ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលខេត្ត​ព្រះសីហនុ និង​ស្ថានទូត​សាធារណរដ្ឋ​សឹង្ហ​បុរី ប្រចាំ​កម្ពុជា ដាក់​បង្ហាញ​គំនូរ​សិល្បៈ​អបអរសាទរ​ខួប​ទី ៥៥​ឆ្នាំ នៃ​ចំណង​ការទូត​កម្ពុជា​-​សឹង្ហ​បុរី

63

 

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២០ ឯកឧត្តម ម៉ៃ​ឃែ​ល តាន់ (Michael Tan) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី ប្រចាំ​ប្រទេស​កម្ពុជា និង​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ អញ្ជើញ​ការដាក់​បង្ហាញ​គំនូរ​សិល្បៈ​អបអរសាទរ​ខួប​ទី ៥៥​ឆ្នាំ នៃ​ចំណង​ការទូត​កម្ពុជា​-​សឹង្ហ​បុរី នៅក្នុង D’Seavier Clubhouse ស្ថិតនៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ដោយមាន​ការចូលរួម​ឯកឧត្តម លោកជំទាវ លោក​ឧកញ៉ា វិនិយោគ​គិ​ន ពាណិជ្ជករ សហគ្រិន ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ក្នុង​ខេត្ត​ផងដែរ​។​

​ឯកឧត្តម Michael Tan ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​សឹង្ហ​បុរី​ប្រចាំ​កម្ពុជា មានប្រសាសន៍ថា ខ្ញុំ​ពិតជា​បានឃើញ​ការស្ដារ​ឡើងវិញ និង​ផ្លាស់ប្ដូរ​នៃ​ទីក្រុង​នេះ​តាមរយៈ​ការដឹកនាំ​ដោយមាន​សមត្ថភាព​រប​ស់​ឯកឧត្តម គួច ចំរើន និង​ក្រុមការងារ ។ កាលពី​ថ្ងៃទី​៨ ខែកញ្ញា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​ជា​ភ្ញៀវកិត្តិយស​នៅ​ស្ថានទូត​សឹង្ហ​បុរី យើង​បាន​បើក​បង្ហាញ​ផ្ទាំងគំនូរ​ទ្វេភាគី​ដែល​បង្កើត​រួមគ្នា​ដោយ​វិចិត្រករ​ជនជាតិខ្មែរ សញ្ជាតិ​កាណាដា លោក FONKI ដើម្បី​បង្ហាញ​ពី​មិត្តភាព​រវាង​ប្រជាជាតិ និង​ប្រទេស​ទាំងពីរ​បង្កើត​ផ្ទាំងគំនូរ​ចំនួន ១១​ផ្ទាំង ក្នុង​កម្មវិធី​សិល្បៈ​គំនូរ​លើ​ជញ្ជាំង ឬ street Art Fest ដើម្បី​អបអរសាទរ​ខួប​ទី ៥៥​ឆ្នាំ នៃ​ទំនាក់ទំនង​ទ្វេភាគី រវាង​សឹង្ហ​បុរី និង​កម្ពុជា ផ្ទាំងគំនូរ​ត្រូវបាន​លក់ ហើយ​ទឹកប្រាក់ ៧០.០០០ ដុល្លា​អាមេរិក ដើម្បី​ឧបត្ថម្ភ​សម្រាប់​អង្គការ​ចំនួន​ពីរ គឺ​មូលនិធិ​កុមារ​កម្ពុជា និង​សិល្បៈ​អមតៈ ។
​ផ្ទាំងគំនូរ​ទ្វេរ​ភាគី​ត្រូវដាក់​បង្ហាញ​នៅក្រៅ​ស្ថានទូត​សឹង្ហ​បុរី នៅ​រាជធានី​ភ្នំពេញ ក្លាយជា​អនុស្សាវរីយ៍​ដ៏​មាន​អត្ថន័យ​រំលឹក​អំពី​មិត្តភាព​ដ៏​យូរអង្វែង និង​នៅ​ច្រើន​វិស័យ​ផ្សេងទៀត​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំងពីរ​។​

​ឯកឧត្តម ឯកអគ្គរដ្ឋទូត​សឹង្ហ​បុរី មានប្រសាសន៍​បន្តថា នៅ​ចន្លោះ​ឆ្នាំ​២០១៨- ២០១៩ ការវិនិយោគ​ផ្ទា​ល់ពី​បរទេស​របស់​សិង្ហ​បុរី ការធ្វើ​ពាណិជ្ជកម្ម ការមកដល់​នៃ​ភ្ញៀវទេសចរ ការកសាង​សមត្ថភាព និង​ការផ្លាស់ប្ដូរ​រវាង​ប្រជាជន និង​ប្រជាជន​ជាមួយ​ប្រទេស​កម្ពុជា បាន​កើន ឡើង​ខ្ពស់ជាង​ពេលណា​ទាំងអស់​ពាណិជ្ជកម្ម​ទ្វេភាគី​នៃ​ប្រទេស​ទាំងពីរ​មានតម្លៃ ៤,៨​ពាន់​លាន​ដុល្លា​អាមេរិក​នៅ​ឆ្នាំ ២០១៨ នឹង ៤,២​ពាន់​លាន​ដុល្លារ​អាមេរិក នៅ​ឆ្នាំ​២០១៩​។ ប្រទេស​សឹង្ហ​បុរី ជា​អ្នក​វិនិយោគិន​ធំជាងគេ​លំដាប់​ទី​៤ នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ មានការ​វិនិយោគ​ចំនួន ២១៦​លាន​ដុល្លារ​អាមេរិក ហើយ​នៅ​ចុងឆ្នាំ​នេះ​មាន​គម្រោង​មួយចំនួន​ផ្សេងទៀត​ដែល​កំពុង​ត្រូវបាន​អនុវត្ត​។ ខ្ញុំ​យល់ថា​ក្រុមហ៊ុន ហុង ឡៃ​ហួត គ្រុប លីមីត​ធី​ត បាន​វិនិយោគ​ជាង ១៧០​លាន​ដុល្លា​អាមេរិក ក្នុងការ​អភិវឌ្ឍ​អចលនទ្រព្យ វិស័យ​កសិកម្ម​នៅ​កម្ពុជា ឆ្លើយតប​ទៅនឹង​ការអំពាវនាវ​របស់ខ្ញុំ ចំពោះ​ក្រុមហ៊ុន​សឹង្ហ​បុរី​នៅ​កម្ពុជា ដោយមាន​ទំនួល​ខុសត្រូវ​ក្នុង​សកម្មភាព​របស់​ពួកគេ​ក្នុងការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ពិសេស​ខេត្ត​ព្រះសីហនុ​។​

