ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្ថិតក្នុង​ស្ថានភាព​នៃ​គ្រោះទឹកជំនន់ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផលដំណាំ និង​សត្វពាហនៈ របស់​ប្រជាកសិករ នៅតាម​បណ្តា​ខេត្ត​មួយចំនួន

39

​ភ្នំពេញ​៖ ក្នុងនាម​ក្រសួង​ទទួលខុសត្រូវ​លើ​សន្តិសុខ​ស្បៀង នា​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី ១៥ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តម​រដ្ឋមន្ត្រី វេ​ង សាខុន អមដំណើរ​ដោយ​សហការី និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត បាន​អញ្ជើញ​ចុះមក​ពិនិត្យ និង​វាយតម្លៃ​លើ​ផលប៉ះពាល់​ដំណាំ​ស្រូវ ដែល​បណ្តាលមកពី​គ្រោះទឹកជំនន់​នៅ​ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ​។

​ចុះ​ពិនិត្យឃើញ​ទិដ្ឋភាព​នៃ​គ្រោះមហន្តរាយ​លើ​ដំណាំ​ស្រូវ នៅ​ភូមិ​ពោធិ​វង្ស ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ខេត្តពោធិ៍សាត់ ឯកឧត្តម​រដ្ឋមន្ត្រី ចំពោះមុខ​បាន​បញ្ជា​ឲ្យ​ឯកឧត្តម ងិន ឆាយ ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុ​ជាទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កសិកម្ម​បញ្ចេញ​ស្រូវពូជ​ចំនួន ២៩​តោន ជាបន្ទាន់​យកមក​ដោះស្រាយ​បឋម​ជូន​ប្រជាកសិករ​។ អគ្គនាយកដ្ឋាន​កសិក​ម្ម មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ត្រូវ​ចុះមក​តាមដាន​ស្ថានភាព​គ្រោះទឹកជំនន់​នេះ​ឲ្យ បាន​ជាប់​ជាប្រចាំ រួច​វាយតម្លៃ​ផលប៉ះពាល់​ជារួម​ទូទាំង​តំបន់​ដែល​ទទួលរង​គ្រោះ​នេះ បន្ទាប់មក​ត្រូវដាក់​សំណើ​ស្រូវពូជ​ជូន​មក​ក្រសួង​ដើម្បី​ធ្វើការ​ពិនិត្យ​ដោះស្រាយ​តាម​ការចាំបាច់​។
​តាម​ការប៉ាន់ប្រមាណ​ប​ឋ​ម​របស់​អគ្គនាយក​ដ្ឋា​ន​កសិកម្ម និង​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ថា​ខេត្តពោធិសាត់​អាច​ត្រូវការ​ស្រូវពូជ​ប្រហែល ៦០០​តោន​។ ឆ្លៀត​យក​ឱកាស​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ណែនាំ​អគ្គនាយកដ្ឋាន​កសិកម្ម មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ទូទាំង ២៤ រាជធានី​-​ខេត្ត ត្រូវ​យកចិត្តទុកដាក់​អនុវត្តតាម​ខ្លឹមសារ​នៃ​សេចក្តីណែនាំ​លេខ ៤០២ ស​ណន​. កសក ចុះ​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ ស្តីអំពី “​ការចូល​រួមសហការ​គ្រប់គ្រង​គ្រោះមហន្តរាយ និង​កិច្ច​អន្តរាគមន៍​ស្តារ​ការខូចខាត​ឡើងវិញ​នៃ​ផលិតកម្ម​កសិកម្ម​” ។

​យោង​លើ​របាយការណ៍​របស់​ម​ន្ទីរ​បាន​បង្ហាញថា បច្ចុប្បន្ន​ខេត្តពោធិ៍សាត់​កំពុង​ទទួលរង​នូវ​គ្រោះមហន្តរាយ​ទឹកជំនន់ បានធ្វើ​ឲ្យ​ប៉ះពាល់​ផលដំណាំ និង​សត្វពាហនៈ​របស់​ប្រជាកសិករ​ក្នុងស្រុក​/​ក្រុង​ចំនួន ៦ គឺ​ស្រុក​កណ្តៀង វាលវែង ភ្នំក្រវាញ បាកាន តា​លោ​មានជ័យ និង​ក្រុង​ពោធិ៍សាត់​។ ផ្ទៃដី​ដំណាំ​ស្រូវ​អនុវត្តបាន ១៤៥ ៣៤២​ហិកតា ក្នុងនោះ​ផ្ទៃដី​ចំនួន ២៦ ៩៥០​ហិកតា ត្រូវបាន​ទទួលរង​នូវ​ផលប៉ះពាល់ ហើយ​ផ្ទៃដី​ចំនួន ៦ ១៤៣​ហិកតា ត្រូវបាន​ខូចខាត​ទាំងស្រុង​។ ដោយឡែក​ដំណាំ​រួមផ្សំ ឈើ​ហូប​ផ្លែ និង​ដំណាំ​ក​សិ​-​ឧស្សាហកម្ម មាន​ផ្ទៃដី​ប៉ះពាល់​ចំនួន ១០០៨២​ហិកតា និង​ផ្ទៃដី​ខូចខាត​ទាំងស្រុង​មាន ចំនួន ២៤៩៤​ហិកតា​។​

