ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គោលការណ៍​របស់​ក្រុមហ៊ុន​អឺរ៉ុប ក្នុងការ​ប្រើប្រាស់​ថាមពល​កើតឡើង​វិញ និង​ការកាត់បន្ថយ​កម្រិត​ឧស្ម័ន​កាបូនឌីអុកស៊ីត​ឱ្យមក ០% ក្នុង​ឆ្នាំ​២០៣០ នៅក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់ខ្លួន

44

​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២២ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម ប៉ាន សូរ​ស័ក្ដិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បានទទួល​ជួប​ជាមួយ​លោក ថា​ស៊ីឡូ ព្រី​ន​សឺ (Tassilo Brinzer) ប្រធាន​ថ្មី​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា ដើម្បី​ពិភាក្សា​ការងារ និង​ព​ង្រឹ​ក​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម​។​

​ជា​កិច្ច​ចាប់ផ្ដើម ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជម្រាបជូន​នូវ​កិច្ចសហប្រតិបត្តិការ​ដ៏​ល្អ​រវាង​ក្រសួងពាណិជ្ជកម្ម និង​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​កន្លងមក ក៏ដូចជា​ធ្វើ​បច្ចុប្បន្នភាព​ជូន​អំពី​ការអនុម័ត​ច្បាប់​ថ្មីៗ ដូចជា ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ច្បាប់​ការពារ​អ្នកប្រើប្រាស់ និង​ការរៀបចំ​សេចក្ដីព្រាងច្បាប់​ប្រកួតប្រជែង​ជាដើម​។ លើសពីនេះ ឯកឧត្តម​រដ្ឋមន្ត្រី ក៏បាន​ជម្រាបជូន​ប្រតិភូ​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ដែល​កម្ពុជា​បានបញ្ចប់​ជាមួយ​សាធារណរដ្ឋ​ប្រជាមានិត​ចិន កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី ដែល​កម្ពុជា​កំពុង​ចរចា​ជាមួយ​សាធារណរដ្ឋ​កូរ៉េ និង​ការត្រៀម​ចរចា​ជាមួយ​ប្រទេស​ជា​ដៃគូ​សំខាន់ៗ​ដទៃទៀត​ជាដើម​។ ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​លើកទឹកចិត្ត​ឲ្យ​ប្រតិភូ​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ចូលរួម​កម្មវិធី ឬ​ព្រឹត្តិការណ៍​ពិព័រណ៍​ពាណិជ្ជកម្ម និង​ជំនួប​ពាណិជ្ជកម្ម​ជាមួយ​អ្នក​ធុរកិច្ច​កម្ពុជា និង​បានស្នើ​ឲ្យ​កិច្ចសហប្រតិបត្តិការ​ពី​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​ក្នុងការ​ចូលរួម​ក្នុងការ​រៀបចំ​វេទិកា​ធុរៈកិច្ច​នានា​នៅក្នុង​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១៣ នៅ​ប្រទេស​កម្ពុជា នាពេលខាងមុខ​ផងដែរ​។​

​ជា​កិច្ច​ឆ្លើយតប លោក​ប្រធាន​នៃ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹងប្រែង និង​លទ្ធផល​ដ៏​ល្អ​ដែល​កម្ពុជា​ទទួល​បានកា​រ​អនុម័ត​ច្បាប់​ខាងលើនេះ ដែល​នឹង​ក្លាយជា​មូលដ្ឋានគ្រឹះ ដើម្បី​ធានា​ភាពជឿជាក់​សម្រាប់​អ្នក​ធុរកិច្ច និង​វិស័យ​ពាណិជ្ជកម្ម​នៅ​កម្ពុជា​នាពេល​អនាគត​។ បន្ថែម​ពីនេះ លោក​ប្រធាន ក៏បាន​លើកឡើង​ពី​គោលការណ៍​របស់​ក្រុមហ៊ុន​អឺរ៉ុប ក្នុងការ​ប្រើប្រាស់​ថាមពល​កើតឡើង​វិញ និង​ការកាត់បន្ថយ​កម្រិត​ឧស្ម័ន​កាបូនឌីអុកស៊ីត​ឱ្យមក ០% ក្នុង​ឆ្នាំ​២០៣០ នៅក្នុង​ខ្សែ​ច្រវាក់​ផលិតកម្ម​របស់ខ្លួន​។ លោក​ប្រធាន​ក៏បាន​យល់ព្រម​ក្នុង​ការជួយ​រៀបចំ​វេទិកា​ធុរៈកិច្ច​នៅក្នុង​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១៣ ដោយ​ទទួល​អញ្ជើញ​វាគ្មិន​អន្តរជាតិ​ចូលរួម​ក្នុង​វេទិកា​នេះ​។​

​ជា​កិច្ច​ឆ្លើយតប​មុននឹង​បញ្ចប់​កិច្ចប្រជុំ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ឯកភាព និង​ស្វាគមន៍​ចំពោះ​សំណូមពរ​របស់លោក​ប្រធាន និង​ស្នើ​ឲ្យ​សភាពាណិជ្ជកម្ម​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ក្រសួងពាណិជ្ជកម្ម ដែលមាន​លោកជំទាវ តឹក​រ៉េត កំរង រដ្ឋលេខាធិការ ដើម្បី​រៀបចំ​វេទិកា​ធុរៈកិច្ច​នានា​នៅក្នុង​កិច្ចប្រជុំ​អាស៊ី​-​អឺរ៉ុប (ASEM) លើក​ទី​១៣ ផងដែរ​៕​ដោយ​៖​បញ្ញា​ស័ក្តិ​

អត្ថបទដែលជាប់ទាក់ទង