ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេខ្លោង​ជនជាតិ​ចិន​៩​នាក់ ត្រូវ​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ ក្នុងការបង្ក្រាប​ភោជនីយដ្ឋាន ខារ៉ាអូខេ​នៅ ក្រុងព្រះសីហនុ រកឃើញ​គ្រឿងញៀន​ជាង​១២​គីឡូក្រាម និង​អាវុធ​៣​ដើម 

60

 

ព្រះសីហនុ​៖​ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ភោជនីយដ្ឋាន ខារ៉ាអូខេ​មួយកន្លែង​ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ឈ្មោះ​«​ស៊ីន​ខាយ​សៀន​មិន​» របស់ ជនជាតិ​ចិន​នេះ កម្លាំង​ជំនាញ​រឹបអូស​បាន​គ្រឿងញៀន​ជាង​១២​គីឡូក្រាម និង​អាវុធ​៣​ដើម (​អាវុធ​វែង​មួយ​ដើម និង​អាវុធខ្លី​២​ដើម​) ព្រមទាំង​វត្ថុតាង​មួយចំនួនទៀត ចាប់​មេខ្លោង​និង​បក្ខពួក​ជា​ជន​ជាតិចិន​ចំនួន​៩​នាក់ បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់​។​

នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ឲ្យ​បណ្តាញ​ផ្សព្វផ្សាយ​ដឹងថា ប្រតិបត្តិការ​របស់​ក​ម្លាំ​ង​គណបញ្ជាការ​ឯកភាព​រដ្ឋបាលខេត្ត បង្ក្រាប​ភោជនីយដ្ឋាន ខារ៉ាអូខេ​មួយកន្លែង​ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ ឈ្មោះ​«​ស៊ីន​ខាយ​សៀន​មិន​» របស់​ជនជាតិ​ចិន​កាលពី​យប់​ថ្ងៃ​៣០​កញ្ញា​២០២០ មាន​បង្កប់​អំពើ​ជួញដូរ ប្រើប្រាស់​គ្រឿងញៀន និង​ប​ម្រេ​ី​សេវា​ផ្លូវភេទ ក្រោយ​បញ្ចប់​ការសាកសួរ​ស្រាវ​រួចមក ក្នុងចំណោម​មនុស្ស​ជាង​៤០០​នាក់ មាន​ជនជាតិ​ចិន​,​ជនជាតិ​វៀតណាម​និង​ខ្លះទៀត​ជា​ជនជាតិខ្មែរ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​ជាបឋម នគរបាល​រកឃើញ​មាន​មេខ្លោង​និង​បក្ខពួក​ជា​ជន​ជាតិចិន​ចំនួន​៩​នាក់​ដែលមាន​បទល្មើស និង​បាន​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ដើម្បី​ផ្ដន្ទាទោស​តាមផ្លូវ​ច្បាប់ ហើយ​គិត​ត្រឹម​ថ្ងៃ​៤​តុលា​នេះ ជនសង្ស័យ​ទាំង​៩​នាក់​ត្រូវបាន​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​ហើយ​។​

ក្រៅពីនេះ មួយចំនួន​ចាប់បញ្ជូន​ចេញ​ត្រឡប់​ទៅ​ប្រទេស​ដើម​វិញ និង​អ្នក​ដែល​មិន​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ល្មើស​ត្រូវបាន​ដោះលែង​តាម​នីតិវិធី​ច្បាប់​។

​របាយការណ៍​បញ្ជាក់បន្ថែម​ថា ក្នុង​ប្រតិបត្តិការ​នេះ​កម្លាំង​ជំនាញ​រឹបអូស​បាន​គ្រឿងញៀន​ជាង​១២​គីឡូក្រាម និង​អាវុធ​៣​ដើម (​អាវុធ​វែង​មួយ​ដើម និង​អាវុធខ្លី​២​ដើម​) ព្រមទាំង​វត្ថុតាង​មួយចំនួនទៀត​។​ប្រតិបត្តិការ​នេះ​នគរបាល​ប្រើពេល​ជិត​៥​ថ្ងៃ​ទើប​បញ្ចប់​និតិ​វិធី​។​

​បើតាម​ប្រសាសន៍ ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ក្នុងពេល​ជួប​សំណេះសំណាល ផ្តល់​ថវិកា​លើកទឹកចិត្ត​កង​នគរបាល​ខេត្ត​ព្រះសីហនុ ក្នុង​ប្រតិបត្តិ​ការបង្ក្រាប​ទីតាំង ភោជនីយដ្ឋាន ខារ៉ាអូខេ របស់​ជនជាតិ​ចិន​មួយកន្លែង​ក្នុង​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ បង្កប់​ទៅដោយ​អំពើ​ជួញដូរ ចែកចាយ​គ្រឿងញៀន​និង​ជួញដូរ​ផ្លូវភេទ ឃាត់ខ្លួន​ជា​បណ្តោះអាសន្ន​មនុស្ស​ចំនួន​ជាង​៤០០​នាក់ ។
​ពិធី​ជួប​សំណេះសំណាល​នេះ ធ្វើឡើង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃទី​៤​ខែតុលា​ឆ្នាំ​២០២០៕​

អត្ថបទដែលជាប់ទាក់ទង