​ចេញពី​ខេត្តពោធិ៍សាត់ ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​បាន​បន្តដំណើរ​មកកាន់​ខេត្តបាត់ដំបង ស្រុក​មោងឫស្សី ឃុំ​ព្រៃ​ស្វាយ ភូមិ​ចាម​រអា​។ ពិនិត្យ​ជារួម ស្ថានភាព​នៃ​គ្រោះទឹកជំនន់​នៅទីនេះ​មិន​ខុស ពី​ខេត្តពោធិ៍សាត់​ទេ គ្រាន់តែ​វិសាលភាព​នៃ​ទំហំ​ផ្ទៃដី​ប៉ះពាល់​បាន​គ្របដណ្តប់​ដល់​ទៅ ១៤​ក្រុង​-​ស្រុក និង​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ​រហូតដល់​ទៅ ៨២៤៧៦​ហិកតា អាចមាន​ផ្ទៃដី​ខូចខាត មិនទាន់បាន​បូកសរុប​នៅឡើយ​។ ដោយឡែក ដំណាំ​សា​វប្បកម្ម និង​ដំណាំ​ក​សិ​-​ឧស្សាហកម្ម មាន​ផ្ទៃដី​ប៉ះពាល់​សរុប​ចំនួន ៤៩៦១៦ ហិកតា និង​ផ្ទៃដី​ខូចខាត​ចំនួន ២៦៩០៧​ហិកតា​។ ជារួម​ស្ថានភាព​ទឹកជំនន់​បាននិងកំពុង​ស្រក​ចុះ​ជា​បណ្តើរៗ​វិលត្រឡប់​ទៅរក​ភាពប្រក្រតី​វី​ញ​។
​ចំពោះ​ផ្ទៃដី​ខូចខាត ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បញ្ជា​ឲ្យ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សហការ​ជាមួយ​នាយកដ្ឋាន​ដំណាំ​ស្រូវ រៀបចំ​ចុះ​ស្រង់​ស្ថិតិ ពិនិត្យ វាយតម្លៃ និង​លើកសំណើ​អន្តរាគមន៍​ស្រូវពូជ​ជាបន្ទាន់ ដើម្បី​យកមក​ចែកជូន​ប្រជាកសិករ​បន្ទាប់ពី​ទឹក​ស្រក​ចុះ ហើយ​ករណីនេះ​មិន​ចំពោះតែ​ខេត្តពោធិសាត់ និង​ខេត្តបាត់ដំបង​ទេ សារ​នេះ​បាន​ផ្ញើជូន​ខេត្ត​ទាំងអស់​ដែល​ទទួលរង​នូវ​ផលប៉ះពាល់​គ្រោះទឹកជំនន់​នេះ​។ ចំពោះ​អគ្គនាយកដ្ឋាន​កសិកម្ម ឯកឧត្តម​រដ្ឋមន្ត្រី​បាន​ណែនាំ​ឲ្យ​ធ្វើ​បច្ចុប្បន្នភាព​សន្និធិ​ស្រូវពូជ​នៅ​ទូទាំងប្រទេស ដើម្បី​កំណត់​បាន​នូវ​លទ្ធភាព​នៃ​ការផ្គត់ផ្គង់​ស្រូវពូជ​បន្ទាប់ពី​ទឹក​ស្រក​ចុះ​។​

