ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការនាំចេញទំនិញពីកម្ពុជា ទៅទីផ្សារប្រទេសអង់គ្លេស បន្តរួចពន្ធគយ

120

 

ការនាំចេញទំនិញពីកម្ពុជាទៅទីផ្សារប្រទេសអង់គ្លេសបន្តរួចពន្ធគយ ដែលមានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ២០២១ តទៅ បើទោះបីអង់គ្លេចបានចាកចេញពីសហគមន៍អឺរ៉ុបក៏ដោយ។

យោងតាមសេចក្តីជូនដំណឹងរបស់ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC)នៅថ្ងៃទី ១៩ វិច្ឆិកានេះ ស្តីពី កម្ពុជា និងប្រព័ន្ធអនុគ្រោះទូទៅ (GSP) របស់អង់គ្លេស អង់គ្លេសមាន GSP ដូច សហភាពអឺរ៉ុប (EU) ដែរផ្តល់សម្រាប់ប្រទេសអភិវឌ្ឍន៍តិចតួច ហើយអង់គ្លេសនឹងអនុវត្ត GSP ផ្ទាល់ខ្លួននេះ ចាប់ពីខែមករាឆ្នាំ ២០២១ ទៅដោយសារតែប្រទេសមួយនេះ បានចាកចេញជាផ្លូវការពី សហគមន៍អឺរ៉ុប ហើយកម្ពុជាក៏ស្ថិតក្នុងចំណោមប្រទេសទទួលបានការអនុគ្រោះពន្ធពីអង់គ្លេសនេះដែរ។

អង់គ្លេសគឺជាទីផ្សារសំខាន់មួយរបស់កម្ពុជាក្នុងចំណោមទីផ្សារអឺរ៉ុប ដែលការនាំចេញទំនិញសំខាន់ទៅអង់គ្លេសមានចំណែកទីផ្សារជិត ៣០ ភាគរយនៃការនាំចេញសរុបទៅអឺរ៉ុបទាំងមូល។ ដោយឡែក ក្នុងរយៈពេល៩ខែឆ្នាំ២០១៩ កម្ពុជាបាននាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់ទៅកាន់ទីផ្សារអ៊ឺរ៉ុបមានទឹកប្រាក់ជាង ២,៥ពាន់លានដុល្លារ ហើយក្នុងនោះទឹកប្រាក់នាំចេញទៅកាន់អង់គ្លេសមានរហូតដល់ ៥៨៤លានដុល្លារ ឬស្មើនឹង២៥ ភាគរយនៃការនាំចេញផលិតផលកាត់ដេរសម្លៀកបំពាក់សរុបទៅកាន់ទីផ្សារសហគមន៍អឺរ៉ុប។

បើយោងតាមទិន្នន័យពីក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងចក្រភពអង់គ្លេសជាមួយកម្ពុជា កើនដល់ ១,០៥ ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទៅចក្រភពអង់គ្លេសមានទំហំទឹកប្រាក់ ៩៧៨លានដុល្លារ ហើយភាគច្រើនទំនិញសំខាន់ៗរបស់កម្ពុជានាំចេញទៅទីផ្សារអង់គ្លេសមានដូចជា ផលិតផលកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង៕

អត្ថបទដែលជាប់ទាក់ទង