ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋអាចហាត់ប្រាណ បានហើយ នៅលើសួនច្បារថ្មី តាមបណ្តោយផ្លូវភ្នំពេញ-ហាណូយខណៈ ការដ្ឋានទាំងមូលបានបញ្ចប់១០០ភាគរយ

124

ភ្នំពេញ ប្រជាពលរដ្ឋដែលរស់នៅក្នុងខណ្ឌសែន សុខ នឹងមានឱកាសក្នុងការដើរលេងកម្សាន្តលំហែកាយនិងហាត់ប្រាណបានហើយ ខណៈដែលសួនច្បារថ្មី១កន្លែងនៅតាមបណ្តោយផ្លូវភ្នំពេញហាណូយ ខាងមុខវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ ព្រៃឈើ សត្វព្រៃ លើផ្ទៃក្រឡាជិត១ម៉ឺនម៉ែត្រការ៉េ មកដល់ពេលនេះការដ្ឋានទាំងមូលបានបញ្ចប់១០០ភាគរយហើយនោះ

   លោកសំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ កញ្ញានេះថា៖ សួនច្បារថ្មី១កន្លែងនេះ រដ្ឋបាលរាជធានីភ្នំពេញបានស្ថាបនាជាច្រើនខែកន្លងមកហើយ ហើយមកដល់ពេលនេះ ការដ្ឋានទាំងមួលបានរួចរាល់១០០%ហើយ ដើម្បីទុកឲ្យប្រជាពលរដ្ឋបានហាត់ប្រាណនិងលំហែកាយ លោកបន្តថា អ្វីដែលនៅសល់ គឺនៅតែការសុំការអនុញ្ញាតពីលោកឃួង ស្រេង អភិបាលនៃអភិបាលរាជធានីភ្នំពេញដើម្បីបានអញ្ជើញចុះពិនិត្យជាក់ស្តែងនិងការណែនាំដល់ក្រុមការងារបន្ថែម មុននឹងបើកឱ្យដំណើរការជាសាធារណៈជូនប្រជាពលរដ្ឋបានដើរលំហែលកាយនិង ហាត់ប្រាណ។

  លោកសំ សាមុត បន្តទៀតថា ការស្ថាបនា សួនច្បារថ្មី១កន្លែងនេះ មានផ្ទៃក្រឡាជិត១ម៉ឺនម៉ែត្រការ៉េ ដែលមានបណ្តោយប្រវែង៥៥០ម៉ែត្រ និងទទឹង១៦ម៉ែត្រ ស្ថិតក្នុងខណ្ឌសែនសុខ។

   លោក បានបញ្ជាក់ឱ្យដឹងទៀតថា៖សួនច្បារថ្មីនេះ រៀបចំឡើងឱ្យមានជាទីធ្លា សម្រាប់លំហែកំសាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្តនិងម៉ូតូ ជាមួយនិងបង្គោលបំភ្លឺសួនច្បារផងដែរ ចំពោះការងារ ដែលប្រើប្រាស់ពេលយូរ គឺការស្ថាបនាបង្គន់អនាម័យសាធារណៈនៅលើសួនច្បារនេះតែម្តង។

   លោកសំ សាមុត បានបន្តថា៖ លោកឃួង ស្រេង អភិបាលភ្នំពេញ បានយកចិត្តទុកដាក់ខ្លាំងណាស់ លើការកែលម្អសួនច្បារនានា នៅក្នុងរាជធានីភ្នំពេញ ។ជាក់ស្ដែង នៅខណ្ឌសែនសុខនេះពីមុនមិនធ្លាប់មានសួនច្បារសាធារណៈនោះទេ តែដោយ លោកឃួង ស្រេង បានពិនិត្យឃើញថា ទីតាំងខាងលើ អាចស្ថាបនាសួនច្បារសាធារណៈបាន ទើបលោកអភិបាលរាជធានី ណែនាំឱ្យមានការស្ថាបនាសួនច្បារខាងលើនេះតែម្តង។ដោយហេតុថាសួនច្បារមិនត្រឹមតែជាកន្លែងទាក់ទាញនូវភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋបានហាត់ប្រាណផងដែរដោយហេតុថា  ការហាត់ប្រាណជាឱសថដ៏សក្កិសិទ្ធ ក្នុងការព្យាបាលជម្ងឺគ្រប់ប្រភេទ

 

អត្ថបទដែលជាប់ទាក់ទង