ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

Camsocពិភាក្សានិងត្រួតពិនិត្យលើវឌ្ឍនភាព គណៈកម្មការពិធីបើក-ពិធីបិទ និងការត្រៀមរៀបចំការរត់ភ្លើងគប់

86

ភ្នំពេញ៖លោកវ៉ាត់ចំរើនបានមានប្រសាសន៍ឱ្យដឹងថាពេលនេះគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ឆ្នាំ២០២៣ ហៅកាត់ គ.ជ. ប.អ (CAMSOC) កំពុងតែពិភាក្សានិងត្រួតពិនិត្យលើវឌ្ឍនភាពគណៈកម្មការពិធីបើក-ពិធីបិទ ស៊ីហ្គេម ២០២៣ និងការត្រៀមរៀបចំការរត់ភ្លើង គប់ ។

លោកអគ្គលេខាធិការ វ៉ាត់ ចំរើន បញ្ជាក់ថា សម្រាប់ការ រៀបចំពិធីបើក-បិទ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ យើងមានគណៈកម្មការជំនាញរបស់ខ្លួន ដោយមានក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលជាអ្នកជំនាញ ដែលមានព្រឹទ្ធាចារ្យ រដ្ឋលេខា ធិការ ដែលជាក្រុមការងារពិសេសជួយជ្រោមជ្រែងរៀបចំពិធីបើកបិទនេះដោយលោកស្រីរដ្ឋមន្ត្រីក្រសួងវប្បធម៌បានគាំទ្រនិងជំរុញយ៉ាងខ្លាំងដល់ការរៀបចំនេះ។

លោកបន្ត ព្រឹទ្ធាចារ្យវប្បធម៌ជាអ្នករៀបចំ និងបង្ហាញនូវរបៀបរបបនៃអរិយធម៌ដ៏រុងរឿងរបស់ខ្មែរតាំងពីបុរាណរហូតដល់បច្ចុប្បន្ន និងរំលេចចេញមក ដល់នយោបាយឈ្នះៗ ដែលជាសម័យរុងរឿងសម័យតេជោរបស់យើង។ ពិធីបើកបិទនេះ គឺយើងត្រូវធ្វើយ៉ាងណា ឲ្យមាន ការទទួលខុសត្រូវ ការប្រទាក់ក្រឡាជា មួយនឹងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត ។Camsocនឹង កំណត់ឲ្យហើយថាតើយើងត្រូវប្រមែលប្រមូលធនធានមនុស្សមកពីស្ថាប័នណាខ្លះឮដើម្បីត្រៀមឲ្យពិធីបើកបិទនេះមានធនធានមនុស្សគ្រប់គ្រាន់ដូច្នេះពិធីបើកបិទនេះត្រូវការទាំងអ្នកជំនាញត្រូវការធនធានមនុស្សសម្រាប់ការហ្វឹកហាត់ត្រៀមដែលត្រូវចាប់ផ្តើមពីឆ្នាំក្រោយនេះរហូតដល់ឆ្នាំ២០២៣តែម្តង។

សម្រាប់សមាសភាពចូលរួមសម្តែងក្នុងពិធីបើក-បិទនេះ គឺមានខាងកងយោធ ពលខេមរភូមិន្ទ ដែលចាំបាច់ត្រូវមានចំនួនដ៏ច្រើន រួមទាំងខាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអ្នកជំនាញ ព្រមទាំងត្រូវ ការសមាសភាពធនធានមួយចំនួនទៀតពីក្នុងចំណោមយុវជន ដែលជាសិស្សនិស្សិតរបស់យើង។ ការបង្ហាញនៅក្នុងពិធីបើកបិទនេះ គឺយើងត្រូវសង្កត់ធ្ងន់ទៅលើការបង្ហាញពីមូលដ្ឋានគ្រឹះ ភាពអស្ចារ្យនៃអរិយធម៌ វប្បធម៌របស់យើង ដែលក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកំពុងរៀបចំនូវភាពលម្អិត ដើម្បីបង្ហាញចេញនូវភាព «ឯក» នៅក្នុងវប្បធម៌ខ្មែរ។ «នៅក្នុងពិធីបើកបិទនេះ យើងបានរៀបចំជាគ្រោងរួចរាល់អស់ហើយៗមានប្រក្រតីទិនពិធីបើកបិទរួចដែរ ហើយនៅថ្ងៃនេះយើងបានចុះហត្ថលេខាលើប្រក្រតីទិនការងារនៃពិធីបើកបិទ។

ចំពោះការរត់ភ្លើងគប់ស៊ីហ្គេម ឆ្នាំ២០២៣ នេះ លោកវ៉ាត់ចំរើន បញ្ជាក់ថា យើងបានកំណត់នូវពេលវេលាច្បាស់លាស់រួចរាល់ហើយដែរ ហើយCamsoc នឹងលម្អិតនូវកម្មវិធីរត់ភ្លើងគប់នេះ ដែលត្រូវប្រារព្ធពិធីសុំភ្លើងគុបពីព្រះ អាទិទេពរួចហើយត្រូវរត់នៅក្នុងព្រះរាជា ណាចក្រកម្ពុជាចេញទៅបណ្តាប្រទេសទាំង១០ផ្សេងទៀត ដែលជាសមាជិកអាស៊ីអាគ្នេយ៍ ហើយរត់ចូលមកកម្ពុជាវិញ រហូតដល់ពិធីបើកផ្លូវការស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ៕

 

 

 

 

អត្ថបទដែលជាប់ទាក់ទង