ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល រួមគ្នា​ពិនិត្យ​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​ថវិកា ឆ្នាំ​២០២១ និង​សេចក្តីព្រាងច្បាប់​ការទូទាត់​ថវិការដ្ឋ ឆ្នាំ​២០១៩

98

 

(​ភ្នំពេញ​)៖ គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា និង​តំណាង​រាជរដ្ឋាភិបាល គឺ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ពិនិត្យ និង​ពិភាក្សា​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២១ និង​សេចក្តីព្រាងច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩ រួមគ្នា នៅ​វិមាន​រដ្ឋសភា នា​ព្រឹក​ថ្ងៃទី​១៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។​

​កិច្ចប្រជុំ​នេះ​ដឹកនាំ​ដោយ លោក​កិត្តិ​សេដ្ឋា​បណ្ឌិត ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និង​សវនកម្ម នៃ​រដ្ឋសភា រូ​ម​ជាមួយ​ស្រី​បណ្ឌិត សោម គឹមសួគ៌ អគ្គសវនករ នៃ​អាជ្ញាធរ​សវនកម្ម​ជាតិ​។ ចំណែក​តំណាង​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​តំណាង​រាជរដ្ឋាភិបាល បាន​ជម្រាបជូន​កិច្ចប្រជុំ​ថា ការកសាង​សេចក្តីព្រាងច្បាប់​ស្តីពី​ហរិញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២១ ត្រូវបាន​គិតគូរ និង​រៀបចំឡើង ក្នុង​បរិការណ៍ នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ដើម្បី​តម្រង់​ការប្រើប្រាស់​ធនធាន សម្រាប់​ទ្រទ្រង់​ដល់​និរន្ត​ភាព នៃប្រតិបត្តិ​ការ​របស់​រដ្ឋ និង​សម្រាប់​ការរក្សា​លំនឹង សង្គម​-​សេដ្ឋកិច្ចកម្ពុជា និង​ជីវភាព​រស់នៅ​របស់​ប្រជាជន ព្រមទាំង​ការស្ដារ និង​ជំរុញ​ការ​ងើប​ឡើងវិញ​នូវ​កំណើនសេដ្ឋកិច្ច ក៏ដូចជា​ដើម្បី​សម្រេច​ឲ្យ​បាន នូវ​គោលដៅ​សំខាន់ៗ នៃ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ និង​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ឆ្នាំ​២០១៩-២០២៣​។​

​ពិសេស​ការជំរុញ​អនុវត្ត​កិច្ចការ​កែទម្រង់ គ្រប់​វិស័យ​ក្នុង​ឆ្នាំ​២០២១ ដែលជា​ឆ្នាំ​ពាក់កណ្ដាល​អាណត្តិ​របស់​រាជរដ្ឋាភិបាល នីតិកាល​ទី​៦ សំដៅ​ឈានទៅ​សម្រេចបាន​នូវ បំណងប្រាថ្នា​រយៈពេល​វែង​របស់​ប្រទេស​កម្ពុជា ដែល​ចង់​ឲ្យ​កម្ពុជា​ក្លាយជា​ប្រទេស​មាន​មោទនភាព​ជាតិ មាន​អនាគត​ដ៏​រុងរឿង ភ្លឺស្វាង ត្រចះត្រចង់ និង​ជា​រដ្ឋ​អធិបតេយ្យ​មួយ​រឹងមាំ ដែល​គោរព​ខ្ជាប់ខ្ជួន​នូវ​គោលការណ៍​ប្រជាធិបតេយ្យ និង​នីតិរដ្ឋ និង​មាន​សន្តិភាព​ពេញលេញ ព្រមទាំង​មាន​កិត្យានុភាព​ខ្ពស់ត្រដែត​លើ​ឆាក​អន្តរជាតិ​។​

​ទន្ទឹមនេះ ក្របខ័ណ្ឌ​ថវិកា​ឆ្នាំ​២០២១ ក៏មាន​គោលដៅ​បន្ត​រក្សា​ការពារ​សមិទ្ធផល​សង្គម​ជាតិ​ទាំងឡាយ ដែល​សម្រេចបាន​ក្នុង​រយៈពេល​ជាង​២​ទសវត្សរ៍​កន្លងមក ប្រកបដោយ​ភាពជា​ម្ចាស់ ព្រម​ជាមួយនឹង​ការខិតខំ​ប្រឹងប្រែង​ដើម្បី​ជម្នះ និង​ទប់ទល់​ពី​ផលប៉ះពាល់​អវិជ្ជមាន​នានា បណ្ដាលមកពី​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩ និង​បញ្ហា​ប្រឈម​ផ្សេងៗ ទៀត​ទាំង​ក្នុង និង​ក្រៅប្រទេស ដើម្បី​កម្ពុជា​អាច​ឈរ​រឹងមាំ និង​ធ្វើជា​ម្ចាស់​លើ​ជោគវាសនា​របស់ខ្លួន ទាំង​នៅក្នុងពេល​បច្ចុប្បន្ន និង​អនាគត​។​

