ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងសាធារណការ ចេញសេចក្តីណែនាំ៩ចំណុច ដើម្បីចូលរួមសហការគ្រប់គ្រងគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀង

74

(ភ្នំពេញ)៖ ដើម្បីឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុនេះ
ដែលបានបង្កឱ្យមានភ្លៀងបន្តធ្លាក់ជាច្រើនថ្ងៃស្ទើរគ្រប់ទីកន្លែងក្នុងកម្រិតពីមធ្យមទៅច្រើន
ធ្វើឱ្យតំបន់មួយចំនួនបន្តទទួលរងជំនន់ទឹកភ្លៀង ដែលធ្វើឱ្យប៉ះពាល់ ខូចខាតហេដ្ឋារចនាសម្ព័ន្ធ
និងបង្កការលំបាកប្រជាពលរដ្ឋ ក្រសួងសាធារណការ និងដឹកជញ្ជូន
បានចេញសេចក្តីណែនាំដល់ក្រុមការងារលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ របស់ក្រសួង
អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស កំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ
និងលោកប្រធានមន្ទីរសាធារណការគ្រប់រាជធានី-ខេត្ត
ត្រូវចូលរួមសហការគ្រប់គ្រងគ្រោះមហន្តរាយដោយជំនន់ទឹកភ្លៀងឱ្យមានប្រសិទ្ធភាព។

នៅក្នុងសេចក្តីណែនាំទាំង៩ចំណុច របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលសារព័ត៌មាន Fresh News
ទទួលបាននៅរសៀលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០នេះ មានដូចជា៖

* ទី១៖ ត្រូវចូលរួមផ្សព្វផ្សាយសភាពការណ៍អំពីគ្រោះអាសន្ននានា
និងប្រមូលព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយពីខ្សែបណ្ដោយ គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ។

* ទី២៖ ត្រូវចូលរួមសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់
ក្នុងការធ្វើប្រតិបត្តិការឆ្លើយតបទៅនឹងគ្រោះអាសន្ន និងការស្តារឡើងវិញក្រោយ គ្រោះទឹកជំនន់។

* ទី៣៖ ក្នុងករណីមានការកាត់ផ្តាច់ផ្លូវ-ស្ពាន (ការផ្តាច់ចរាចរណ៍)
សូមចាត់កម្លាំងជាបន្ទាន់ចុះជួសជុលនិងតភ្ជាប់ផ្លូវស្ពាន ដើម្បីធានាឱ្យមាននិរន្តរភាពចរាចរណ៍
និងសូមលើកសំណើសុំគោលការណ៍ធានាចំណាយមកក្រសួងឱ្យបានឆាប់រហ័សបំផុត។

* ទី៤៖ សូមមេត្តាចាត់កម្លាំងតម្លើងស្លាកសញ្ញាចរាចរណ៍ និងស្លាកសញ្ញាសុវត្ថិភាពនៅតាមទីតាំងដែលកំពុង
និងងាយរងគ្រោះដោយទឹកជំនន់ ដើម្បីចៀសវាងនូវគ្រោះថ្នាក់ ជាយថាហេតុដល់អ្នកដំណើរ។

* ទី៥៖ សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ មន្ទីរជំនាញពាក់ព័ន្ធ ដើម្បីទប់ទល់គ្រោះទឹកជំនន់
និងទប់ស្កាត់មធ្យោបាយដឹកជញ្ជូនធន់ធ្ងន់ ដែលឆ្លងកាត់ ទីតាំងកំពុងរងគ្រោះដោយទឹកជំនន់
និងត្រូវផ្សព្វផ្សាយផ្តល់ព័ត៌មានផ្លូវការជូនប្រជាពលរដ្ឋ អ្នកធ្វើដំណើរ និងក្រុមហ៊ុនដឹកជញ្ជូនផ្សេងៗ។

* ទី៦៖ ត្រូវសហការប្រើប្រាស់មធ្យោបាយ និងសម្ភារបរិក្ខាររបស់អង្គភាពសាមី
ដើម្បីត្រៀមចូលរួមធ្វើអន្តរាគមន៍ រុករក និងសង្គ្រោះប្រជាពលរដ្ឋក្នុងករណីចាំបាច់។

* ទី៧៖ ត្រូវចូលរួមស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់-ស្ពាន
ដែលកំពុងទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង និងស្ថិតក្រោមសមត្ថកិច្ចរបស់ ក្រសួងសាធារណការ
និងដឹកជញ្ជូន។

* ទី៨៖ ត្រូវចូលរួមកៀរគរជំនួយផ្នែកមធ្យោបាយ សម្ភារបរិក្ខារ ធនធានមនុស្ស និងហិរញ្ញវត្ថុ
ពីដៃគូអភិវឌ្ឍន៍នានា អង្គការជាតិ និងអន្តរជាតិដែលមានកិច្ចសហការជាមួយ ក្រសួងសាធារណការ
និងដឹកជញ្ជូន ដើម្បីឆ្លើយតបនិងដោះស្រាយករណីបន្ទាន់ឱ្យបានឆាប់រហ័ស និងមានប្រសិទ្ធភាព។

* ទី៩៖ ត្រូវធ្វើរបាយការណ៍ និងរាយការណ៍អំពីសភាពការណ៍ជាប្រចាំមកក្រសួង ដើម្បីចាត់វិធានការបន្ទាន់៕

ខាងក្រោមនេះជាសេចក្តីណែនាំរបស់ក្រសួងក្រសួងសាធារណការ និងដឹកជញ្ជូន៖

អត្ថបទដែលជាប់ទាក់ទង