ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា – ហុងគ្រីបានប្តេជ្ញាចិត្តថា នឹងបន្តកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបាននូវគោលដៅរួមនៃការបង្កើនទំហំពាណិជ្ជកម្ម

67

ភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រីពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាការងារជាមួយ ឯកឧត្តម ភីធ័រ ហ្សីយាតូ (Péter Szijjártó) រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្មនៃប្រទេសហុងគ្រី ក្នុងឱកាសឯកឧត្តមរដ្ឋមន្ត្រីហុងគ្រីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានបញ្ជាក់អំពីសារសំខាន់នៃទំនាក់ទំនងដ៏ល្អប្រសើររវាងកម្ពុជា និងហុងគ្រី ទាំងផ្នែកការទូត សេដ្ឋកិច្ច និងពាណិជ្ជកម្ម តាមរយៈការផ្លាស់ប្តូរដំណើរទស្សនកិច្ចផ្លូវការរបស់ប្រមុខរដ្ឋាភិបាលនៃភាគីទាំងពីរ។ ទន្ទឹមនឹងការបង្កើតការិយាល័យស្ថានទូតហុងគ្រីនៅកម្ពុជា ភាគីទាំងពីរនឹងប្រារព្ធខួបទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូត នាឆ្នាំ២០២១ ខាងមុខ។

នៅក្នុងជំនួបនេះ រដ្ឋមន្រ្តីពាណិជ្ជកម្មកម្ពុជា បានលើកឡើងពីវឌ្ឍនភាពនៃទំនាក់ទំនងពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ ដែលទោះបីនៅមានចំនួនតិចនៅឡើយ ប៉ុន្តែមានសក្ដានុពលខ្ពស់ក្នុងការពង្រីកកាន់តែច្រើនឡើង តាមរយៈការរៀបចំវេទិកាធុរកិច្ច និងវិនិយោគ និងការតាំងពិព័រណ៍មុខទំនិញ ដោយចូលរួមយ៉ាងសកម្មពីវិស័យឯកជននៃប្រទេសទាំងពីរ និងលើកទឹកចិត្តក្រុមហ៊ុនហុងគ្រីឱ្យវិនិយោគលើការកែច្នៃម្ហូបអាហារ ដើម្បីទទួលប្រយោជន៍ទីផ្សារពីកិច្ចព្រមព្រៀងពាណិជ្ជកម្មដែលកម្ពុជាមាននាពេលបច្ចុប្បន្ន និងពេលអនាគត។

ឆ្លៀតក្នុងឱកាសនោះ រដ្ឋមន្ត្រីការបរទេសនិងពាណិជ្ជកម្មហុងគ្រី បានគូសបញ្ជាក់ពីគោលបំណងក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តម រួមមាន៖ (១) ជំរុញកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ពាណិជ្ជកម្មឱ្យកាន់តែស៊ីជម្រៅ (២) ការចុះហត្ថលេខាលើអនុស្សរណៈចំនួន ២ (វិស័យកសិកម្ម និងគ្រប់គ្រងធារាសាស្រ្ត) និងកិច្ចព្រមព្រៀងចំនួន ១ ស្តីពីសេវាកម្មអាកាសចរណ៍ និង (៣) ការបង្ហាញពីការគាំទ្រពេញទំហឹងចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ (ASEM13)។

ជាកិច្ចបញ្ចប់ ភាគីទាំងពីរបានប្តេជ្ញាចិត្តថា នឹងបន្តកិច្ចសហប្រតិបត្តិការដើម្បីសម្រេចបាននូវគោលដៅរួមនៃការបង្កើនទំហំពាណិជ្ជកម្ម។ ទន្ទឹមនឹងនោះ ភាគីទាំងពីរ ក៏បានបង្ហាញពីភាពសោមន្សក្នុងការត្រៀមរៀបចំកិច្ចប្រជុំលើកទី១ នៃគណៈកម្មការចម្រុះនៃកិច្ចសហប្រតិបត្តិការលើ វិស័យសេដ្ឋកិច្ចរវាងកម្ពុជា-ហុងគ្រី ដែលគ្រោងនឹងរៀបចំនៅថ្ងៃទី៣០ ខែវិច្ឆិកា និងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ នៅប្រទេសកម្ពុជាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង