ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករជាច្រើននាក់រងរបួស និងម្នាក់ទៀតស្លាប់ ដោយរថយន្តដឹកទំនិញបុក ,តៃកុងឡានជាប់ខ្នោះហើយនៅស្រុកខ្សាច់កណ្ដាល

46

កណ្តាល៖ កម្មកររោងចក្រជាច្រើននាក់រងរបួសខណៈរថយន្តដឹកទំនិញមួយគ្រឿង បានបុកពីក្រោយរថយន្តដឹកកម្មករដែលកំពុងចត ហើយជ្រុលបុកម៉ូតូមួយគ្រឿងទៀត បណ្តាលឲ្យមនុស្សម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ករណីគ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល ។
ប្រភពព័ត៌មានពីសមត្ថកិច្ចបាបឲ្យដឹងថារថយន្តម៉ាក Hyundai ធុនដឹកទំនិញធំ ពណ៌ស ផ្លាកលេខភ្នំពេញ 3B-0748 បើកបរដោយឈ្មោះ ឈឿន វ៉ាន់ឌី ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិវាលកណ្តៀង ឃុំជប់ ខេត្តត្បូងឃ្មុំ រួមដំណើរ២នាក់ បើកបរក្នុងទិសដៅពីជើងមកត្បូង បានបុកពីក្រោយរថយន្តឈប់នៅចិញ្ចើមផ្លូវរង់ចាំដាក់កម្មកររោងចក្រទៅធ្វើការ រួមដំណើរមាន២៨នាក់។ ប្រភពបន្តថាក្រោយមក រថយន្តបានរេចង្កូតមកបុកម៉ូតូមួយគ្រឿងទៀតដែលបើកបញ្ច្រាសទិសគ្នាជាមួយ ម៉ូតូម៉ាក Honda Cub 50 ពណ៌ ខ្មៅ ផ្លាកលេខ ភ្នំពេញ 1M-5937 បើកបរដោយឈ្មោះ ជាន ស៊ីដែន ភេទប្រុស អាយុ២០ឆ្នាំ។
សមត្ថកិច្ចបានបញ្ជាក់ថាករណីនេះបណ្ដាលឱ្យរងគ្រោះមនុស្សចំនួន៨នាក់ ក្នុងនោះស្លាប់ម្នាក់ នៅកន្លែងកើតហេតុនិងរបួសធ្ងន់៧នាក់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យស្រុកខ្សាច់កណ្ដាល។ ដោយឡែកតៃកុងរថយន្តត្រូបានសមត្ថកិច្ចចាប់ឃាត់ខ្លួនហើយ។
តាមការសន្និដ្ឋានបឋមរបស់សមត្ថកិច្ចបានឲ្យដឹងថាមូលហេតុនៃគ្រោះថ្នាក់ចរាចរណ៍នេះគឺដោយសារអ្នកបើកបររថយន្តបង្កបើកល្បឿនវ៉ាជែងមិនប្រកាន់ស្ដាំខ្វះការប្រុងប្រយ័ត្ន៕

អត្ថបទដែលជាប់ទាក់ទង