ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រចកជើងគោចំនួន ១២០ កេស ស្មើនឹងទម្ងន់ ២៤០០គីឡូក្រាមដែលមានភាពមិនប្រក្រតី ត្រូវបានមន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង និងមន្រ្តីនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការគ្នាធ្វើការដកហូត នៅតាមច្រកទ្ធារអន្តរជាតិបាវិត

59

 

(ខេត្តស្វាយរៀង)៖ នៅថ្ងៃចន្ទ ១១កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នេះ បន្ទាប់ពីទទួលបានការស្នើសុំកិច្ចសហការពីសាខាគយ និងរដ្ឋាករកម្ពុជា មន្ត្រីសាខា ក.ប.ប. ខេត្តស្វាយរៀង បានសហការគ្នាត្រួតពិនិត្យការនាំចូលខ្មងជើងគោពីបរទេសចូលមកព្រះរាជាណាចក្រកម្ពុជា ដែលនាំចូលតាមច្រកទ្ធារអន្តរជាតិបាវិត ខេត្តស្វាយរៀង។

សកម្មភាពការងារ នៃការត្រួតពិនិត្យ មន្ត្រីជំនាញបានយកគំរូក្រចកជើងគោមកពិនិត្យនៅមន្ទីពិសោធន៍ខ្នាតតូចរបស់សាខា ក.ប.ប. ខេត្តស្វាយរៀង ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

* ជាលទ្ធផលមន្ត្រីជំនាញ ពុំបានរកឃើញមានសារធាតុគីមី Formalin នៅក្នុងគំរូក្រចកជើងគោទាំងនោះឡើយ ដោយឡែកមន្រ្តីសាខាបានរកឃើញក្រចកជើងគោចំនួន ១២០ កេស ស្មើនឹងទម្ងន់ ២៤០០គីឡូក្រាម មានភាពមិនប្រក្រតីទៅលើឯកសារមួយចំនួនដូចជា៖
-គ្មានឯកសារបញ្ជាក់ពីប្រភពដើម
-គ្មានលិខិតអនុញ្ញាតនាំចូល
-ការដឹកជញ្ជូនគ្មានលក្ខណៈបច្ចេកទេស (ទូបង្កក) ។

មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតក្រចកជើងគោទាំងនោះ មកដុតកម្ទេចចោលតាមនីតិវិធីនៅទីលានចាក់សំរាមខេត្តស្វាយរៀង។ សូមបញ្ជាក់ផងដែរថា ក្នុងការដុតកម្ទេចចោលនេះ មានការសហការ ពីអាជ្ញាធរដែនដី និងមន្រ្តីនៃសាខាគយខេត្តស្វាយរៀងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង