ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុង​ស្ទាវ​៩​នាក់​ព្រួត​វ៉ៃ​បុរស​ម្នាក់​ប្លន់​យក​ម៉ូតូ តែ​ជាប់អន្ទាក់​សមត្ថកិច្ច​ក្រ​បួ​ច​បាន​ទាំង​ហ្វូង

50

​កណ្តាល​៖ ក្រុម​ក្មេងៗ​៨​នាក់ ក្នុងចំណោម​គូកន​វា​៩​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ ករណី​ព្រួត​វាយ​បុរស​ខ្មែរឥស្លាម​ម្នាក់​ជា​គ្រូបង្ហាត់​កីឡា​សាច់ដុំ ប្លន់​យក​ម៉ូតូ តែ​មិនបាន​សម្រេច ។​
​ករណី​វាយ​ប្លន់​យក​ម៉ូតូ​នេះ កើតឡើង​កាលពី​ម៉ោង​ទៀបភ្លឺ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​ចំណុច​ផ្លូវជាតិ​លេខ​៤ ភូមិ​ទន្លាប់​ខ្ពស់​ត្បូង ឃុំ​ដំណាក់​អំពិល ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

​សមត្ថកិច្ច​បញ្ជាក់ថា ជនរងគ្រោះ​ឈ្មោះ អ៊ី សា ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម មុខរបរ​គ្រូ​បង្ហាត់កីឡា​សាច់ដុំ រស់នៅ​ភូមិ​ត្រពាំង​ព្រះ ឃុំ​កណ្ដោលដុំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ​។ ចំណែក​ជនសង្ស័យ​មាន​គ្នា​៩​នាក់​។​ក្នុងនោះ ឈ្មោះ កើត គឹម​អៀង អាយុ​២១​ឆ្នាំ បានគេច​ខ្លួន និង​ជា​មេក្លោង ហើយក៏​ជា​អ្នក​វាយ​លើ​ជនរងគ្រោះ ហើយ​ធ្លាប់​ជាប់ពន្ធនាគារ​ខេត្តកណ្ដាល ក្នុងករណី​ជួញដូរ​សារធាតុ​ញៀន ផងដែរ ។​
​សមត្ថកិច្ច​បន្តថា នៅ​មុនពេល​កើតហេតុ​ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ចេញពី​ក្លឹប​ហាត់ប្រាណ​យក​សាច់ដុំ​នៅ​រាជធានី​ភ្នំពេញ ឆ្ពោះទៅ​ផ្ទះ​នៅ​ខេត្តកំពង់ស្ពឺ ។ ពេល​ដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​បក្ខពួក​ជន​សង្ស័យ​មួយក្រុម​គ្នា​៩​នាក់ ជិះ​ម៉ូតូ​៣​គ្រឿង បានមក​វាយ​ជនរងគ្រោះ​ចំ​មួកសុវត្ថិភាព​ពាក់​នឹង​ក្បាល​បណ្ដាល​ឲ្យ​ដួល​នៅលើ​ផ្លូវជាតិ​។​ប្រភព​ដដែល​បន្តថា​ពេលនោះ​បក្ខពួក​ជនសង្ស័យ​កំពុង​សំឡុត​ជនរងគ្រោះ​យក​ម៉ូតូ ស្រាប់តែ​ឃើញ​មាន​សមត្ថកិច្ច​កំពុង​ល្បាត​មកដល់ ជនសង្ស័យ​ក៏​នាំគ្នា​ជិះ​ម៉ូតូរ​ត់ទៅ​ទិសខាងកើត​តាមផ្លូវ​ជាត់​លេខ​៤ ហើយ​សមត្ថកិច្ច​បាន​ដេញតាម និង​ពួនស្ទាក់​ទាក់ទង​គ្នា​តាម​វិទ្យុទាក់ទង ក៏បាន​ស្ទាក់​ឃាត់​ក្រុម​បក្ខពួក​ជនសង្ស័យ​បាន​៨​នាក់ តែម្ដង ។​

​យ៉ាងណាមិញ​តាម​ចម្លើយសារភាព​ជនសង្ស័យ​ឈ្មោះ ហេង រ៉ា​យុទ្ធ បាន​សារភាពថា ខ្លួន​និង​បក្ខពួក​បាននាំគ្នា​ចាំ​ធ្វើ​សកម្មភាព​ឆក់​នៅតាម​ផ្លូវជាតិ​លេខ​៤​។ លុះ​ដល់ពេល​កើតហេតុ​ទើប​ឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​មកពី​ទិសខាងកើត​ក៏​នាំគ្នា​ជិះ​ម៉ូតូ​ដេញ​ពីក្រោយ​ហើយ​បាន​វាយ​ជនរងគ្រោះ និង​គំរាម​យក​ម៉ូតូ​ប្រាកដ​មែន​៕​

អត្ថបទដែលជាប់ទាក់ទង