ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលខេត្តកំពង់ចាម អំពាវនាវឲ្យប្រជាពលរដ្ឋ នាំយកសត្វ គោ ក្របី មកចាក់ថ្នាំបង្ការការពារ ជំងឺសារទឹក និងអ៊ុតក្តាម ឲ្យបានគ្រប់ៗគ្នា

195

 

ខេត្តកំពង់ចាម ៖ អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានអំពាវនាវឲ្យប្រជាពលរដ្ឋរស់នៅ ភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម សូមនាំយកសត្វ គោ ក្របី មកចាក់ថ្នាំបង្ការការពារ ជំងឺសារទឹក និងអ៊ុតក្តាម ឲ្យបានគ្រប់ៗគ្នា។


ការអំពាវបែបនេះ របស់លោកអភិបាលខេត្ត បានធ្វើឡើងក្នុងពិធីចាក់ថ្នាំបង្ការ ការពារជំងឺ សារទឹក អ៊ុចក្តាម នៅភូមិហាន់ជ័យ ឃុំហាន់ជ័យ ស្រុកកំពង់សៀម ខេត្តកំពង់ចាម នាថ្ងៃទី ១៥ ខែ មិថុនា ឆ្នាំ ២០១៨។
លោក គួច ចំរើន ក្នុងឱកាសនោះ បានបង្ហាញពីគោលបំណង របស់រាជរដ្ឋាភិបាល ក៏ដូចជា រដ្ឋបាលខេត្តកំពង់ចាម គឺធ្វើឡើងដើម្បីការពារ កុំឲ្យសត្វចិញ្ចឹម (គោ ក្របី ) នេះឆ្លងជំងឺ ប្រសិនបើយើងមានការធ្វេសប្រហែសបន្តិច អាចធ្វើឲ្យសត្វគោ ក្របី ឈឺស្លាប់ ដែលអាចប៉ះពាល់ ដល់សេដ្ឋកិច្ចក្នុងគ្រួសារ និងពេលវេលាផងដែរ។


លោកអភិបាល បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋមួយចំនួន នៅមិនទាន់យល់ច្បាស់ ពីបញ្ហារចាក់ថ្នាំបង្ការនេះ ដោយគិតថា សត្វរបស់គាត់មិនទាន់ឈឺផង ហេតុអ្វីត្រូវចាក់ថ្នាំ នេះហើយជាកត្តាដ៏ចម្បង ដែលបណ្តាលឲ្យមានជំងឺ អ៊ុតក្តាម និងសារទឹក នាពេលកន្លងមក។ជាក់ស្តែងក្នុងឆ្នាំ២០១៧ ក្នុងឃុំកោះសំរោងជម្ងឺប្រភេទនេះបាន បណ្តាលឲ្យសត្វគោក្របីឈឺជាបន្តបន្ទាប់ ហើយត្រូវបានអាជ្ញាធរ រួមនឹងមន្ត្រីជំនាញពសុពេទ្យនៅមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ចាម បានចុះទប់ស្កាត់ចាក់ថ្នាំការពារ បានទាន់ពេលវេលា។
ក្នុងឱកាសនោះដែរ លោកគួច ចំរើន បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ដែលបានចូលរួមក្នុងពិធី យកបញ្ហាទាំងនេះ
ទៅផ្សព្វផ្សាយជូនបងប្អូន ប្រជាពលរដ្ឋដែលមិនបានចូលរួម សូមយកសត្វ គោ ក្របី មកចាក់ថ្នាំបង្ការនេះ ដោយមិនគិតប្រាក់ឡើយ។


បន្តមកទៀត លោក គួច ចំរើន អភិបាលខេត្តកំពង់ចាម បានទៅពិនិត្យមើលសាលាឆាន់ ដែលបានឆាបឆេះដោយអគ្គិភ័យ កាលវេលាម៉ោង២ទៀបភ្លឺ ក្នុងថ្ងៃទី១១ ខែមិថុនាថ្មីៗនេះ ដែលបណ្តាលឲ្យឆាបឆេះខូចខាត អស់ទាំងស្រុង ។ក្នុងនោះលោកអភិបាលខេត្ត បានយកបច្ច័យ១លានរៀល ប្រគេនដល់ព្រះគ្រូចៅអធិការវត្តក្រូចសើច ហើយជាមួយគ្នាដែរ លោកអភិបាលខេត្ត ក៏បានចុះសំណេះសំណាល ជាមួយគ្រូសិស្សមេត្តយ្យសហគមន៍ ក្នុងបរិវេណវត្តក្រូចសើច នោះផងដែរ៕

   

អត្ថបទដែលជាប់ទាក់ទង