ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរងគ្រោះទឹកជំនន់​ ៣.៥០០គ្រួសារ​ នៅខេត្តកំពង់ចាម រំភើបរីករាយ​ពេលទទួលអំណោយពីកាកបាទក្រហមកម្ពុជា

119

នៅព្រឹកថ្ងៃសុក្រ ទី ៣​ ខែ​សីហា​ ឆ្នាំ​២០១៨​ នេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា​ បានអញ្ជើញជួបសំណេះសំណាល​ សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ដោយផ្ទាល់ ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់​ ចំនួន​ ១.៥៤៨គ្រួសារ​ រស់នៅភូមិចំនួន​ ៨ នៃឃុំកោះសំរោង​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម។​

ទន្ទឹមនឹងនោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​ បានអញ្ជើញបូជាទៀនធូប​ ផ្កាភ្ញី​ ថ្វាយព្រះពុទ្ធបដិមា​ និងនាំយកទេយ្យវត្ថុជាច្រើន​ ទៅប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សានៅវត្តឥន្ទកោសី​ ចុងកោះជ្រូក ដែលជាទីតាំងប្រារព្ធពិធីស្ថិតនៅភូមិទី៤​ ឃុំកោះសំរោង​ ស្រុកកំពង់សៀម​ ខេត្តកំពង់ចាម។

នៅក្នុងឱកាសជួបសំណេះសំណាលនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវការនឹករលឹក និងក្តីស្រឡាញ់ជ្រាលជ្រៅជាមួយប្រជាពលរដ្ឋទាំងអស់​ និងបាននាំមកនូវអំណោយ មនុស្សធម៌របស់កាកបាទក្រហមកម្ពុជា រួមមានស្បៀង និងសម្ភារ​ប្រើប្រាស់ ដែលបានមកពីសប្បុរសជនជាតិ និងអន្តរជាតិ​ ជាពិសេស​ ក្នុងទិវា​ ៨​ ឧសភា។

ជាមួយគ្នានោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងកោតសរសើរ​ និងអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ សាខា-អនុសាខា​កាកបាទក្រហមកម្ពុជា ​ឱ្យបន្តចុះតាមដាន​ និងបំពេញតម្រូវការជូនបងប្អូនប្រជាពលរដ្ឋ នៅក្នុងខេត្ត ស្រុក ភូមិ ឃុំ ដែលពិបាក និងមានការខ្វះខាតខ្លាំងឱ្យបានទាន់ពេលវេលា​ ទាំងក្នុងពេលទឹកឡើង​ និងពេលទឹកស្រកទៅវិញ។​ ទន្ទឹមនេះ​ សម្តេច​ សូមអំពាវនាវ​ដល់ប្រជាពលរដ្ឋទាំងអស់​ ត្រូវយកចិត្តទុកដាក់គិតគូរពីបញ្ហា​សុខភាព​ រស់នៅមានអនាម័យ​ ដោយប្រើប្រាស់ទឹកស្អាត​ និងពិសាទឹកដាំពុះ​ និងប្រុងប្រយ័ត្នចំពោះសត្វអាសិរ្ពិសគ្រប់ប្រភេទ​ ហើយឆាប់ប្រកបមុខរបរ​បង្កបង្កើនផល​ដើម្បីលើកស្ទួយជីវភាពគ្រួសារឡើងវិញនៅក្រោយពេលទឹកស្រក។​ សូមប្រជាពលរដ្ឋប្រុងប្រយ័ត្នកុមារតូចៗ ដែលងាយគ្រោះថ្នាក់ដោយសារទឹកជំនន់​ និងសូមគោរពច្បាប់ចរាចរណ៍​ បើកបរប្រុងប្រយ័ត្នដើម្បីសុវត្ថិភាពនៅពេលធ្វើដំណើរ។

គ្រួសារនីមួយៗទទួលបាន​ ៖ អង្ករ ៣០គក្រ មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ ទឹកសុទ្ធ១ដប នំបុ័ង១ដើម។ ជាមួយគ្នានេះ​ គ្រួសារនីមួយៗ​ នៅទទួលបាន ក្រណាត់ស ១ដុំ និងថវិកា១មុឺនរៀលទៀត​ ជាអំណោយរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។

សូមបញ្ជាក់ជូនថា​ ជាមួយនឹងការចែកអំណោយ ជូនប្រជាពលរដ្ឋរងគ្រោះដោយផ្ទាល់ចំនួន​ ១.៥៤៨គ្រួសារ​ ខាងលើនេះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ បានផ្តល់ជូនសាខាកាកបាទក្រហមកម្ពុជា​ ខេត្តកំពង់ចាម​ សម្រាប់ធ្វើសកម្មភាពជា បន្តបន្ទាប់​ទៅតាមតំបន់គោលដៅរងគ្រោះ​នូវ​ស្បៀង​ និងសម្ភារប្រើប្រាស់​សម្រាប់ប្រជាពលរដ្ឋ​ ១.៩៥២គ្រួសារ ព្រមទាំង​ តង់ចំនួន​ ២០០​ផ្ទាំង​ និងរទេះជនពិការចំនួន​ ១០គ្រឿង​ ផងដែរ៕

អត្ថបទដែលជាប់ទាក់ទង