ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឱកាស​ថ្ងៃ​ឈប់សម្រាក​ពិធីបុណ្យ​អុំទូក ត្រូវ​ពង្រឹងគុណភាព​សេវាកម្ម និង​ផលិតផល​ទេសចរណ៍​ស្របតាម​ស្តង់ដា និង​រួមចំណែក​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩

31

 

​ភ្នំពេញ​៖​ក្រសួងទេសចរណ៍​ចេញ​សារាចរ​ណែនាំ ស្តីពី​ការពង្រឹង​គុណភាព​ផលិតផល​ទេសចរណ៍​នាឱកាស​ថ្ងៃ​ឈប់សម្រាក​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក សំដៅ​ធ្វើការ​ពង្រឹងគុណភាព​សេវាកម្ម និង​ផលិតផល​ទេសចរណ៍​ស្របតាម​ស្តង់ដា និង​រួមចំណែក​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ ១៩​។​

​បើតាម​សារាចរ​ណែនាំ ដើម្បី​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍​ក្នុងឱកាស​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែតប្រទីប សំពះ​ព្រះ​ខែ និង​អកអំបុក ថ្ងៃទី ៣០-៣១ ខែតុលា និង​ថ្ងៃទី​១ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងទេសចរណ៍​សូម​ធ្វើការ​ណែនាំ​ដល់​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ដូចខាងក្រោម​៖

១. ត្រូវ​ជំរុញ​ការអនុវត្ត​ឲ្យ​បាន​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​វិធានការ​ទាំងឡាយ ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​របស់​ក្រសួងទេសចរណ៍ ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ -១៩ និង​សម្រួលការ​ទស្សនា​របស់​ភ្ញៀវ​ប្រកបដោយ​សុវត្ថិភាព និង​ផាសុកភាព​។​

២. ត្រូវ​សហការ​ជាមួយ​មន្ទីរ​បរិស្ថាន សុខាភិបាល និង​ផ្នែក​ពាក់ព័ន្ធ​នានា ដើម្បី​អប់រំ​ណែនាំ​ម្ចាស់ មូលដ្ឋាន​អាជីវកម្ម សេវាកម្ម​ទេសចរណ៍ និង​ភ្ញៀវទេសចរ​ឲ្យ​ចូលរួម​ថែរក្សា​បរិស្ថាន​អនាម័យ ដោយ លុបបំបាត់​ការបោះ​ចោល​សំរាម និង​កាកសំណល់ ផ្តេសផ្តាស ជាពិសេស​បញ្ឈប់​ការ​បោះចោល​ក្រដាស ក្រោម​តុ និង​ត្រូវ​ចាត់វិធានការ​តាម​គ្រប់​រូបភាព​ដើម្បី​ធានា​អនាម័យ​ក្នុង​ភោជនីយដ្ឋាន រួមទាំង​បន្ទប់ទឹក បង្គន់​អនាម័យ ហើយ​បុគ្គលិក​បម្រើការ​ត្រូវមាន​ឯកសណ្ឋាន​ឲ្យ​បាន​ត្រឹមត្រូវ​។​

៣. ត្រូវ​សហការ​ជាមួយ​អាជីវករ និង​ប្រតិបត្តិ​ករ​ទេសចរណ៍ ក្នុងការ​ពង្រឹងគុណភាព​ផលិតផល​ទេសចរណ៍ និង​រក្សា​តម្លៃ​ផលិតផល និង​សេវា​ឲ្យ​បាន​សមរម្យ​។ រាល់​ថ្លៃ​ស្នាក់នៅ ម្ហូបអាហារ និង​សេវា​ផ្សេងៗ ត្រូវ​សរសេរ​ឲ្យ​បាន​ច្បាស់​ដាក់​ក្នុង​តារាង ដើម្បី​ជម្រាបជូន​ភ្ញៀវ​ឲ្យ​បានដឹង​ជាមុន ជៀសវាង​ការកំណត់ថ្លៃ ខ្ពស់​ហួសហេតុ​។ ករណី​មិន​អនុវត្តតាម​តារាង​ថ្លៃ​ដែល​បាន​ប័​ទ​ផ្សាយ ម្ចាស់​មូលដ្ឋាន​អាជីវកម្ម ត្រូវ​ទទួល ខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។​

៤- ត្រូវធ្វើ​ការណែនាំ​ម្ចាស់​ទូកដ និង​កាណូត​ទេសចរណ៍ ដែល​ធ្វើ​អាជីវកម្ម​ដឹក​ភ្ញៀវទេសចរ​កាត់​សមុទ្រ ទន្លេ ស្ទឹង និង​បឹង មិន​ឲ្យ​ផ្ទុក​លើស​ចំណុះ និង​ត្រូវ​បំពាក់​នូវ​សម្ភារ​សង្គ្រោះ​ចាំបាច់​នានា ពិសេស អនុវត្តតាម​ការជូន​ដំណឹង​អំពី​បញ្ហា​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។​

៥. ត្រូវ​សហការ​ចុះ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ ដើម្បី​ធ្វើការ​បញ្ជ្រាប​ការយល់ដឹង​ជា​សាធារណៈ ដល់​ភ្ញៀវទេសចរ និង​បងប្អូន​ប្រជាពលរដ្ឋ អំពី​ហានិភ័យ និង​វិធានការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វី​៩-១៩ ព្រមជាមួយ​ការពង្រឹង​គុណភាព​ផលិតផល និង​សេវាកម្ម​ទេសចរណ៍​ឲ្យ​បានល្អ​ប្រសើរ​។​

​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ត្រូវធ្វើ​របាយការណ៍​បូកសរុប​ស្ថិតិ​ភ្ញៀវទេសចរ​នៅតាម​គោលដៅ​ទេសចរណ៍ នានា​ជាប្រចាំ​ថ្ងៃ រួច​ផ្ញើមក​ក្រសួងទេសចរណ៍ ។​

​ទទួលបាន​សារាចរ​ណែនាំ​នេះ គ្រប់​មន្ទីរ​ទេសចរណ៍​រាជធានី ខេត្ត ត្រូវ​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី ពាក់ព័ន្ធ និង​ផ្នែក​ឯកជន អនុវត្តតាម​ខ្លឹមសារ​ខាងលើ ឲ្យ​បាន​លទ្ធផល​ល្អប្រសើរ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​៕

អត្ថបទដែលជាប់ទាក់ទង