ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចោទប្រពន្ធថាមានសហាយ រុះរើផ្ទះ និងទ្រព្យសម្បត្តិ ដុតបំផ្លាញឆេះស្ទើរគ្មានសល់

123

កណ្តាល៖ករណីអំពើហិង្សាក្នុងគ្រួសារ ប្តីចិត្តឃោរឃៅ ស្រវឹងស្រា ចោទប្រពន្ធថាចិត្តមិនស្មោះ មានសហាយស្មន់ រករឿងប្រើហិង្សា រុះរើផ្ទះដុតបំផ្លាញឆេះស្ទើរគ្មានសល់ ហើយត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងចាប់ខ្លួន។

ករណីនេះកើតហេតុនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១២ថ្ងៃត្រង់ នៅចំណុចផ្ទះជនរងគ្រោះស្ថិតនៅភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្ដាល។

នគរបាលស្រុកស្អាង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ សាន ឡាយ ភេទស្រី អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មេផ្ទះ មានទីលំនៅភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាប្រពន្ធ ចំណែកជនសង្ស័យ ឈ្មោះ សែម ហាក់ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិលេខ៤ ឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល ត្រូវជាប្ដី ។ សម្ភារៈបាត់បង់នឹងខូចខាតរួមមានៈ រុះរើផ្ទះ ដុតបំផ្លាញចំនួន១ខ្នង ទំហំ ៤,២០ម៉ែត្រគុណនឹង៥,២០ម៉ែត្រ ធ្វើអំពីឈើ ប្រកសង្ក័សីជញ្ជាំងស្លឹក ក្រាលរនាបឫស្សី និងដុតបំផ្លាញ តុ ទូរទស្សន៍ ខោអាវ ចានឆ្នាំង។

ឈ្មោះសែម ហាក់ មានសភាពស្រវឹងស្រាយ៉ាងខ្លាំង ហើយបានប្រច័ណ្ឌប្រពន្ធ ថាមានសហាយ ពេលនោះឈ្មោះសែម ហាក់ ខឹងប្រពន្ធ ក៏រុះជញ្ជាំងផ្ទះធ្វើពីស្លឹក មកដុតបំផ្លាញចោល ជាបន្តបន្ទាប់ រួចដុត តុ បោកទូរទស្សន៍ដុតចោល ដុតខោអាវ និងបោកចានឆ្នាំងខូចខាតមួយចំនួន ។ នៅវេលាម៉ោង១៧និង៣០នាទី ក្នុងថ្ងៃដដែល ទើបជនរងគ្រោះ បានទូរស័ព្ទមកសមត្ថកិច្ច នគរបាលប៉ុស្ដិ៍ប្រាសាទ ក្រោយពេលទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចនគរបាលប៉ុស្តិ៍ បានសហការ ជាមួយប្រជាការពារភូមិលេខ៤ ចុះអន្តរាគមន៍ ដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួន បានឈ្មោះ សែម ហាក់ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីបន្តអនុវត្តន៍តាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង