ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា​បញ្ជូន​កងទ័ព​មួក​ខៀវ ចំនួន​៧៣​នាក់ ទៅ​ចូលរួម​បេសកកម្ម​មនុស្សធម៌ នៅ​ប្រទេស​ស៊ូដង់​ខាងត្បូង

134

​ភ្នំពេញ​៖ ឯកឧត្តម​នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម បានថ្លែងថា កម្ពុជា បានបញ្ជូន​កងកម្លាំង​មួក​ខៀវ​របស់ខ្លួន កាលពី​​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០២០​នេះ​គឺ កងរាជអាវុធហត្ថ​លេខ​១៨៦ ចំនួន​៧៣​នាក់​(​ស្រី​២៨​នាក់​)​ដើម្បី​ទៅ ជំនួស​កងរាជអាវុធហត្ថ​លេខ​៨៦១ ដែល​ត្រូវ​បញ្ចប់​បេសកកម្ម នឹង​វិល​ត្រឡប់មក​មាតុភូមិ​វិញ​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០២០ ខាងមុខនេះ​។​

​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី បាន​លើកឡើងថា កងទ័ព​មួក​ខៀវ​កម្ពុជា ដែល​បាន​បំពេញបេសកកម្ម​មនុស្ស​ធម៌​ក្រោម​ឆត្រ​អង្គការសហប្រជាជាតិ នៅក្នុង​ប្រទេស​ដែល​ហួងហែង​ដោយសារតែ​ភ្លើងសង្គ្រាម ទទួលបាន​យកចិត្តទុកដាក់​យ៉ាងខ្លាំង​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​និង​UN ក្នុងដំណាក់កាល​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​។​

​ឯកឧត្តម បាន​ក្រើនរំលឹក​ដល់​នាយទាហាន​ទាំងអស់ ដែល​ចេញទៅ​បំពេញបេសកកម្ម និង​កំពុង​បំពេញបេសកកម្ម​មនុស្ស​ធម៌ នៅក្រៅ​ប្រទេស​ទាំងអស់ សូម​ថែ​ទាំង​សុខភាព អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ការណែនាំ​របស់​មន្ត្រី​អង្គការសហប្រជាជាតិ នៅក្នុង​តំបន់​បំពេញបេសកកម្ម​របស់​ខ្លួន និង​តាម​ការណែនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​ក្រសួងការពារជាតិ ពី​វិធាន​ការការពារ ទប់ស្កាត់ និង​បង្ការ​ជំងឺ​កូ​វីដ​-១៩​។​

​សូមជម្រាបថា ចាប់តាំងពី​ឆ្នាំ​២០០៦​មក កម្ពុជា​បាន​បញ្ជូន​កម្លាំង​ជាង​៧​ពាន់​នាក់ ក្នុងនោះ​មាន​ស្ត្រី​ចំនួន​ជាង​៣៥០​នាក់ ទៅ​ចូលរួម​បេសកកម្ម​របស់​អង្គការសហប្រជាជាតិ​។ បច្ចុប្បន្ន កម្ពុ​ជាមាន​កងកម្លាំង​៥​កង សរុប​ចំនួន​៧៨៧​នាក់ កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ ក្នុងនោះ​មាន​លី​បង់​, ស៊ូដង់​ខាងត្បូង​, ម៉ាលី និង​អាហ្វ្រិក​កណ្តាល​។ កម្លាំង​មួក​ខៀវ​ទាំងអស់នេះ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា ជា​ប្រទេស​បរិច្ចាគ​កម្លាំង​រក្សា​សន្តិភាព​ច្រើនជាងគេ លំដាប់​ទី​២ នៅក្នុង​តំបន់​អាស៊ាន​៕

អត្ថបទដែលជាប់ទាក់ទង