​តំណាង​រាជរដ្ឋាភិបាល បាន​បន្តថា ថវិកា​ឆ្នាំ​២០២១ ជា​ឧបករណ៍​ដ៏​មាន​ប្រសិទ្ធភាព ដែល​អាចជួយ​រាជរដ្ឋាភិបាល​ឆ្លើយតប​ទៅនឹង​បញ្ហា​ប្រឈម និង​ហានិភ័យ ផងទាំងពួង ទាំង​ក្នុង និង​ក្រៅប្រទេស សំដៅ​ធានា​លំនឹង​សង្គម​-​សេដ្ឋកិច្ចកម្ពុជា និង​ការពារ​អាយុជីវិត​ប្រជាជន​ពី​ការ​រាតត្បាត នៃ​ជំងឺ​កូ​វីដ​-១៩ ព្រមទាំង​ស្ដារ និង​ជំរុញ​ការ​ងើប​ឡើងវិញ​នូវ កំណើនសេដ្ឋកិច្ច​ក្រោយពី​វិបត្តិ​កូ​វីដ​-១៩ បាន​ស្រាកស្រាន្ត ហើយ​អាច​ប្រសិទ្ធ​នាម​បាន​ថា​ជា «​ថវិកា​ប្រយុទ្ធ​ការពារ អាយុជីវិត​ប្រជាជន រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាជន ព្រម​ជាមួយនឹង​ការតម្រង់​ធនធាន​ឆ្ពោះទៅ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ នៅក្រោយពេល​ស្រាកស្រាន្ត​ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតី​ថ្មី ដើម្បី​ធានា​សុខសន្តិភាព ស្ថិរភាព​សង្គម និង​ចីរភាព នៃ​កំណើនសេដ្ឋកិច្ច ព្រមទាំង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ជាមួយនឹង​ការបន្ត​លើកស្ទួយ​សុខុមាលភាព​របស់​ប្រជាជន​»​។​

​ចំណែក​សេចក្តីព្រាងច្បាប់ ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩ តំណាង​រាជ​រដ្ឋ​ភិ​បាល បាន​លើកឡើងថា គឺជា​រៀបចំឡើង​តាម​គោលនយោបាយ ពង្រឹង​ការគ្រប់គ្រង​ថវិកា ក្នុង​គោលដៅ​ដោះស្រាយ​ឲ្យ​បានជា​សារ​វ័​ន្ត នូវ​សេចក្តីត្រូវការ​ក្នុងការ​ឆ្លើយតប​ទៅនឹង អាទិភាព​គោលនយោបាយ​ធំៗ របស់​រាជរដ្ឋាភិបាល និង​តម្រូវ​ការចាំបាច់​ជា​មូលដ្ឋាន​របស់​ក្រសួង ស្ថាប័ន​នានា ដើម្បី​បម្រើ និង​ផ្ដល់នូវ​ការឆ្លើយតប​ប្រកបដោយ ប្រសិទ្ធភាព​ទៅនឹង​ការទន្ទឹងរង់ចាំ និង​បំណងប្រាថ្នា​របស់​ប្រជាជន​ដែលជា​ម្ចាស់ឆ្នោត នៅក្នុង​ឆ្នាំ​២០១៩ ដែលជា​ឆ្នាំ​ទី​១ នៃ​រាជរដ្ឋាភិបាល​នីតិកាល​ទី​៦ នៃ​រដ្ឋសភា ជាពិសេស​ពី​ការអនុវត្ត​ឲ្យ​ចេញ​ជា​លទ្ធផល​ជាក់ស្ដែង ប្រកបដោយ​ប្រសិទ្ធភាព​នូវ​កម្មវិធី​នយោបាយ​យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​។​

​តំណាង​រាជរដ្ឋាភិបាល បាន​គូសបញ្ជាក់ថា ថវិកា​ឆ្នាំ​២០១៩ គឺ​ពិតជា​បាន​ដើរតួនាទី​ជា​ឧបករណ៍ នៃ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ប្រកបដោយ​ប្រសិទ្ធភាព និង​ស័​ក្កិ​សិទ្ធិ​ភាព ក្នុងការ​រក្សា​ការពារ និង​ពង្រឹង​ថែមទៀត​នូវ​សមិទ្ធផល​ដ៏​ធំធេង​ដែល​កម្ពុជា​សម្រេចបាន ក្នុងពេល​កន្លងមក ក៏ដូចជា​ក្នុងការ​បុកគ្រឹះ​សម្រាប់​បម្រើ​ឲ្យ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា ត​ទៅមុខទៀត​៕​

អត្ថបទដែលជាប់ទាក់ទង