ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឯកអគ្គរដ្ឋទូតសិង្ហបុរី បង្ហាញការគាំទ្រចំពោះគោលនយោបាយលើកកម្ពស់ ការប្រើប្រាស់ប្រាក់រៀលរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា

122

(ភ្នំពេញ)៖ លោក Michael Tan Keng Soing ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសិង្ហបុរី បានបង្ហាញការគាំទ្រចំពោះរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល។

ការលើកឡើងពី ការគាំទ្រចំពោះការប្រើប្រាស់ប្រាក់រៀល របស់លោកឯកអគ្គរដ្ឋទូតសិង្ហបុរី ធ្វើឡើងក្នុងឱកាសលោកត្រូវបានលោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឱ្យលោកចូលជួបសម្តែងការគួរសម និងជម្រាបលា មុនពេលដែលលោកនឹងបញ្ចប់អាណត្តិនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីបានបំពេញបេសកកម្មរយៈពេល៤ឆ្នាំ នៅកម្ពុជារួចមក។

លោកឯកអគ្គរដ្ឋទូត បានចូលរួមអបអរសាទរ និងបង្ហាញនូវការគាំទ្រ ចំពោះគោលនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលរបស់រាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដែលកន្លងមកទទួលបានជោគជ័យជាបន្តបន្ទាប់ និងលើកកម្ពស់ប្រសិទ្ធភាព នៃការអនុវត្តគោលនយោបាយរូបិយវត្ថុនៅកម្ពុជា។

ក្នុងនោះលោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ធនាគារជាតិនៃកម្ពុជា ដែលបានពង្រឹងកិច្ចសហប្រតិបត្តុការទ្វេភាគី និងបានបង្កលក្ខណៈអំណោយផលដល់ពាណិជ្ជកម្មនិងការវិនិយោគ នៃប្រទេសទាំងពីរ។ ក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុ សិង្ហបុរីបង្កើនការវិនិយោគគួរឱ្យកត់សម្គាល់ ក្នុងនោះភាគហ៊ុនដែលមានប្រភពមកពីសិង្ហបុរីរួមមាន នៅក្នុងធនាគារ ហ្វីលីព ភីអិលស៊ី និងធនាគារប្រៃសណីយ៍កម្ពុជា ដែលរួមចំណែកធ្វើឱ្យវិស័យធនាគារកាន់តែមានការរីកចម្រើន។

ចំពោះទំនាក់ទំនងទ្វេភាគីរវាងធនាគារកណ្ដាលទាំងពីរ ធនាគារជាតិនៃកម្ពុជាមានទំនាក់ទំនងល្អជាមួយ នឹងអាជ្ញាធររូបិយវត្ថុសិង្ហបុរី (MAS) តាមរយៈការផ្លាស់ប្តូរព័ត៌មាន ការបណ្តុះបណ្ដាលធនធានមនុស្ស និងកិច្ចសហប្រតិបត្តិការលើវិស័យនានា។

សូមជម្រាបថា កាលពីឆ្នាំ២០១៩ ធនាគារជាតិនៃកម្ពុជា និងអាជ្ញាធររូបិយវត្ថុសិង្ហបុរី បានចុះអនុស្សរណៈយោគយល់ស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យនវានុវត្តន៍ហិរញ្ញវត្ថុ ដែលធ្វើឡើងក្នុងគោលបំណងបង្កើតជាក្របខ័ណ្ឌ សម្រាប់កិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលទាំងពីរ ដើម្បីជំរុញនវានុវត្តន៍ហិរញ្ញវត្ថុក្នុងទីផ្សារ របស់សមីប្រទេស។

តាមរយៈអនុស្សរណៈនេះ ធនាគារកណ្តាលទាំងពីរអាចចែករំលែកព័ត៌មាន ស្តីពីនិន្នាការ និងការអភិវឌ្ឍទីផ្សារបច្ចេកវិទ្យាហិរញ្ញវត្ថុ ដែលកំពុងរីកចម្រើន ក៏ដូចជាបទប្បញ្ញត្តិទាក់ទងនឹងនវានុវត្តន៍ នៅក្នុងសេវាកម្មហិរញ្ញវត្ថុ។

លោកឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណដល់ធនាគារជាតិនៃកម្ពុជា ដែលបានគាំទ្រការរៀបចំ Fintech Festival នៅប្រទេសសិង្ហបុរី និងបានអនុញ្ញាតឱ្យមន្ត្រីជាន់ខ្ពស់របស់ធនាគារជាតិនៃកម្ពុជា ធ្វើជាវាគ្មិន តាមការអញ្ជើញរបស់សិង្ហបុរី ដើម្បីចែករំលែកបទពិសោធន៍របស់កម្ពុជាក្នុងវិស័យបច្ចេកវិទ្យាហិរញ្ញវត្ថុ។

ក្នុងឱកាសនោះលោក ទេសាភិបាល បានជម្រាបជូន ឯកអគ្គរដ្ឋទូតសិង្ហបុរី ពីស្ថានភាពសេដ្ឋកិច្ច និងវិស័យធនាគារនៅកម្ពុជា ដែលបន្តមានប្រតិបត្តិការជាប្រក្រតី និងបានរួមចំណែកក្នុងការកាត់បន្ថយផលប៉ះពាល់នៃការរីករាលដាលជំងឺកូវីដ-១៩ មកលើសេដ្ឋកិច្ចកម្ពុជា ក៏ដូចជាការចូលរួមគាំទ្រសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។

លោកទេសាភិបាល ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលសិង្ហបុរី ក៏ដូចជាអាជ្ញាធររូបិយវត្ថុសិង្ហបុរី ដែលបានគាំទ្រកម្ពុជា ក៏ដូចជា ធនាគារជាតិនៃកម្ពុជាក្នុងការអភិវឌ្ឍកសាងសមត្ថភាព របស់មន្ត្រីបុគ្គលិកធនាគារជាតិ តាមរយៈការផ្តល់អាហារូបករណ៍ និងវគ្គបណ្តុះបណ្តាលផ្សេងៗ ការចែករំលែកបទពិសោធក្នុងវិស័យធនាគារ ក៏ដូចជាបានសហការរួមចំណែកក្នុងការជំរុញនវានុវត្តន៍ហិរញ្ញវត្ថុនៅកម្ពុជា។

លោក ជា ចាន់តូ បានកោតសរសើរ ការរួមចំណែករបស់ ឯកអគ្គរដ្ឋទូត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរ ក៏ដូចជាធនាគារកណ្ដាលទាំងពីរ ក្នុងរយៈពេលដែលលោកបានបំពេញបេសកកម្មនៅកម្ពុជា។

លោកទេសាភិបាល បានជូនពរឱ្យ លោកឯកអគ្គរដ្ឋទូត និងគណៈប្រតិភូមានសុខភាពល្អ និងទទួលបានជោគជ័យ ក្នុងបេសកកម្មនាពេលខាងមុខទៀត៕

អត្ថបទដែលជាប់ទាក់ទង