​ឆ្លៀត​យក​ឱកាស​នេះ នៅវេលា​ម៉ោង ១៧​និង​០០ ឯកឧត្តម​រដ្ឋមន្ត្រី និង​សហការី​បាន​ចូល​ពិនិត្យ​ស្ថានភាព​ទឹកជំនន់ នៅ​កសិដ្ឋាន​ផលិត​ស្រូវពូជ​ទួល​សំរោង​ផងដែរ​។ យោងតាម​របាយការណ៍​របស់​អគ្គនាយកដ្ឋាន​កសិកម្ម បាន​ឲ្យ​ដឹងថា​កាលពី​ព្រឹក​ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០ វេលា​ម៉ោង​៥​ព្រឹក កម្រិត​ទឹក​ចាប់ផ្តើម​ហក់​ឡើង​យ៉ាង​ឆាប់រហ័ស ធ្វើ​ឲ្យ​ជន់​លិចលង់​ដំណាំ​ស្រូវពូជ​ចំនួន ១៩៥​ហិកតា ក្នុងចំណោម​ផ្ទៃដី​កសិដ្ឋាន​សរុប​ចំនួន ២៩០​ហិកតា ក្នុងនោះ​មាន​៖ – ស្រែ​ផលិត​គ្រាប់​ពូជស្រូវ​ប្រើប្រាស់​ថវិការដ្ឋ​ឆ្នាំ​២០២០ ចំនួន ៦២ ហិកតា – ស្រែ​ផលិត​គ្រាប់ពូជ​គម្រោង Rice-SDP ចំនួន ៧៣ ហិកតា – ស្រែ​ផលិត​គ្រាប់ពូជ​គម្រោង​ជំរុញ​ផលិតកម្ម​ស្រូវ​ក្រអូប​ប្រើប្រាស់​ថវិកា​បន្ថែម​រប​ស់​រដ្ឋ​ឆ្នាំ​២០២០ ចំនួន ៥០ ហិកតា – ស្រែ​បង្ហាញ​ពូជស្រូវ​ផ្ការំដួល​ចំនួន ៥​ហិកតា – ស្រែ​ពិសោធន៍​កម្រិត​ជី NPK និង​ការគ្រប់គ្រង​ជំងឺ​ចំនួន ៤​ហិកតា​
​សូមបញ្ជាក់ថា ដំណាំ​ស្រូវ​ទាំង ១៩៥ ហិកតា កំពុងស្ថិត​ក្នុងដំណាក់កាល​ធ្វើខ្លួន បែក​គុ​ម្ភ​។
​ក្នុង​អន្តរកាល​នេះ កសិដ្ឋាន​កំពុង​ចាត់វិធានការ​ការពារ​ដោយ​ប្រើប្រាស់​អេ​ស្តា​វា​ទ័​រ លើកដី​ព័ទ្ធជុំវិញ​ឃ្លាំង​ស្តុក​ស្រូវពូជ​ដែល​បច្ចុប្បន្ន​មាននៅ​ក្នុង​សន្និធិ​ចំនួន ៦០០​តោន និង​បន្ត​តាមដាន​ស្ថានភាព​ទឹកជា​ប្រចាំ​។ វិធានការ​ចំពោះមុខ កសិដ្ឋាន​បាន​ត្រៀម​រួចហើយ​ម៉ាស៊ីនបូមទឹក ដើម្បី​ជួយសង្គ្រោះ​ដំណាំ​ស្រូវ​នៅពេល​ទឹកជំនន់​ស្រក​ចុះ​ផុត​ភ្លឺ និង​បូមទឹក​ចេញពី​បរិវេណ​កសិដ្ឋាន ករណី​ទឹក​ហូរ​ចូល​លិច​ឃ្លាំង​ស្តុក​។ ប្រឈម​នឹង​បញ្ហា​យ៉ាងធ្ងន់ធ្ងរ​បែបនេះ ឯកឧត្តម​រដ្ឋមន្ត្រី​បានផ្តល់​កម្លាំងចិត្ត​ជូន​ថ្នាក់ដឹកនាំ និង​បុគ្គលិក កម្មករ​កសិដ្ឋាន​ទាំងអស់​មេត្តា​យក​ស្មារតី​ប្រុងប្រយ័ត្ន​ខ្ពស់ ចាត់​វិធាន ការការពារ​ឲ្យ​បាន​ទាន់ពេល និង​មាន​ប្រសិទ្ធភាព​ធ្វើយ៉ាងណា​ការពារ​ស្រូវពូជ និង​ហេដ្ឋារចនាសម្ព័ន្ធ​សំខាន់ៗ​ក្នុង​កសិដ្ឋាន​ឲ្យ​បាន និង​ត្រូវ​បន្ត​តាមដាន​កម្ពស់​ទឹក​ជាប់​ជាប្រចាំ ២៤​ម៉ោង លើ ២៤​ម៉ោង​។ រាយការណ៍​ជូន​អគ្គនាយកដ្ឋាន​ជាប់​ជាប្រចាំ​ដើម្បី​សុំ​អន្តរាគមន៍ ក្នុងករណី​មាន​ភាពអាសន្ន​កើតឡើង​។
​បន្ទាប់​ទឹក​ស្រក អគ្គនាយកដ្ឋាន​ត្រូវ​ចាត់វិធានការ​ចុះមក​ស្តារ​ស្ថានភាព​ដំណាំ ស្រូវ​ឡើងវិញ​តាម​លទ្ធភាព​ដែល​អាច​ធ្វើបាន​។ មួយវិញទៀត ត្រូវ​ប្រញាប់​បញ្ចេញ​ស្រូវពូជ​ដែលមាន​ក្នុង​សន្និធិ​ជូនទៅ​តាម​សំណើ​របស់​មន្ទីរ​ដែល​ទ​ទួល​រង​នូវ​គ្រោះទឹកជំនន់ ធ្វើ​យ៉ាងនេះ​ដើម្បី​កាត់បន្ថយ​ហា​នី​ភ័យ​នៃ​ការ​លិច​ស្រូវពូជ​ដោយ​ប្រការ​ណាមួយ​៕

អត្ថបទដែលជាប់ទាក់ទង