ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បើកបរម៉ូតូលឿនពេលយប់ យកចង្កូតមិនអស់ជ្រុលបុករបាំងថ្ម ស្លាប់ចោលប្រពន្ធមានផ្ទៃពោះ៣ខែ

145

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់បាត់បង់ជីវិត ខណៈដឹកតាមរថយន្តសាមុយទៅសង្គ្រោះនៅមន្ទីរពេទ្យ ក្រោយពេលដែលបុរសម្នាក់នេះ បើកបរម៉ូតូលឿនពេលយប់ ហើយដោយយកចង្កូតមិនទាន់ក៏បានជ្រុលចង្កូត ទៅបុករបាំងថ្មពុះចែកទ្រូវផ្លូវយ៉ាងពេញទំហឹង និងបានអូសម៉ូតូ តាមផ្លូវជាច្រើនម៉ែត្រនោះ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣នឹង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៨នេះ នៅលើផ្លូវម៉ៅសេទុង កែងនឹងមហាវិថីសហព័ន្ធរុស្សី ទល់មុខនឹងអគ្គនាយកដ្ឋានពន្ឋដារ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សពជនរងគ្រោះតករូវបានគេស្គាល់ ឈ្មោះ វេង វិចិត្រ អាយុ២៣ឆ្នាំ ជាបុគ្គលិកចាក់សាំង នៅស្ថានីយ៍សូគីម៉ិច នៅមុខផ្សារឃ្លាំងរំសេវ ស្នាក់នៅជាមួយបងថ្លៃនៅម្តុំផ្សារដីហុយ មានស្រុកកំណើត នៅស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង នឹងប្រពន្ធស្នាក់នៅខេត្តកំពង់ស្ពឺ ទើបពពោះកូនដំបូងបានបីខែ។

បើតាមសាក្សីដែលជាសន្តិសុខ យាមនៅមុខអគ្គនាយកដ្ឋានពន្ឋដារ បានឲ្យដឹងថានៅ មុនពេលកើតហេតុ គាត់បានឃើញបុរសខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក សង់សេ១២៥ សេរីឆ្នាំ២០១៧ ពាក់ស្លាកលេខភ្នំពេញ 1GF.6494 ធ្វើដំណើរតាមមហាវិថីម៉ៅសេទុង ក្នុងទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយ៉ាងលឿន លុះមកដល់កន្លែងកើតហេតុ មិនដឹងយ៉ាងមេច ស្រាប់តែទាក់ដៃចង្កូត នឹងក្បាលពុះចែកទ្រូងផ្លូវ បណ្តាលឲ្យអ្នកបើកបរ ដួលបោកក្បាលនឹងថ្នល់ រងរបួសធ្ងន់ ចំណែកម៉ូតូដួលអូសជាង៥០ម៉ែត្រ ភ្លាមៗនោះ រថយន្តសង្គ្រោះខាងគ្លីនិកឯកជន ព្យាយាមដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែតដែរ តែអកុសល ដឹកដល់ពាក់កណ្តាលផ្លូវក៏ដាច់ខ្យល់ស្លាប់តែម្តង។

ក្រោយកើតហេតុសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចទាក់ទង ហៅសាច់ញាតិមកទទួល នឹង ដឹកយកទៅធ្វើបុណ្យនៅស្រុកខាងប្រពន្ធតាមប្រពៃណី។ ចំណែកម៉ូតូជនរងគ្រោះត្រូវបានសមត្ថកិច្ចជំនាញ ធ្វើការវាស់វែងយកទៅរក្សាទុកនៅការិយាល័យ នគរបាលចរាចរណ៍ជើងគោក រង់ចាំសាច់ញាតិយកឯកសារ មកបញ្ជាក់យកម៉ូតូត្រឡប់ទៅវិញ៕

អត្ថបទដែលជាប់ទាក់ទង