ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចុះប្រមូលសំរាម

78

រាជធានីភ្នំពេញ ៖ ស្របពេលដែលក្រុមកម្មកររបស់ក្រុមហ៊ុនស៊ិនទ្រី នៅតែបន្តធ្វើកូដកម្មដោយមិនចុះប្រមូលសំរាមនេាះ អាជ្ញាធរខណ្ឌច្បារអំពៅ ដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅនារសៀលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២០នេះ បានចុះប្រមូលសំរាម តាមបណ្តោយផ្លូវ៣៦៩ ( ព្រែកប្រា ) គិតចាប់ពីគល់ស្ពានព្រះមុន្នីវង្សីថ្មី ក្នុងសង្កាត់ច្បារអំពៅ១ រហូតដល់គល់ស្ពានព្រែកសំរោង ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។

ការចុះប្រមូលសម្រាមតាមដងផ្លូវ និងតាមលំនៅឋានពលរដ្ឋខាងលើនេះ គឺអាជ្ញាធរប្រើរថយន្តដឹកសម្រាម២គ្រឿង និងរ៉ឺម៉កដឹកសម្រាម៣គ្រឿង រួមទាំងប្រើកម្លាំងប្រជាការពារសង្កាត់ខណ្ឌជាច្រើននាក់ផងដែរ ក្នុងការប្រមែប្រមូល ។

ក្នុងឱកាសនេាះ លោក ចេង មុនីរ៉ា ក៏បានណែនាំដល់ចៅសង្កាត់ ប្រាប់ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចូល​រួម​សហការ​ ទុក​ដាក់​ និង​វេចខ្ចប់សំរាម​ឱ្យបាន​ត្រឹម​ត្រូវ​ និង​តាម​ពេល​វេលា​ដែល​បាន​កំណត់​ ដេីម្បី​ងាយស្រួល​ដល់ក្រុមការងារ​ប្រមូល​សំរាម​ និង​បានលឿន​ រហ័ស ដើម្បីធានាបានមិនអោយមានសំរាមស្អុយរលួយបង្កជាក្លិនអាសោចទៅកាន់បរិស្ថានសង្គម ។

គួរបញ្ជាក់ថា នាវេលាព្រឹកថ្ងៃខែដដែល លោកអភិបាលខណ្ឌ បានបើកកិច្ចប្រជំុបន្ទាន់មួយជាមួយចៅសង្កាត់ទាំង៨ និងក្រុមការងារអនាម័យ បរិស្ថាន ដើម្បីដាក់ផែនការអោយលោក-លោកស្រី ជាចៅសង្កាត់ទាំងអស់និងក្រុមការងារអនាម័យ បរិស្ថាន ខណ្ឌ ដឹកនាំកម្លាំងប្រមូលសំរាមប្រចាំថ្ងៃ ដោយចែកចេញជា២វេន ។

គួររំលឹកបន្ថែមថា ជាដំណោះស្រាយបន្ទាន់ នៅ​ថ្ងៃ​ទី​៦ ខែ​តុលា​នេះដដែល លោក ឃួង​ ស្រេង​ បានបញ្ចេញរថយន្តប្រមូលសំរាមថ្មីចំនួន៧០គ្រឿង​ រួមជាមួយរឺម៉ក់ប្រមូលសំរាមរាប់សិបគ្រឿង និងកម្លាំងសន្តិសុខ​សណ្តាប់​ធ្នាប់គ្រប់ខណ្ឌ​ ​ចេញប្រតិបត្តការប្រមូលសំរាម ក្នុងរាជធានីភ្នំពេញ​ ខណៈ​ដែល​កម្មករក្រុមហ៊ុន ស៉ិនទ្រី ធ្វើកូដកម្មដោយមិនចេញប្រមូលសំរាម ដោយក្រុម​ការងារ​ប្រមូល​សំរាម​បណ្តោះអាសន្ន​នេះ​ បានចែក​ចេញជា៣វេន ផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង