ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សហភាពអឺរ៉ុប ឈានដល់កិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុនផលិតឱសថអាមេរិក ម៉ូឌែណា សម្រាប់ផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា

79

សហភាពអឺរ៉ុបប្រកាសថា ខ្លួនបានឈានដល់កិច្ចព្រមព្រៀងមួយ ជាមួយក្រុមហ៊ុនផលិតឱសថអាមេរិក ម៉ូឌែណា (Moderna) សម្រាប់ផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងវីរុសកូរ៉ូណា (COVID-19) ហើយ ដែលមានចំនួនសរុប ១៦០លានដូស។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នៅរសៀលថ្ងៃពុធ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០។

កាលពីសប្តាហ៍មុនក្រុមហ៊ុនផលិតឱសថ Moderna នៃសហរដ្ឋអាមេរិក បានប្រកាសពីលទ្ធផលនៃការធ្វើតេស្តវ៉ាក់សាំង COVID-19 របស់ខ្លួននៅដំណាក់កាលទី ៣ ដែលជាដំណាក់កាលចុងក្រោយ ដោយក្នុងនោះក្រុមហ៊ុនបានអះអាងថា វាមានប្រសិទ្ធភាពរហូតដល់ «៩៤.៥%» ក្នុងការការពារមនុស្សពីការឆ្លងវីរុសកូរ៉ូណា (COVID-19) នេះ។

ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី យូស៊ូឡា វ៉ុន ដឺ ឡេយែន (Ursula von der Leyen) បានមានលើថា «ខ្ញុំមានសេចក្តីរីករាយយ៉ាងក្រៃលែងដែលថ្ងៃស្អែកនេះ យើងនឹងចុះព្រមព្រៀងលើកិច្ចសន្យាថ្មី ដើម្បីទទួលបានវ៉ាក់សាំង COVID-19 បន្ថែមទៀត»

កាលពីខែសីហាកន្លងទៅនេះ គណៈកម្មការប្រតិបត្តិរបស់សហភាពអឺរ៉ុប ដែលដឹកនាំកិច្ចពិភាក្សាជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង ក្នុងនាមជារដ្ឋសមាជិកបាននិយាយថា កិច្ចពិភាក្សាបឋមជាមួយ ក្រុមហ៊ុនផលិតឱសថអាមេរិក Moderna ត្រូវបានបញ្ចប់ ដោយមានគោលបំណងចុះកិច្ចសន្យា សម្រាប់ការផ្គត់ផ្គង់វ៉ាក់សាំង COVID-19 ចំនួន ៨០លានដូសរបស់ខ្លួន ជាមួយនឹងជម្រើសទិញបន្ថែមចំនួន ៨០លានដូសទៀត។ ដូច្នេះការបន្ថែម ៨០លានដូសទៀតនេះ នឹងធ្វើឲ្យសហភាពសម្រេចទិញវ៉ាក់សាំងពី Moderna ចំនួន ១៦០លានដូស។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងខាងលើនេះ គឺជាកិច្ចព្រមព្រៀងផ្គត់ផ្គង់ទី ៦ ហើយដែលសហភាពអឺរ៉ុបបានចរចា ជាមួយក្រុមហ៊ុនផលិតវ៉ាក់សាំង ដើម្បីទទួលបានវ៉ាក់សាំង COVID-19 ដែលមានប្រសិទ្ធភាព និងសុវត្ថភាពនេះ។ បច្ចុប្បន្នក្រុមហ៊ុនចំនួន ០៣ នៅលើពិភពលោក ក្នុងនោះមាន Pfizer-BioNtech, Moderna និង Astrazeneca សុទ្ធតែបានប្រកាសអំពីលទ្ធផលធ្វើតេស្ត អំពីប្រសិទ្ធភាពវ៉ាក់សាំងប្រឆាំង COVID-19 ក្នុងរង្វង់ ៩០% និងលើសពីនេះទៀត នៅក្នុងដំណាក់កាលចុងក្រោយ៕

អត្ថបទដែលជាប់ទាក់ទង