ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ ការបោះឆ្នោតនៅកម្ពុជា ជាគំរូដ៏ល្អមួយ!

304


ភ្នំពេញ៖ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ កាលពីថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ បានបញ្ចប់ដោយរលូន មិនមានអំពើហិង្សា ឬក៏ការគំរាមកំហែងណាមួយឡើយ។ ការបោះឆ្នោតនៅកម្ពុជា លើកនេះ ត្រូវបានគេចាត់ទុកថា ជាគំរូដ៏ល្អមួយ សម្រាប់ប្រទេសនានាលើពិភពលោក ពិសេសសម្រាប់ប្រទេសក្នុងតំបន់ទន្លេមេគង្គ។
ជាការពិតណាស់ នៅលើពិភពលោក ប្រទេសណាក៏ដោយ ឲ្យតែរៀបចំការបោះឆ្នោត គឺនៅមុនការបោះឆ្នោត នៅថ្ងៃបោះឆ្នោត និងនៅក្រោយការបោះឆ្នោត គឺតែងតែមានការតវ៉ា មិនទទួលយកលទ្ធផលបោះឆ្នោត ជាដើម។ នៅមុនការបោះឆ្នោត ក៏តែងមានការបាញ់សម្លាប់ ឬក៏គំរាមកំហែង មានបក្សកាន់អំណាច និងបក្សក្រៅរដ្ឋាភិបាល ឬបក្សប្រឆាំង។
ចំណែកនៅកម្ពុជាតំាងពីយុទ្ធនាការឃោសនាបោះឆ្នោត រហូតដល់ការបោះឆ្នោតហើយ និងពេលកំពុងបោះឆ្នោត គឺមិនមានអំពើហិង្សា គ្មានការគំរាមកំហែង ហើយក៏គ្មានការតវ៉ាពីលទ្ធផលបោះឆ្នោតដែរ។ វាមិនដែលមានទេ នៅលើពិភពលោកនេះ ពិសេសនៅប្រទេស តាមដងទន្លេមេគង្គនេះ គឺប្រទេសកម្ពុជានេះហើយ ដែលជាប្រទេស គេហៅថា ជើងឯកលទ្ធិប្រជាធិបតេយ្យ ដែលកម្ពុជា បានអនុវត្តទៀងទាត់រៀងរាល់ ៥ឆ្នាំម្តង។
នៅតាមដងទន្លេមេគង្គ ទាំង ៦ ប្រទេស រួមមាន៖ ចិន វៀតណាម ឡាវ ភូមា ថៃ និងកម្ពុជា។ នៅចិន វៀតណាម និងប្រទេសឡាវ មិនមានការបោះឆ្នោតទេ។ រីឯនៅភូមា ទើបតែបោះឆ្នោតជាថ្មី បានម្តង ហើយនៅថៃ ក៏មានរដ្ឋប្រហារ ក្រោយការបោះឆ្នោត ក៏លែងមានការបោះឆ្នោត។ ដោយឡែក កម្ពុជាយើង បានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យ ដោយរៀបចំការបោះឆ្នោត រៀងរាល់ ៥ ឆ្នាំម្តង។
ក្នុងរយៈពេល ២៥ ឆ្នាំ មានតែប្រទេសកម្ពុជាមួយទេ ដែលគោរពលទ្ធិប្រជាធិបតេយ្យជាងគេ នៅអាស៊ី។ កម្ពុជា បានបោះឆ្នោតទៀងទាត់ ទោះបីបោះឆ្នោតហើយ រយៈពេល ២០ ឆ្នាំ កន្លងមក មានការតវ៉ាក៏ដោយ ក៏កម្ពុជានៅតែរៀបចំការបោះឆ្នោតដែរ។ ប៉ុន្តែក្នុងអាណត្តិទី៦នេះ យើងឃើញថា កម្ពុជាអនុវត្តបានល្អក្នុងការបោះឆ្នោត តាមលទ្ធិប្រជាធិបតេយ្យ សេរី ពហុបក្ស ដោយគ្មានការគំរាមកំហែង គ្មានអាវុធ គ្មានការចល័តទ័ព ចុះឡើង គឺមិនមានទេ។
ផ្ទុយទៅវិញ បើយើងមើលនៅប៉ាគីស្ថាន មុនបោះឆ្នោត មានស្លាប់មនុស្សដល់ទៅ ៣០ នាក់ ក្នុង មួយថ្ងៃៗ ដោយសារតែបាញ់គ្នា។ តែអង្គការសហប្រជាជាតិ ឬក៏ពួកសិទ្ធិមនុស្ស មិនដែលនិយាយពីប្រទេសប៉ាគីស្ថានទេ និយាយតែពីកម្ពុជា ដោយអី? ដោយសារតែកម្ពុជាមានកឹមសុខា និងសមរង្ស៊ី។ បើអត់មានពីរនាក់នឹង ប្រទេសកម្ពុជា នឹងសុខសាន្ត ដូចយើងពេលនេះអីចឹង។ បើមាន២នាក់នេះ ប្រទេសកម្ពុជា ដូចឆ្នាំ២០១៣ អីចឹង គឺដុតឡាន វ៉ៃកម្ទេចអគារពាណិជ្ជកម្មរបស់ឯកជន រដ្ឋ ហែបាតុកម្មរាប់ខែ ធ្វើឲ្យសេដ្ឋកិច្ចអាប់អួរ ប្រជាជនមានការភ័យខ្លាចរាល់ថ្ងៃ ដោយសារមានសមរង្ស៊ី និងកឹមសុខា។
ក៏ប៉ុន្តែនៅពេលនេះ អត់មាន ២នាក់នេះ ចូលបោះឆ្នោត គឺឆ្នាំ២០១៨ នេះ ស្ងាត់ឈឹង តាមផ្លូវអត់មានអីទាំងអស់។ នៅថ្ងៃបោះឆ្នោត ប្រជាជនទៅដើរលេងយ៉ាងសប្បាយ។ ទីក្រុងភ្នំពេញ មិនមានបញ្ហាអ្វី ចង់ដើរមួយយប់ទាល់ភ្លឺ ក៏មិនមានបញ្ហាអ្វីដែរ នៅថ្ងៃបោះឆ្នោត និងក្រោយបោះឆ្នោត។ អីចឹង តើយើងទៅរកនៅឯណាទៀតនូវសុខសន្តិភាព ពិសេសអំឡុងពេលបោះឆ្នោតដូច្នេះ? ហើយតើទៅរកនៅឯណាទៀត ដែលការបោះឆ្នោតល្អរបៀបកម្ពុជា នៅឆ្នាំ២០១៨ នេះ?

អត្ថបទដែលជាប់ទាក់ទង