងៃពុធនេះថា ខ្លួននឹងចាប់ផ្តើមចាត់វិធានការច្បាប់ប្រឆាំងនឹងក្រុមហ៊ុន Facebook, Twitter និងក្រុមហ៊ុន Google នៅក្នុងសប្តាហ៍នេះ ដោយសារក្រុមហ៊ុនទាំងនេះមិនអើពើនឹងសំណើរមួយចំនួនដើម្បីលុបចោលមាតិកា, ដែលនេះគឺជាករណីលើកទីមួយ ដែលប្រទេសថៃ បានប្រឆាំងនឹងក្រុមហ៊ុនអ៊ីនធើណេតខ្នាតយក្សទាំងនេះ។

 

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រសួងនឹងដាក់ពាក្យបណ្តឹងទៅប៉ូលិសឧក្រិដ្ឋកម្មតាមអ៉ិនធើណេត នៅថ្ងៃព្រហស្បត្តិ៍ បន្ទាប់ពីក្រុមហ៊ុនរបស់សហរដ្ឋអាមេរិកទាំងនេះខកខានក្នុងការកំណត់ពេលវេលា ដើម្បីគោរពតាមបទបញ្ជារបស់តុលាការ, នេះបើតាមលោក Puttipong Punnakanta រដ្ឋមន្ត្រីឌីជីថលថៃ។

 

លោករដ្ឋមន្ត្រីបញ្ជាក់ថា «យើងបានជូនដំណឹងទៅកាន់ក្រុមហ៊ុន និងផ្ញើសារព្រមានចំនួន២លើករួចមកហើយ, ប៉ុន្តែពួកគេមិនបានអនុវត្តទៅតាមសំណើរទាំងអស់នោះឡើយ»។

 

យ៉ាងណាក្តី, លោករដ្ឋមន្ត្រីឌីជីថល មិនបានបង្ហាញលម្អិតពីមាតិកា ឬក៏អ្វីដែលបានបំពានច្បាប់នោះដែរ។

 

គួររំលឹកថា នៅប៉ុន្មានឆ្នាំថ្មីៗនេះ, អាជ្ញាធរថៃបានដាក់ពាក្យបណ្តឹងទៅកាន់តុលាការ ជាមួយនឹងសំណើរទៅកាន់ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីរឹតត្បិត ឬក៏លុបចោល ការបង្ហោះប្រមាថព្រះមហាក្សត្រ និងមាតិកាខុសច្បាប់ ដូចជាការលេងល្បែង និងការរំលោភសិទ្ធិអ្នកនិពន្ធ៕

អត្ថបទដែលជាប់ទាក់ទង