​ឯកឧត្តម គួច ចំរើន អភិបាល នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ មានប្រសាសន៍​ការដាក់​បង្ហាញ​គំនូរ​សិល្បៈ​អបអរសាទរ​ខួប​ទី ៥៥​ឆ្នាំ នៃ​ចំណង​ការទូត​កម្ពុជា​- សឹង្ហ​បុរី និង​បើក​ដំណើរការ​ក្លឹប​ហាត់ប្រាណ D’Seaview Clubhouse ដោយ​ធ្វើការ​កោតសរសើរ និង​អបអរ​ចំពោះ​ការសម្ពោធ​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នាពេលនេះ​។ នេះ​ជា​សក្ខីភាព​បង្ហាញឱ្យឃើញ​ពី​ការជឿជាក់​របស់​អ្នកវិនិយោគទុន​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​រួមចំណែក​ក្នុងការ ជំរុញ​កំណើនសេដ្ឋកិច្ច​កាត់បន្ថយ​ភាពក្រីក្រ ជាពិសេស​បានផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ព្រះសីហនុ​។ ក្រុមហ៊ុន ហុង ឡៃ​ហ៊ួ​ត គ្រុប លីមីត​ធី​ត បាន​សម្ពោធ​ក្លឹប​ហាត់ប្រាណ (D’Seaview Clubhouse) មាន​អាង​ហែល​ទឹក អាង ទឹក​ក្តៅ និង​ទឹក​ត្រជាក់ កន្លែង​ហាត់ប្រាណ បន្ទប់​ហាត់​យូ​ហ្គា និង​រាំ ភោជនីយដ្ឋាន​ជប៉ុន ស៊ី​ហ្គា​បា កន្លែង​ស្ប៉ា ស្ទី​ម និង​សូ​ណា​។

​ឯកឧត្តម អភិបាលខេត្ត បាន​បញ្ជាក់ថា​ការងារ​សន្តិសុខ សណ្ដាប់ធ្នាប់​សាធារណៈ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ​ហាក់បី​មិនសូវ​ល្អ ដោយសារ​មាន​សកម្មភាព​ការវាយដំ និង​ការបាញ់បោះ​ក្នុង​ក្រុង​របស់​យើង ក្រោយ​ចប់​កម្មវិធី​នេះ ខ្ញុំ​នឹង​ដឹកនាំ​ចាត់វិធានការ​នានា​ពាក់ព័ន្ធ​ទៅនឹង​ស្ថាន ភាពអាក្រក់​បែបនេះ​។
​ក្នុងនាម​ប្រធាន​គណៈបញ្ជាការ​ឯកភាព​ខេត្ត ខ្ញុំ​ពិតជា​ត្រូវ​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​សន្តិសុខ​នៅទីនេះ រួមទាំង​កងកម្លាំងប្រដាប់អាវុធ​របស់​យើង​នឹង​ចាត់វិធានការ​ជាក់ស្ដែង​ថែមទៀត​ក្នុងការ​គ្រប់គ្រង​សន្តិសុខ​ដល់​អ្នកវិនិយោគ និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​របស់​យើង​។ ពិតណាស់ថា​ការចាត់វិធានការ​វា​មាន​បញ្ហា​ខ្លះ​នឹងត្រូវ​កើតឡើង​នៅតាម​ទីកន្លែង​មាន​ភាពស្មុគស្មាញ​មួយចំនួន និង​ការធ្វើដំណើរ​នៅតាម​ដងផ្លូវ យ៉ាងណាក៏ដោយ​ក្នុងពេល​សមត្ថកិច្ច​រប​ស់​យើង​ចុះ​ធ្វើ​ប្រតិបត្តិការ វា​ពិតជា​បងប្អូន​មិន​សប្បាយចិត្ត​វា​អាច​ប៉ះពាល់​ដល់​ការធ្វើដំណើរ​តាម​ដងផ្លូវ​សាធារណៈ​ដោយ​ចំណែក​ខ្លះ ដើម្បី​គ្រប់គ្រង​ការងារ​សន្តិសុខ​ឱ្យ​បានល្អ​ឡើងវិញ កិច្ចការ​នេះ​ក៏​ជា​ដំណើរការ​គាំទ្រ​ដល់​ការវិនិយោគ និង​ភ្ញៀវទេសចរ​ក្នុង​ខេត្ត​របស់​យើង​ផងដែរ​៕

អត្ថបទដែលជាប់ទាក់ទង