ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចតេជោ ហ៊ុន សែន៖ «ទោះកំពុងធ្វើចត្តាឡីស័ក ក៏ខ្ញុំអាចបំពេញការងារជានាយករដ្ឋមន្ត្រីដូចមុនដដែល គ្មានអ្វីចម្លែកក្នុងខ្លួនទេ»

106

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រលប់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានលើកឡើងថា ទោះបីសម្តេចកំពុងធ្វើចត្តាឡីស័កក៏ដោយ ក៏សម្តេចអាចបំពេញការងារ ក្នុងនាមជា នាយករដ្ឋមន្ត្រីដូចមុនដដែល គឺគ្មានអ្វីចម្លែកក្នុងខ្លួននោះទេ។

នៅថ្ងៃទី០៤ ខែវិច្ឆិកាឆ្នាំ២០២០ ម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានធ្វើតេស្តរកមេរោគកូវីដ១៩ ម្តងរួច ហើយដែលលទ្ធផលបញ្ជាក់ថា អវិជ្ជមាន។ តាមរយៈ Facebook របស់សម្តេច, សម្តេចអះអាងថា កំពុងមានសុខភាពល្អប្រសើរ ហើយអនុវត្តន៍តាមការណែនាំរបស់ ក្រសួងសុខាភិបាលយ៉ាងខ្ជាប់ ខ្ជួន ដើម្បីរង់ចាំការធ្វើតេស្តរកមេរោគកូវីដ១៩ ជាបន្តបន្ទាប់ទៀត។

សម្ដេចតេជោ ហ៊ុន សែន បានសរសេរសារតាមរយៈ Facebookដែលមានខ្លឹមសារ ទាំងស្រុង ដូចខាងក្រោមនេះ៖

ចាប់តាំងពីពេលយកសំណាក ទៅពិនិត្យនៅម៉ោង១២ ថ្ងៃ៤វិច្ឆិកា មកដល់ពេលនេះខ្ញុំបានធ្វើចត្តាឡីស័កជាង៣០ ម៉ោងរួចមកហើយ។ គ្មានអ្វីប្លែកក្នុងខ្លួនទាល់តែសោះ បាយបាន សម្រាកលក់ ពិនិត្យរបាយការណ៍ពិនិត្យសម្រេចលើសំណើរបស់ក្រសួង ស្ថាប័ន និងចុះហត្ថលេខាលើឯកសារ នានាដូចពេលមុនៗដែរ។ អ្វីដែលប្លែកគឺខ្ញុំ និងប្រពន្ធចែកបន្ទប់គ្នាដេក មិនហ៊ានប៉ះពាល់គ្នាដូចកាលពីនៅកម្លោះក្រមុំ។

ចំណែកអ្នកបំរើត្រូវពាក់ម៉ាស់ពាក់ស្រោមជើងស្រោមដៃតាមការណែនាំរបស់គ្រូពេទ្យ។ សម្រាប់ករណីខ្ញុំ និងភរិយានិងអ្នកពាក់ព័ន្ធ ត្រូវយកសំណាកធ្វើតេស្តរហូត ៤ដង។ លើកទី១ថ្ងៃទី៤វិច្ឆិកាម្សិលមិញ លើកទី២នឹងត្រូវធ្វើនៅថ្ងៃទី៩ វិច្ឆិកា លើកទី៣ នឹងត្រូវធ្វើនៅថ្ងៃទី១៤ វិច្ឆិកា និងលើកទី៤ ដែលជាលើកចុងក្រោយ គឺនឹងត្រូវធ្វើនៅថ្ងៃទី១៨ វិច្ឆិកា ២០២០។

ប្រសិនការធ្វើតេស្ត៣លើកខាងមុខមិនមានវិជ្ជមានកូវីដ- ១៩ទាំងខ្ញុំ និងភរិយាក៏ដូចជាអ្នកនៅជាមួយ១៨នាក់ផ្សេង ទៀតខ្ញុំនឹងចេញពីការរស់នៅដាច់ដោយឡែក នៅថ្ងៃទី១៩ឬថ្ងៃទី២០ វិច្ឆិកា ដែលពេលនោះសុំកូនៗនាំចៅៗមកដឹកដៃម៉ែចូលបន្ទប់ពុកវិញ។

បទពិសោធន៍ទប់ស្កាត់កូវីដ- ១៩ មិនឱ្យឆ្លងចូលសហគមន៍រយៈពេលជាង១០ខែកន្លងមកមួយផ្នែកធំ បានមកពីវិធានការធ្វើចត្តាឡីស័កក្រោមការដឹកនាំរបស់ក្រសួងសុខាភិបាល និងការអនុវត្តដ៏ល្អពីបុគ្គលដែលត្រូវធ្វើចត្តាឡីស័កដែលយើងត្រូវបន្តធ្វើកិច្ចការនេះបន្តទៀតរាប់ទាំងរូបខ្ញុំនិងភរិយាផងដែរ ។ ការពារប្រសើរជាងព្យាបាល យើងត្រូវរួមគ្នាទប់ស្កាត់កុំឱ្យកូវីដ-១៩ ឆ្លងចូលក្នុងខ្លួនយើង ចូលក្នុងគ្រួសារយើង ចូលក្នុងសហគមន៍យើងនិងក្នុងប្រទេសយើង។ សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខសេចក្តីចម្រើន៕

អត្ថបទដែលជាប់ទាក់ទង