ផឹកស៊ីស្រវឹង កើតជម្លោះ ក្រុមជនសង្ស័យយកកាំបិតផ្គាក់ទៅកាប់ជនរងគ្រោះចំពីលើក្បាល បណ្តាលឲ្យរយះហូរឈាម ត្រូវសមត្ថកិច្ចចាប់ខ្លួន
ខេត្តកណ្ដាល៖ នៅថ្ងៃអាទិត្យ ទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦និង៤៩នាទី មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាចំណុចភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ វង្ស ដារ៉ា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរចុងភៅ ទីលំនៅបច្ចុប្បន្នភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅភ្នំពេញ។ ជនរងគ្រោះមានរបួសស្នាមរយៈត្រង់ក្បាលផ្នែកខាងមុខ។
ជនសង្ស័យ៧នាក់៖ ១ ឈ្មោះ ពុំ ចន្ថា ហៅឆាង ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរកម្មករសំណង់ បានឃាត់ខ្លួន។ ២ ឈ្មោះ ពុំ វីរៈ ភេទប្រុស អាយុ១៨ឆ្នាំ ទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកម្មករដឹកអីវ៉ាន់អនឡាញ(គេចខ្លួន)។ និងបក្ខពួក៥នាក់ទៀត មិនស្គាល់អត្តសញ្ញាណ(គេចខ្លួន)។
វត្ថុតាងចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាក Honda c125ស៊េរី២០១៥ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ ១AI ៣១៨៦ របស់ជនរងគ្រោះ(បាក់កាតាប៊ូមុខនិងក្បាំងខាងឆ្វេង)។ កាំបិតផ្គាក់ដងដែកប្រវែង៨៥សង់ទីម៉ែត្រចំនួនមួយ។ ចប់ជីកប្រវែង៩៥សង់ទីម៉ែត្រចំនួនមួយ។ បំណែកដុំឥដ្ឋមួយចំនួន។
មុនពេលកើតហេតុ ជនរងគ្រោះនិងមិត្តភក្តិចំនួន១០នាក់ជិះម៉ូតូ៥គ្រឿង ទៅផឹកស៊ីនៅផ្ទះមិត្តភក្តិមួយកន្លែង នៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ហើយដែលមានផ្ទះនៅក្បែផ្ទះជនសង្ស័យឈ្មោះពុំ វីរៈ។ លុះមកដល់វេលាកើតហេតុខាងលើ ជនសង្ស័យនិងបក្ខពួកជិះម៉ូតូ៣គ្រឿង ទៅរករឿងឈ្លោះទាស់ទែងជាមួយក្រុមជនរងគ្រោះ រួចបានយកដុំថ្មគុបចូលផ្ទះក្រុមជនរងគ្រោះ ដែលកំពុងអង្គុយផឹកស៊ីស្រែកហ៊ោសប្បាយ ដោយឃើញសភាពមិនស្រួល ទើបក្រុមជនរងគ្រោះ បាននាំគ្នាឈប់ផឹកហើយនាំគ្នាជិះចេញពីផ្ទះនោះ តែនៅពេលនាំគ្នាជិះដល់មុខផ្ទះជនសង្ស័យ ក៏ជួបក្រុមជនសង្ស័យខាងលើ ឈរត្រៀបត្រាពេញផ្លូវ ពេលនោះក៏បានឈ្លោះគ្នាម្តងទៀត ហើយបានយកដុំថ្មគប់គ្នាទៅវិញទៅមក ពេលនោះក្រុមជនរងគ្រោះ ក៏បាននាំគ្នាបើកម៉ូតូរត់គេច តែពេលនោះម៉ូតូរបស់ជនរងគ្រោះធាក់មិនឆេះ ពេលឃើញដូចនេះ ជនសង្ស័យក៏បានលីកាំបិតផ្គាក់យកទៅកាប់ជនរងគ្រោះចំពីលើក្បាលបណ្តាលឲ្យរយះហូរឈាមភ្លាមនោះជនរងគ្រោះបានរត់ចោលម៉ូតូដើម្បីឲ្យមិត្តភក្តិជួយដឹកទៅពេទ្យជ័យជំនេះ។ ឯក្រុមជនសង្ស័យបានវាយម៉ូតូជនរងគ្រោះ បណ្តាលអោយខូចខាតបាក់កាតាប៊ូមុខ និងក្បាំងខាងឆ្វេង។ ពេលទទួលបានព័ត៌មាននេះភ្លាម សមត្ថកិច្ចប៉ុស្តិ៍កំពង់សំណាញ់ បានចុះដល់កន្លែងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យនិងវត្ថុតាង យកមកសាកសួរនៅប៉ុស្តិ៍រួចបញ្ជូនមកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីបន្តចាត់ការតាមនីតិវិធី៕