ចាប់ខ្លួនជនជាតិចិនម្នាក់ ប្រើកន្ត្រៃចាក់កូនស្រីម្នាក់ស្លាប់
កណ្ដាល ៖ បុរសជាប្តីជាជនជាតិចិន បានប្រើកន្ត្រៃចាក់កូនស្រីម្នាក់អាយុ១ឆ្នាំ បណ្តាលឱ្យស្លាប់ ។
បន្ទាប់ពីហេតុការណ៍នេះបានកើតឡើង សមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលព្រែកឬស្សីបានធ្វើការឃាត់ខ្លួនជនសង្ស័យជាឪពុក ដែលកំពុងអង្គុយនៅក្នុងបន្ទប់ជួលលេខ១០១ នៃផ្ទះសំណាក់មង្គលក្នុងបទល្មើសព្រហ្មទណ្ឌជាក់ស្តែង កសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងខេត្តកណ្តាល។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មានថា មានករណីបុរសជនជាតិចិនម្នាក់ ចាក់សម្លាប់កូនស្រីខ្លួនឯងនៅក្នុងបន្ទប់ផ្ទះសំណាក់រួចមក លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងដោយផ្ទាល់ចុះទៅអន្តរាគមន៍ចាប់ខ្លួនជនសង្ស័យរូបនេះ តែដោយសារជនសង្ស័យចាក់ប្រហារខ្លួនឯងដែរនោះ ទើបសមត្ថកិច្ចនាំខ្លួនជនសង្ស័យទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ។
ករណីឃាតកម្មសម្លាប់កូនស្រីខ្លួនឯង ហើយចាក់សម្លាប់ខ្លួនឯងជាក្រោយ តែមិនស្លាប់នេះបានកើតឡើងកាលពី វេលម៉ោង១៩នឹង១០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ត្រង់ចំណុចបន្ទប់លេខ១០១ ផ្ទះសំណាក់យីហោមង្គល ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
មន្ត្រីនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា កុមារីរងគ្រោះឈ្មោះ ទ័រ ទ័រ អាយុ១ឆ្នាំជាង ជនជាតិខ្មែរ ស្នាក់នៅកន្លែងកើតហេតុ មានម្តាយជា ជនជាតិខ្មែរ មានឪពុក ជាជនជាតិចិន។ ជនសង្ស័យត្រូវជាឪពុកឈ្មោះ ភីន ភីន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិចិន ស្នាក់ នៅក្នុងភូមិ/សង្កាត់កើតហេតុ។
ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុ ម្តាយកុមារីរងគ្រោះឈ្មោះ ធុង ចាន់រៈ អាយុ៣០ឆ្នាំ បានរត់ចោលប្តី ជាជនជាតិចិន និងកូនស្រីតូចរបស់ខ្លួនដែលរស់នៅភូមិសង្កែរោង ឃុំរហាស់ ស្រុករវៀង ខេត្តព្រះវិហា ហើយបានមកជួលបន្ទប់លេខ១០១ ផ្ទះសំណាក់មង្គល ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ស្នាក់នៅអស់រយៈពេលជាង១ខែមកហើយ។ លុះបានប្រហែល១០ថ្ងៃមុនកើតហេតុ ជនសង្ស័យជាប្តីបានបីកូនស្រីតូចរបស់ខ្លួន តាមរកឃើញនៅផ្ទះសំណាក់ខាងលើ និងបានរស់នៅជាមួយគ្នារហូតមក ទើបនៅវេលាម៉ោង១៤និង០០នាទី ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ជនសង្ស័យ និងស្ត្រីជាប្រពន្ធបានឈ្លោះប្រកែកគ្នាជាថ្មីម្តងទៀត ធ្វើឲ្យស្ត្រីជាប្រពន្ធដាច់ចិត្តចុះចោលជនសង្ស័យជាថ្មីម្តងទៀត។
ប្រភពដដែលបានបន្តទៀតថា ការចុះចោលលើកនេះ ធ្វើឲ្យជនសង្ស័យកើតក្តីខឹងសម្បារ ក៏បានសម្រេចចិត្តចាក់សម្លាប់កូនស្រី និងចាក់ខ្លួនឯងជាក្រោយដោយកន្ត្រៃ ក្រោយពីមានហេតុការណ៍កើតឡើង លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល បានដឹកនាំកងកម្លាំងដោយផ្ទាល់ចុះទៅអន្តរាគមន៍ ចាប់ខ្លួនជនសង្ស័យ តែដោយសារជនសង្ស័យមានរបួសដែរ ទើបសមត្ថកិច្ចបញ្ជូនសង្ស័យទៅសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនះ រង់ចាំព្យាបាលរបួសរួច ទើបបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់៕