ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គំនិត​ឡឺ​កឺ ៖ អំណួត​នៃ​ម្រាមដៃ​

166

ភ្នំពេញ ៖ ថ្ងៃនេះ​ម្រាមដៃ​ទាំង​មិនដឹងថា មានការ​អាក់អន់ចិត្ត​អ្វី​នឹង​គ្នា​ទេ ស្រាប់តែ​ជជែក​វែកញែក​គ្នា យកឈ្នះ​យក​ចាញ់​រៀងៗ​ខ្លួន​ដោយ​អាង​ឡើង​សុទ្ធតែ​ខ្លួន​ខ្លាំង​ដូចគ្នា ហាក់​មិន​ខ្វល់​នឹង​អាណា​ឡើយ ។​
ម្នាក់ៗ​សុទ្ធតែ​ធំក្លិន​ស្រា​ដូចគ្នា ហើយ​និយាយ​គ្នា​ដូច​មិនមែន ជា​អ្នក​កើត​ក្នុង​ត្រកូល​ជាមួយគ្នា​ឡើយ​។ មេដៃ​ដែល​តូច​ជា​កន្តឿ​ជាងគេ ចាប់ផ្ដើម​និយាយ​មុន​ទាំង​តម្លើង​សំឡេង​ធំៗ​ថា ក្នុងចំណោម​បងប្អូន​ទាំង​៥​នាក់ មានតែ​អញ​ទេ ដែលមាន​អំណាច​ជាងគេ ។ ចង់​ខ្ចីលុយ​ធនាគារ ទិញ​ឬ​លក់​អ្វីៗ​នោះ គឺមាន​តែ​អញ​ទេ ដែលជា​អ្នក​ចេញមុខ​ផ្ដិត​មេដាយ ហើយ​បើ​ធ្វើ​អ្វីៗ​បានសម្រេច​នោះ ក៏​អញ​ដែរ ដែលជា​អ្នក​លើក​មេដាយ​ជា​សញ្ញា​ថា​Good ឬ Perfect ។​

​ចង្អុលដៃ​ដែល​នៅ​កៀក​គ្នា​នោះ ទំនងជា​ជ្រេញ​ពេក ក៏​តប​វិញ​ថា កុំ​ចេះតែ​បើក​បបូ​មាត់​ខុស​ទំនង​បែបនេះ ។ អ្នក​ដែល​ខ្លាំងជាងគេ​​គឺ​អញ​ឯណេះ ព្រោះ​អញ​អាច​ចង្អុល​ឲ្យ​អង្គុយ​គឺ​អង្គុយ ចង្អុល​ឲ្យ​ឈរ គឺ​ឈរ​ហើយ ។ ចង់​ចង្អុល​ឲ្យ​រលាយ គឺ​រលាយ​កុំ​ចេះតែ​ហ៊ាន​វើ​យ ។​

​ម្រាមដៃ​កណ្ដាល​ធុញ​ពេក ក៏​ពេបមាត់​ចំអក​ថា​ពួក​ឯង​ទាំង​២​រូបនេះ រៀន​និយាយ​ឲ្យ​ស្គាល់​មួក ស្គាល់​ម្កុដ​ផង​វើ​យ កុំ​អាង​តែ​អញ​មិន​មាត់​ចេះតែ​ក្អេងក្អាង​ទៅៗ ។ ក្នុងចំណោម​ពួក​ឯង​ទាំង​៥​នាក់ នរណា​ខ្ពស់ជាង​អញ​តិច​ត្រូវ​ឥឡូវ​អ្ហាស់ ។​

​នាងដៃ​ដែល​ស្ងាត់​មាត់​យូរហើយ​នោះ ក៏​បើក​ចំពុះមាន​វាចារ​ចំអក​ថា ពួក​ឯង​សុទ្ធតែជា​ពួក​អា​អត់​ប្រយោជន៍ ។ នែ​អញ​ឯណេះ​ទេ​វើ​យ​ដែល​ខ្លាំង​នោះ ។ ក្នុង​ពិធី​ភ្ជាប់ពាក្យ មិនដែល​នរណា​យក​ចិញ្ចៀន ទៅ​បំពាក់​ឲ្យ​ពួក​ឯង​ទេ គេ​បំពាក់​ឲ្យ​អញ​ឯណេះ ។​
កូនដៃ​ដែល​តូច​ជាងគេ ក៏​និយាយ​ដែរ​ថា តាមពិត​ខ្ញុំ​ឯណេះ​ទេ ទើប​សក្តិ​សមជា​អ្នកខ្លាំង​ក្នុង​ត្រកូល ។ សំពះ​ព្រះមហាក្សត្រ សម្ដេច ទ្រង់ ឯកឧត្តម ព្រះសង្ឃ សំពះ​អ្នកមានគុណ គឺ​ខ្ញុំ​ឯណេះ​ទេ ដែល​នៅមុខ​គេ​ពួក​បងៗ សុទ្ធតែ​នៅ​ពីក្រោយ​ខ្ញុំ​ទាំងអស់​ហ្នឹង ។ ម្នាក់ៗ​ប្រជែង​គ្នា​យក​ខ្លាំង​រៀង​” ៗ​ខ្លួន​តិច​វ៉ៃ​បែក​មាត់​ឥឡូវ ?
មាត់​ដែល​មិន​នៅក្នុង​ជម្លោះ​សោះ លោតែ​លឺ​សម្ដី​កូនដៃ​និយាយ​បែបនេះ ក៏​គំរាម​មកវិញ​ថា បងប្អូន​ពួក​ឯង​ឈ្លោះ​គ្នា​មក​ចង់​វ៉ៃ​អញ​​តិច​លើ​អញ​ខាំ​ដាច់​មេដាយ​ឥឡូវ​ហ្នឹង ។ គ្រានតែ​និយាយ​ចប់​មាត់​ទាញ​មេដៃ​មក​ខាំ​ភ្លាម ហើយ​មាត់​ក៏​ស្រែ​កដោយ​ខ្លួនឯង​ថា​អូយ យ៉ូយ ៗ​ជួយ​ផង​ម៉ែ​អ៊ើ​យ​ឈឺ​ណាស់ ។​
រាងកាយ​ដូចជា​សង្គម​មួយ បើ​រាងកាយ​មិនត្រូវ​គ្នា​ហើយ​ឈ្លោះប្រកែក​គ្នា រហូត​មាន​ហឹ​ង្សា​បែបនេះ គឺ​គ្មាន​រណា​មក​ឈឺ​ជំនួស​យើង​​ឡើយ ។ សុំទោស​នេះ​ជា​គំនិត​របស់​មនុ​ស្សឡឺ​កឺ​ទេ សូមមេត្តា​កុំ​រើស​ដាក់ខ្លួន​ឲ្យ​សោះ ៕​

អត្ថបទដែលជាប់ទាក់ទង