ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី ប្រកាសឲ្យពលរដ្ឋដែលជួបការលំបាកក្នុងជីវភាពនិងពលរដ្ឋដែលរងគ្រោះដោយការលិចលង់ មិនទាន់បានទទួលអំណោយ សូមមកទំនាក់ទំនងនៅទីស្នាក់ការបក្សប្រជាជនកម្ពុជានៅតាមសង្កាត់និងខណ្ឌ

62

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេងបានប្រកាសឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលជួបការលំបាកក្នុងជីវភាពគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋដែលរងគ្រោះ ដោយជំនន់ទឹកភ្លៀងនាពេលប៉ុន្មានថ្ងៃកន្លងមកនេះ ហើយមិនទាន់បានទទួលអំណោយពីអាជ្ញាធររាជធានីភ្នំពេញ ឬបងប្អូនប្រជាពលរដ្ឋដែលខ្វះស្បៀងអាហារ បងប្អូនអាចមកធ្វើទំនាក់ទំនងមកទីស្នាក់ការគណបក្សប្រជាជនកម្ពុជានៅតាមសង្កាត់និងខណ្ឌនានានៅទូទាំងរាជធានីភ្នំពេញ ដើម្បីអោយអាជ្ញាធរបានជួយជាស្បៀងអាហារទាន់ពេល។

    ការប្រកាសបែបនេះរបស់លោកឃួង ស្រេងបានធ្វើឡើង នារសៀលថ្ងៃទី២៩ខែតុលាឆ្នាំ២០២០នេះ ខណៈដែលលោកនិងលោកស្រីអញ្ជើញជាអធិបតីភាពក្នុងពិធីចែកអំណោយជូនប្រជាពលរដ្ឋចំនួន៥៩៣គ្រួសារ  នៅខណ្ឌមានជ័យដែលទទួលរងគ្រោះដោយការលិចលង់ដោយទឹកជំនន់នាពេលកន្លងមកនេះ

  លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថាអំណោយដែលប្រគល់ជូនប្រជាពលរដ្ឋទាំង៥៩៣ គ្រួសារនេះគឺពិតជាបានបង្ហាញឲ្យឃើញកាន់តែច្បាស់អំពីការយកចិត្តទុកដាក់ ក្នុងការសម្រាលការលំបាក វប្បធម៌នៃការចែករំលែក ជាការចូលរួមគាំពារដោះស្រាយដោយផ្ទាល់ជួយដល់ប្រជាពលរដ្ឋក្រីក្ររងគ្រោះដោយសារជំនន់ទឹកភ្លៀងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចនាយករដ្ឋមន្ត្រីគឺមិនត្រូវទុកឲ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បានឡើយ។

   លោកពេជ្រ កែវមុនីអភិបាលខណ្ឌមានជ័យបានមានប្រសាសន៍បញ្ជាក់អោយដឹងថា នៅខណ្ឌមានជ័យ ប្រជាពលរដ្ឋដែលទទួលរងការលិចលង់ដោយជំនន់ទឹកភ្លៀងចំនួន ១៦៨៩គ្រួសារ ស្មើនឹង៥សង្កាត់ ក្នុងនោះរួមមាន សង្កាត់ចាក់អង្រែលើ សង្កាត់ចាក់អង្រែក្រោម សង្កាត់បឹងទំពុនទី១ សង្កាត់បឹងទំពុនទី២និងសង្កាត់ស្ទឹងមានជ័យ ហើយមកដល់ពេលនេះ អាជ្ញាធរខណ្ឌនិងសប្បុរសជនបានចែកជូនបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះទាំងនេះបានចំនួន៩លើកហើយ ស្មើនឹង១០៩៦គ្រួសារ ហើយនេះជាលើកទី១០ ដែលលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញនិងលោកស្រីបានប្រគល់ជូននាពេលនេះ៕

 

អត្ថបទដែលជាប់ទាក់ទង