ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋសភា ប្រជុំពិភាក្សា​អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២១ និង​សេចក្តីព្រាងច្បាប់​៦​ទៀត​

63

 

​ភ្នំពេញ​៖ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានរដ្ឋសភា បាន​បន្ត​ដឹកនាំ​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៦ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ពិភាក្សា​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ និង​សេចក្តីព្រាងច្បាប់​ចំនួន​៦​ទៀត​។​

​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០២១ ត្រូវបាន​រៀបចំឡើង​នៅក្នុង​បរិការណ៍​ដែល​ជំងឺ​កូ​វីដ​១៩ ដ៏​កាច​សាហាវ បាន​នឹង​កំពុង​យាយី​សកលលោក ហើយ​នាំមក​នូវ​ផលប៉ះពាល់​អវិជ្ជមាន បញ្ហា​ប្រឈម និង​ហានិភ័យ​ជាច្រើន ដែល​មិន​ធ្លាប់មាន​ពីមុនមក​ចំពោះ​តំបន់ និង​សកលលោក​ទាំងមូល រួមទាំង​កម្ពុជា​ផង​។​

​ថវិកា​ឆ្នាំ​២០២១​គឺជា​ថវិកា​សម្រាប់​ប្រយុទ្ធ​ការពារ​អាយុជីវិត​ប្រជាជន រក្សា​លំនឹង​សង្គម សេដ្ឋកិច្ច និង​ជីវភាព​របស់​ប្រជាជន​ព្រម​ជាមួយនឹង​ការតម្រង់​ធនធាន​ឆ្ពោះទៅ​ស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​ឡើងវិញ នៅក្រោយពេល​ស្រាកស្រាន្ត​ពី​វិបត្តិ​ជំងឺ​កូ​វីដ​១៩ តាម​គន្លង​ប្រក្រតី​ថ្មី ដើម្បី​ធានា​សុខសន្តិភាព ស្ថិរភាព​សង្គម និង​ចីរភាព​នៃ​កំណើនសេដ្ឋកិច្ច ព្រមទាំង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​ជាមួយនឹង​ការបន្ត​លើកស្ទួយ​សុខុមាលភាព​របស់​ប្រជាជន​។​

​រដ្ឋសភា​គាំទ្រ​សេចក្តីព្រាងច្បាប់​ដ៏​សំខាន់​នេះ និង​សេចក្តីព្រាងច្បាប់​ដទៃទៀត ដែលមាន​សារៈសំខាន់​នៅក្នុង​វិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំង​ក្នុង​និង​ក្រៅប្រទេស​។ សូមជម្រាបថា​សេចក្តីព្រាងច្បាប់​៦ ទៀត​ដែល​រដ្ឋសភា​លើក​យកមក​ពិភាក្សា​នាពេលនេះ​មាន​៖
១-​សេចក្តីព្រាងច្បាប់ ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ​២០១៩​។​
២-​សេចក្តីព្រាងច្បាប់ ស្តីពី​មូល​ប​ត្រ​រដ្ឋ​។​
៣- សេចក្តីព្រាងច្បាប់​ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ​នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិនមែន​ធនាគារ​។​
៤- សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​កិច្ចព្រមព្រៀង អាស៊ាន​ស្តីពី​ការទទួលស្គាល់​ទៅវិញទៅមក​លើ​ការផ្តល់​អាជ្ញា​បណ្ណ​ក្រុម​អាកាសយានិក​។​
៥-​សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​៖
– ពិធីសារ​ទី​៣ ស្តីពី​សិទ្ធិ​សហការ​លើ​ជើងហោះហើរ​ក្នុងស្រុក ក្នុង​រង្វង់​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​ណាមួយ​
– ពិធីសារ​ទី​៤ ស្តីពី​សិទ្ធិ​ហោះហើរ​កូ​ធ័​រ​មីណ​ល​រវាង​អាកាសយានដ្ឋាន​នៅក្នុង​ទឹកដី​នៃ​ប្រទេស​ជា​សមាជិក​អាស៊ាន​។​
៦- សេចក្តីព្រាងច្បាប់ ស្តីពី​ការអនុម័ត​យល់ព្រម​លើ​ពិធីសារ​អនុវត្ត​កញ្ចប់​កិច្ចសន្យា​ទី​៩ និង​ទី​១០ នៃ​សេវាកម្ម​ដឹកជញ្ជូន​តាមផ្លូវ​អាកាស ក្រោម​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ​អាស៊ាន ស្តីពី​សេវាកម្ម​។​

អត្ថបទដែលជាប់ទាក់ទង