ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធររាជធានីភ្នំពេញ សម្រេចយកការលិចលង់ដោយទឹកជំនន់នៅខណ្ឌដង្កោជាបញ្ហាអតិភាពក្នុងការដោះស្រាយមុនគេ

55

ភ្នំពេញ៖ ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញលោកប៉ា សុជាតិវង្សបានបញ្ជាក់ថា សម្រាប់ខណ្ឌដង្កោយើងផ្ដោតប្រមូលផ្ដុំបញ្ហាជាអាទិភាពមួយនោះ គឺដោះស្រាយបញ្ហាលិចលង់ដោយទឹកជំនន់ ក្រោយពីខណ្ឌនេះ បានទទួលរងការលិចលង់យ៉ាងធ្ងន់ធ្ងរនាពេលកន្លងមកនេះ ដោយបានធ្វើឱ្យលំនៅដ្ឋាននិងស្រែចំការរបស់ប្រជាពលរដ្ឋ ទទួលរងការលិចលង់យ៉ាងធ្ងន់ធ្ងរ។

   ការបញ្ជាក់បែបនេះរបស់លោកប៉ា សុជាតិវង្សបានធ្វើឡើងនាព្រឹកថ្ងៃទី២៤ខែវិច្ឆិកានេះ នៅក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សារាជធានីភ្នំពេញអាណត្តិទី៣នៅសាលាខណ្ឌដង្កោ

   លោក ប៉ា សុជាតិវង្សបានមានប្រសាសន៍ថា សម្រាប់ខណ្ឌដង្កោ យើងសំរេចជ្រើសរើសបញ្ហាធំមួយជាអត្តភាពក្នុងការដោះស្រាយ នោះគឺដោះស្រាយបញ្ហាលិចលង់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋដោយទឹកជំនន់។ លោកថា បញ្ហាលិចលង់នេះ ជាបញ្ហាចម្បងដែល ទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិរួមគ្នាដោះស្រាយឲ្យបានល្អប្រសើរ យើងនឹងដាក់បញ្ហានេះជាកញ្ចប់មួយដើម្បីសិក្សាធ្វើការដោះស្រាយ ទី១ ការពង្រីកទំនប់សណ្តស្ទឹងព្រែកត្នោតអោយធំជាងមុនពង្រីកកុំឱ្យមានរន្ធនាគ ការលើកកម្ពស់ទំនប់សណ្តស្ទឹងឱ្យខ្ពស់ជាងមុន ទំនប់សណ្តស្ទឹងព្រែកត្នោតពិតជាមានសារៈសំខាន់ បើបាក់ទំនប់នេះបាក់ឬលិចនោះ វាមិនត្រឹមតែលិចលង់ក្នុងខណ្ឌដង្កោប៉ុណ្ណោះទេ តែវាអាចប្រឈមដល់បណ្ដាខណ្ឌមួយចំនួនផ្សេងទៀតផងដែរ។

   លោកបន្តថា បញ្ហាដោះស្រាយការលិចលង់នេះយើងមិនត្រឹមតែ លើកកំពស់ទំនប់បណ្តស្ទឹងព្រែកត្នោតឲ្យធំជាងមុននិងខ្ពស់ជាងមុនប៉ុណ្ណោះទេ តែយើង នៅបន្តពង្រីកប្រព័ន្ធ ប្រឡាយ លូអោយធំជាងមុនផងដែរ ដោយហេតុថា ការលិចលង់មិនត្រឹមតែធ្វើឲ្យខាតបង់ទ្រព្យសម្បត្តិប៉ុណ្ណោះទេវាប្រឈមជាមួយនឹងជំងឺដង្កាត់ផងដែរ។

   លោកក៏បានបញ្ជាក់ផងដែរថា ជាទិសដៅ យើងនឹងអនុវត្តការងារអោយបានជោគជ័យចំនួន៤ចំណុចថែមទៀត ក្នុងនោះទី១ អនុវត្តឲ្យបានល្អនូវគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព ។ទី២ ការទប់ស្កាត់នូវជំងឺកូវីដ១៩ ខណៈដែលជំងឺនេះមិនទាន់បានសាបរលាបនៅឡើយ។ ទី៣ដោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋដោយជំងឺកូវីដ១៩ ពោលគឺអាជ្ញាធរត្រូវចុះពិនិត្យតាមដានប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ ដោយមិនឱ្យមានប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយការអត់បាយទេ ។លោកសង្ឃឹមថា ជំងឺកូវីដ១៩នេះអាចនឹងបញ្ចប់នៅខែ០៣ឬខែ០៤ឆ្នាំ ២០២១ខណៈដែរ វ៉ាក់សាំងការពារជំងឺនេះបានចេញជាផ្លូវការ ។ទី៤ ដោះស្រាយបញ្ហាស្រូវនៅខណ្ឌដង្កោ ដោយសារតែខណ្ឌដង្កោគឺជាខណ្ឌមួយដែលមានផ្ទៃដីសម្រាប់ធ្វើកសិកម្មច្រើន។ ដូច្នេះអាជ្ញាធរត្រូវតាមដានពិនិត្យមើលបើប្រជាពលរដ្ឋអត់មានស្រូវពូជត្រូវផ្តល់ស្រូវពូជឲ្យពួកគាត់ បើមិនមានទឹកគ្រប់គ្រាន់ត្រូវដោះស្រាយបញ្ហាទឹកជូនពួកគាត់។

  គួរបញ្ជាក់ផងដែរដឹងថា ក្នុងវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ខាងលើនេះ ប្រជាពលរដ្ឋបានលើកឡើងជាសំណើផ្ទាល់មាន់ចំនួន១៧នាក់ដឹងសំណើជាលាយល័ក្សអក្សរចំនួន២៩សំបុត្រ ហើយក្នុងសំណើនិងសំណូមពរទាំងនោះភាគច្រើនគឺប្រជាពលរដ្ឋបានលើកឡើងពី បញ្ហាទឹកលិចលង់លំនៅដ្ឋានរបស់ពួកគាត់ ការសូមស្ថាបនាផ្លូវដាក់គំនូសចរាចរណ៍ ការមានវិធានការចំពោះឡានធំៗដឹកដីបង្កគ្រោះថ្នាក់ ហើយការសូមផ្ដល់សៀវភៅស្នាក់នៅក៏ត្រូវបានលើកឡើងនៅក្នុងវេទិកានេះផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង