ស្រវឹងស្រានិងញៀនថ្នាំ បុរសម្នាក់ទាញយកពូថៅ ដេញកាប់មនុស្សចំនួន៥នាក់រងរបួស
បន្ទាយមានជ័យ៖ ជនសង្ស័យម្នាក់ ដែលយកពូថៅដេញកាប់មនុស្ស៥នាក់ បណ្តាលឲ្យរងរបួស ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមច្បាប់ហើយនៅរសៀលថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០។
បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅវេលាម៉ោង១៨ និង០០នាទី ថ្ងៃទី១៨ខែវិច្ឆិកាឆ្នាំ២០២០ មានករណីហិង្សាមួយកើតឡើងនៅចំណុចម្ដុំស្រាផ្តិល ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ ដែលបង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ក្លឹង សំណាង បានយកពូថៅដងឈើដេញកាប់បណ្ដាលឱ្យមនុស្សចំនួន៥នាក់រងរបួស។
ភ្លាមៗនោះដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋ លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងចុះធ្វើប្រតិបត្តិការ ដល់កន្លែងកើតហេតុ បានឃើញជនសង្ស័យមានអាការបាត់បង់ស្មារតី ស្រែកឡូឡា ហើយមានកាន់ពូថៅនៅនឹងដៃ ព្រមទាំងមានជនរងគ្រោះដេកដួលនៅនឹងដីចំនួន៥នាក់ផងដែរ។ ខណៈពេលនោះកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យយកមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីធ្វើការសាកសួរ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានឱ្យដឹងថា ក្រោយពីកម្លាំងសាកសួរចម្លើយរួចមក ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនគេបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះទាំងអស់នោះ ពិតប្រាកដមែន ដោយសារខ្លួនផឹកស្រា និងប្រើប្រាស់គ្រឿងញៀនបណ្តាលឱ្យបាត់បង់ស្មារតី។
ចំណែកជនរងគ្រោះចំនួន៥នាក់៖ ១.ឈ្មោះ ឡាយ ម៉េងលាភ ភេទប្រុស អាយុ៥ឆ្នាំ រងរបួសធ្ងន់ ២.ឈ្មោះ ញិន វណ្ណា ភេទប្រុស អាយុ៣៦ឆ្នាំ រងរបួសធ្ងន់ ៣.ឈ្មោះ ទូច ឡាយ ភេទប្រុស អាយុ៤៣ឆ្នាំ រងរួសធ្ងន់ ៤.ឈ្មោះ សេង ចាន់តារា ភេទស្រី អាយុ៥១ឆ្នាំ រងរបួសស្រាល ៥.ឈ្មោះ ទូច ឡុក ភេទប្រុស អាយុ៧២ឆ្នាំ រងរបួសស្រាល ជនរងគ្រោះទាំង៥នាក់ រស់នៅកន្លែងកើតហេតុ។
ដោយផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងផងនោះ ជនសង្ស័យត្រូវបានកម្លាំងជំនាញព្រហ្មទណ្ឌមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ហើយ៕