ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្នុង​ដំណាក់កាល​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត គ​.​ជ​.​ប ទទួល​បណ្តឹង​១២៨ 

51

​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា (​គ​.​ជ​.​ប​) បាន​បញ្ជាក់​ថា បាន​ទទួល​បណ្តឹង​ជាង​១០០​បណ្តឹង នៅ​ក្នុង​ដំណាក់កាល​ការ​ដាក់​ការ​ទទួល និង​ការ​ដោះស្រាយ​ពាក្យបណ្តឹង នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០២០​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ គ​.​ជ​.​ប ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២៤ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​ឲ្យ​ដឹង​ថា ក្នុង​ដំណាក់់កាល​នៃ​ការ​ដាក់ ការ​ទទួល និង​ការ​ដោះស្រាយ​ពាក្យបណ្តឹង នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០២០ នៅ​ថ្នាក់​ក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ (​កប​ឃ​.​ស​) និង​នៅ​ថ្នាក់ គ​.​ជ​.​ប មាន​បណ្តឹង​សរុប​ចំនួន ១២៨ បណ្តឹង​។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន ស្តី​ពី​ការ​ដាក់ ការ​ទទួល និង​ការ​ដោះស្រាយ ពាក្យបណ្តឹង ក្នុង​ដំណាក់កាល​នៃ​ការ​ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត ឆ្នាំ​២០២០​បាន​បញ្ជាក់​ថា ក្នុង​ចំណោម ១២៨ បណ្តឹង មាន ១ បណ្តឹង បាន​ប្តឹង​បន្ត​ទៅ​ក្រុមប្រឹក្សាធម្មនុញ្ញ​។

ជា​រួម​ពាក្យបណ្តឹង​ទាំងអស់​ត្រូវ​បាន​ដោះស្រាយ​ដូច​ខាងក្រោម ៖ នៅ​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រុមប្រឹក្សាធម្មនុញ្ញ បាន​បើក​សវនាការ ហើយ​ជា​លទ្ធផល​បាន​លើកចោល​ពាក្យបណ្តឹង​។ សេចក្តីសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ គឺជា​សេចក្តីសម្រេច​ស្ថាពរ បិទផ្លូវ​តវ៉ា​។

គ​.​ជ​.​ប បាន​លើក​ឡើង​ថា បណ្តឹង​ទាំង ១២៨ មាន​បណ្តឹង​នៅ​ថ្នាក់ កប​ឃ​.​ស សរុប​ចំនួន ៥៦ បណ្តឹង ជា​បណ្តឹងសុំ​ឱ្យ​ផ្តន្ទាទោស​។ បណ្តឹង​ទាំងនោះ មក​ពី​គណបក្ស​សម្ព័ន្ធ ដើម្បី​ប្រជាធិប​តេយ្យ មាន​ចំនួន ៤៧ បណ្តឹង គណបក្ស​ប្រជាជន​កម្ពុជា មាន​ចំនួន ៥ បណ្តឹង និង​ក្រុម​ចុះ​ឈ្មោះ​បោះ​ឆ្នោត មាន​ចំនួន ៤ បណ្តឹង​។

លទ្ធផល​នៃ​ការ​ដោះស្រាយ​បណ្តឹង នៅ​ថ្នាក់​ឃុំ សង្កាត់ មាន​ដូច​ខាងក្រោម ៖ ផ្សះផ្សា សះជា (ភាគី​នៃ​បណ្តឹង​យល់ព្រម​ស្រុះស្រួល​គ្នា​) ចំនួន​២២ បណ្តឹង ផ្សះផ្សា​មិន​សះជា (​ភាគី​នៃ​បណ្តឹង​មិន​ព្រម​ស្រុះស្រួល​គ្នា​) ចំនួន​១០ បណ្តឹង ដើមបណ្តឹង​សុំ​ដក​ពាក្យបណ្តឹង​វិញ ចំនួន​៤ បណ្តឹង ធ្វើ​លិខិត​ជូនដំណឹង​បដិសេធ​ពាក្យបណ្តឹង ចំនួន​១៩ បណ្តឹង លើក​ពាក្យបណ្តឹង​ចោល​ដោយសារ​ដើមបណ្តឹង​មិន​ចូលរួម ចំនួន​១ បណ្តឹង​។

ចំពោះ​នៅ​ថ្នាក់ គ​.​ជ​.​ប មាន​បណ្តឹង​សរុប​ចំនួន ៧៥ បណ្តឹង ក្នុង​ចំណោម​បណ្តឹង​ទាំង ៧៥ នេះ មាន ៣ បណ្តឹង ជា​បណ្តឹង​ប្តឹង​បន្ត​មក​ពី កប​ឃ​.​ស ជា​បណ្តឹងសុំ​ឱ្យ​មានការ​ផ្តន្ទាទោស​។

ប្រភព​បាន​បន្ត​ថា លទ្ធផល​នៃ​ការ​ដោះស្រាយ​បណ្តឹង​នៅ​ថ្នាក់ គ​.​ជ​.​ប មាន​ដូច​ខាងក្រោម ៖

ធ្វើ​លិខិត​ជូនដំណឹង​បដិសេធ​ពាក្យបណ្តឹង ចំនួន​៦៨ បណ្តឹង
ធ្វើ​លិខិត​ជូនដំណឹង​ទៅ​ដើមបណ្តឹង និង​លិខិត​ក្រើនរំលឹក ចំនួន​៥ បណ្តឹង
ចារ​បដិសេធ ចំនួន​១ បណ្តឹង
សេចក្តីសម្រេច​បដិសេធ​ពាក្យបណ្តឹង ចំនួន​១ បណ្តឹង ។
គ​.​ជ​.​ប បាន​លើក​ឡើង​ថា ពាក្យបណ្តឹង​ភាគច្រើន​ពាក់ព័ន្ធ​ទៅ​នឹង ៖
-​ការ​ចេញ​ឯកសារ​បញ្ជាក់​អត្តសញ្ញាណ​បម្រើ​ឱ្យ​ការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​ខុស​នីតិវិធី​។

ការ​ចេញ​លិខិតបញ្ជាក់​ទីលំនៅ​របស់​អាជ្ញាធរ​ជូន​ប្រជាពលរដ្ឋ​ខុស​នីតិវិធី​។
ការ​ចោទប្រកាន់​មន្ត្រី​បោះ​ឆ្នោត និង កប​ឃ​.​ស ពាក់ព័ន្ធ​នឹង​ការ​ហាមឃាត់​ក្នុង​ការ​ថតរូប​បុគ្គល និង​ទិន្នន័យ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​៕

អត្ថបទដែលជាប់ទាក់ទង