ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវល្បឿនលឿន ពីភ្នំពេញ-ព្រះសីហនុ ត្រូវបាន CDC អនុម័ត ក្រោមទុនវិនិយោគ១,៨៧ពាន់លានដុល្លារ ដែលសាងសង់ដោយក្រុមហ៊ុនចិន

228

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC ) បានអនុម័ត ឲ្យក្រុមហ៊ុនរបស់ប្រទេសចិនឈ្មោះ CAMBODIAN PPSHV EXPRESSWAY CO.,LTD. ដើម្បីអនុវត្តន៍គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ តាមរូបភាពសាងសង់-អាជីវកម្ម-ផ្ទេរ (BOT) មានទុនវិនិយោគប្រមាណ ១,៨៧ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៩.៥១៥កន្លែង។

នេះបើតាមការចុះផ្សាយរបស់គេហទំព័រហ្វេសប៊ុក ផ្លូវការរបស់ CDC កាលពីថ្ងៃទី១៤មិថុនា ៖”តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ “វិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ” ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១-“CAPITAL MINERAL RESOURCES INVESTMENT CO.,LTD.”: គម្រោងបង្កើតរោងចក្រអាជីវកម្មថ្មអារ (ថ្មម៉ាប) ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ចំការលើ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង មានទុនវិនិយោគប្រមាណ ១១,៩៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៧៣កន្លែង។ ២-“CAMBODIAN PPSHV EXPRESSWAY CO.,LTD.”: គម្រោងសាងសង់ ប្រតិបត្តិការ និងធ្វើអាជីវកម្ម ផ្លូវល្បឿនលឿន ភ្នំពេញ-ខេត្តព្រះសីហនុ តាមរូបភាព សាងសង់-អាជីវកម្ម-ផ្ទេរ “BOT” មានទុនវិនិយោគប្រមាណ ១,៨៧ប៊ីលានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៩.៥១៥កន្លែង។ ៣-“ROYAL CERA CO.,LTD.”: គម្រោងបង្កើតរោងចក្រផលិតក្បឿង ចានបង្គន់អនាម័យ និងការ៉ូ ដែលមាន ទីតាំងវិនិយោគស្ថិតនៅភូមិទ្វារថ្មី ឃុំព្រៃថ្នង ស្រុកទឹកឈូ ខេត្តកំពត មានទុនវិនិយោគប្រមាណ ១៥,៣៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ១.២២៤កន្លែង។ ៤-“TROPICAL FRUIT ASIA (CAMBODIA) CO.,LTD.”: គម្រោងបង្កើតរោងចក្រកែច្នៃផ្លែឈើ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ២៧ ឃុំពើក ស្រុងអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៦,៤៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបាន ៣៨០កន្លែង”។

របាយការណ៍របស់ ក្រសួងសធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ពាក់ព័ន្ធគម្រោងសាងសង់ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនដំបូងគេ នៅកម្ពុជា អាចនឹងបើកការដ្ឋានសាងសង់នៅចុងឆ្នាំ២០១៨នេះហើយ។ ការសិក្សាគម្រោងត្រូវបាន បិទបញ្ចប់ហើយ បច្ចុប្បន្នកំពុងចរចាទិញដីរបស់ប្រជាពលរដ្ឋ និងទូទាត់សំណងផលប៉ះពាល់ផ្សេងៗ។ លោកបានបញ្ជាក់ថា «ថវិកាមិនមានបញ្ហាអ្វីនោះទេ អ្វីដែលសំខាន់ គឺការចរចាទិញដី និងដោះស្រាយសំណងផលប៉ះពាល់ជូនប្រជាពលរដ្ឋ»។ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការដឹកជញ្ជូនទំនិញតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ពីរគឺរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ។ ជាពិសេសការដឹកទំនិញពីបណ្តារោងចក្រនានា ទៅកាន់កំពង់ផែស្វយ័តព្រះសីហនុ សម្រាប់ការនាំចេញទៅកាន់ប្រទេស ក៏ដូចជាការដឹកទំនិញពីកំពង់ផែស្វយ័តព្រះសីហនុ ទៅតំបន់ទៅតំបន់ដទៃទៀត។

គួររំលឹកថា នាអំឡុងពេលដំណើរទស្សនកិច្ច នៅកម្ពុជា របស់នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិន លោក លី ខឺឈាង កាលពីដើមឆ្នាំ២០១៨នេះ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានចុះហត្ថលេខា ជាមួយលោក លាវ ឈីថាវ ប្រធានក្រុមហ៊ុនសំណង់គមនាគមន៍ចិន លើគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ដែលមានប្រវែង ១៩០,៦៣គីឡូម៉ែត្រ និងមានតម្លៃប្រមាណ ២ពាន់លានដុល្លារអាមេរិក។ ពិធីចុះហត្ថលេខានេះ បានធ្វើឡើងក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លី ខឺឈាង នាយករដ្ឋមន្ត្រីចិន៕

អត្ថបទដែលជាប់ទាក់ទង